សេដ្ឋកិច្ច

មេដឹកនាំចិនធ្វើជាអធិបតីក្នុងការប្រជុំដ៏កម្រដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុ

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃអង្គារទី ៣១ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើជាគណអធិបតីនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយក្នុងសប្តាហ៍នេះដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុដែលអាចបង្កឲ្យមានហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិនខណៈដែលប្រទេសសេដ្ឋកិច្ចលំដាប់លេខ ២ របស់ពិភពលោកកំពុងខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្រោយពេលជំងឺរាតត្បាត។

កិច្ចប្រជុំដ៏សំខាន់នេះបើតាមធម្មតាគឺត្រូវធ្វើឡើងពីរដងក្នុងមួយទស្សវត្សរ៍ ចំណែកការកោះប្រជុំចុងក្រោយគឺក្នុងឆ្នាំ ២០១៧កិច្ចប្រជុំនេះផ្តល់នូវការយល់ដឹងអំពីទិសដៅនៃការបង្កើតគោលនយោបាយក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។

ទូរទស្សន៍ផ្លូវការ រដ្ឋចិន CCTV បានរាយការណ៏ថា កិច្ចប្រជុំដែលផ្តោតសំខាន់លើវិស័យហិរញ្ញវត្ថុជាតិក្នុងឆ្នាំនេះដើម្បីពង្រឹងការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថ ការពារ និងដោះស្រាយហានិភ័យ និងដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុឲ្យរឹងមាំ” ។

ទីក្រុងប៉េកាំងបានបង្ហាញពីការងើបឡើងវិញមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្រោយពេលជំងឺរាតត្បាត COVID-19 ដោយសារការចុះខ្សោយនូវតម្រូវការប្រើប្រាស់ក្នុងស្រុកនិងវិបត្តិអចលនទ្រព្យរួមទាំងដំណើរការយឺតយ៉ាវធ្វើឲ្យមានការប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រា ៤.៩ ភាគរយលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣ ប៉ុន្តែទីក្រុងប៉េកាំងនៅតែខិតខំតស៊ូបន្ថែមទៀតដើម្បីសម្រេចគោលដៅប្រចាំឆ្នាំដែលបានដាក់ចេញដល់ទៅ ៥ ភាគរយ។

កិច្ចប្រជុំហិរញ្ញវត្ថុរយៈពេលពីរថ្ងៃបានបញ្ចប់នៅក្នុងថ្ងៃតែមួយនៅចំពេលដែលសកម្មភាពនៅតាមរោងចក្រសហគ្រាសមានការធ្លាក់ចុះមកវិញគួឲ្យកត់សម្គាល់ ដោយសារការបញ្ជាទិញជាផ្លូវការបានដាំក្បាលចុះនៅក្នុងខែតុលានេះ។

កម្រឹតទិន្នផលរោងចក្រតាមការធ្វើសន្ទស្សន៍បានឈរនៅ ៤៩.៥ ភាគរយនៅក្នុងខែតុលាគឺក្រោម ៥០ភាគរយដែលបង្ហាញពីការធ្លាក់ចុះ។

ក្នុងចំណោមបញ្ហាប្រឈមដែលកំពុងតែកើតមាននាពេលនេះគឺវិស័យអចលនទ្រព្យដែលជាកត្តាស្នូលនៃកំណើនប៉ុន្តែថ្មីៗនេះវិស័យអចលនទ្រព្យរងការគំរាមកំហែងដោយបំណុលធ្ងន់ធ្ងររបស់ក្រុមហ៊ុនឈានមុខគេ Evergrande និង Country Garden ។

CCTV បានរាយការណ៏ថា នៅក្នុងកិច្ចប្រជុំក្រុមមន្ត្រីបានអំពាវនាវឲ្យបំពេញ “តម្រូវការហិរញ្ញប្បទានដ៏សមរម្យមួយសម្រាប់សហគ្រាសអចលនទ្រព្យដើម្បីកសាងគំរូថ្មីសម្រាប់ការអភិវឌ្ឍលើវិស័យអចលនទ្រព្យឡើងវិញ” ។

ក្រុងប៉េកាំងបាននិយាយកាលពីសប្តាហ៍មុនថាខ្លួននឹងចេញមូលបត្របំណុលអធិបតេយ្យមួយពាន់ពាន់លានយន់ស្មើនឹង ១៣៧ ពាន់លានដុល្លារ ដើម្បីជំរុញការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ដែលបានប្រកាសអំពីវិធានការដ៏ជាក់លាក់ដើម្បីកំណត់គោលដៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដើម្បីចាប់ផ្តើមស្តាសេដ្ឋកិច្ចឡើងវិញ៕

ប្រភព៖ AFP