សន្ដិសុខសង្គម

ឃាត់ខ្លួនអ្នកយកដំបងសំពងឈ្លូសមួយក្បាលរហូតងាប់ពេលរត់ចូលទៅក្នុងទឹកសមុទ្រ

ដោយ៖សហការី

កោះកុង៖ សមត្ថកិច្ចនគរបាលនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា បានឃាត់ខ្លួនយុវជនម្នាក់ដែលបានយកដំបងវាយសម្លាប់សត្វឈ្លូសមួយក្បាល ខណៈសត្វនោះវាបានរត់ចូលទៅក្នុងទឹកសមុទ្រនៅឆ្នេរកោះស្តេច ខេត្តកោះកុង។

អាជ្ញាធរខេត្តកោះកុង ក្រោយពីមានគេបង្ហោះរូបភាពតាមបណ្តាញសង្គមមានអ្នកសម្លាប់ឈ្លូសមួយក្បាលនោះបានប្រគល់ភារកិច្ចឲ្យអភិបាលរងខេត្តមួយរូបដឹកនាំកម្លាំងចុះស្រាវជ្រាវ។ជាមួយនោះ លោកជំទាវ អភិបាលខេត្តកោះកុងបាន ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តចំនួន ៤លានរៀល ដល់អ្នកដែលបានផ្តល់ដំណឹង ឈានទៅរកឃើញជន​ដៃដល់ ដែលវាយសម្លាប់ឈ្លូសមួយក្បាលដ៏គួរឲ្យរន្ធត់នោះ។

បន្ទាប់មកទំនងជាមិនអាចគេចរួច ក៏មានយុវជនម្នាក់ដែលជាអ្នកបានវាយសម្លាប់ឈ្លូសនោះ បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកោះកុងនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោកអភិបាលរង ខេត្តកោះកុងដែលដឹកនាំស្រាវជ្រាវករណីនេះបានឲ្យដឹងថា ដោយមានការឯកភាពពីព្រះរាជអាជ្ញា អាជ្ញាធរសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យនេះ ជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្រាវជ្រាវ​រកអ្នកពាក់ព័ន្ធបន្ថែម​។ ចំពោះវិធានការបែបណាលើជននេះ គឺរង់ចាំមន្ត្រី​ជំនាញ ធ្វើការសិន​។

លោកអភិបាលរងខេត្តកោះកុងដដែលនោះបាន បន្តថា ជនសង្ស័យនេះ មានឈ្មោះ តាន់ អ៊ូខុង ជាសន្តិសុខរបស់ក្រុមហ៊ុនឯកជនមួយ នៅជិតកន្លែងកើតហេតុ និងជាអ្នកមកពីខេត្តផ្សេងមិនមែនជាអ្នករស់នៅក្នុងទឹកដីខេត្តកោះកុងនោះទេ៕​