អន្តរជាតិ

រឿងចម្រូងចម្រាសពីអាយុឆ្កែវែងជាងគេបំផុនៅក្នុងលោកកំពុងតែបើកការស៊ើបអង្កេត

ប្រែសម្រួល៖សហការី

តាមកំណត់ត្រាពិភពលោក Guinness បានបង្កឲ្យមានការសង្ស័យលើអាយុរបស់សត្វឆ្កែ ឈ្មោះBobbi។ ក្រុមពេទ្យសត្វបានចោទជាសំណួរឡើងថាតើវាអាចទៅរួចដែរទេសម្រាប់ជីវសាស្រ្តរបស់សត្វឆ្កែដែលអាចរស់នៅដល់ទៅ ៣១ ឆ្នាំហើយបើធៀបនឹងមនុស្សគឺប្រហែលស្មើនឹងអាយុ២០០ឆ្នាំ។

សារព័ត៌មានសិង្ហបុរីបានរាយការណ៍ថា អ្នកកាន់កាប់កំណត់ត្រាពិភពលោក Guinness កំពុងធ្វើការពិនិត្យមើលថាតើឆ្កែ Bobi ដែលជាឆ្កែដ៏ចំណាស់ជាងគេបំផុតនៅលើពិភពលោក ពិតជាអាចរស់នៅបានដល់ទៅអាយុ ៣១ ឆ្នាំមែនដែឬទេព្រោះថាបើធៀបនឹងមនុស្សគឺស្មើនឹងអាយុ ២០០ ឆ្នាំ។

សារព័ត៌មាន The Guardian បាននិយាយថា ករណីនេះបានកើតឡើងនៅចំពេលដែលមានការសង្ស័យកាន់តែខ្លាំងឡើងចំពោះអាយុរបស់សត្វឆ្កែ  Bobi ដោយក្រុមពេទ្យសត្វបានដាក់ចេញជាសំណួរថាតើវាអាចទៅរួចដែរទេដែលជីវសាស្រ្តរបស់សត្វឆ្កែអាចរស់នៅបានយូរឬអត់នោះ ។

អ្នកនាំពាក្យរបស់ Guinness World Records បានប្រាប់អ្នកយកព័ត៌មានថា “យើងបានដឹងពីសំណួរជុំវិញរឿងអាយុរបស់ឆ្កែ Bobi ហើយយើងកំពុងពិនិត្យមើលលើករណីនេះ” ។

សត្វឆ្កែ Bobi ដែលមកពីអំបូ Rafeiro គឺជាពូជឆ្កែព័រទុយហ្គាល់ ដែលជាឆ្កែរបស់ឆ្មាំបសុសត្វហើយវាបានងាប់នៅថ្ងៃទី ២១ ខែតុលា ក្នុងអាយុ ៣១ ឆ្នាំ និង ១៦៥ ថ្ងៃ។ ពូជឆ្កែព័រទុយហ្គាល់នេះមានអាយុកាលជាមធ្យមចាប់ពី ១២ ទៅ ១៤ ឆ្នាំតែប៉ណ្ណោះ។

សារព័ត៌មាន The Guardian បានរាយការណ៍ថា Bobi បានចាប់កំណើតនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៩២ ក្រោយមកក៏បានចុះបញ្ជីនៅក្នុងឆ្នាំដដែលដោយក្រុមសេវាកម្មពេទ្យសត្វក្នុងទីក្រុង Leiria ដែលពួគេបានបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើតរបស់វា។

ទោះបីជាអាយុរបស់សត្វឆ្កែត្រូវបានចុះបញ្ជីដោយផ្អែកលើមូលដ្ឋានទិន្នន័យរបស់សត្វចិញ្ចឹមនៅក្នុងប្រទេសព័រទុយហ្គាល់ក៏ដោយ តាមធម្មតាគឺសំអាងទៅលើតែការបញ្ជាក់ផ្ទាល់ខ្លួនដែលធ្វើឡើងដោយម្ចាស់របស់សត្វឆ្កែនោះ នេះបើយោងតាមការបំភ្លឺរបស់ពេទ្យសត្វ។

ពួកគេបានគូសបញ្ជាក់បន្ថែមថា ការធ្វើតេស្តហ្សែនដែលពួកគេបានទទួលនោះគឺគ្រាន់តែជាការបញ្ជាក់ថាសត្វឆ្កែ Bobi ដែលមានវ័យចំណាស់តែប៉ណ្ណោះគឺមិនអាចបញ្ជាក់ប្រាប់ពីអាយុពិតប្រាកដឲ្យបានច្បាស់លាស់ទេ។

Danny Chambers ដែលជាពេទ្យសត្វ និងជាសមាជិកក្រុមប្រឹក្សានៃមហាវិទ្យាល័យ Royal College of Veterinary Surgeons បានប្រាប់ The Guardian ថា “មិនមានសហសេវិកពេទ្យសត្វរបស់ខ្ញុំណាម្នាក់គិតថា Bobi ពិតជាមានអាយុ ៣១ ឆ្នាំទេ” គឺគាត់និយាយសំដៅទៅលើទស្សនៈរបស់ក្រុមបសុពេទ្យដែលមានចំនួនដល់ទៅ ១៨,០០០ នាក់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់។

“អាយុសត្វឆ្កែដល់ទៅ ៣១ ឆ្នាំនេះគឺស្មើនឹងមនុស្សដែលមានអាយុលើសពី ២០០ ឆ្នាំ ហើយសម្រាប់សមត្ថភាពវេជ្ជសាស្រ្តបច្ចុប្បន្នគឺមិនអាចទទួលយកបានទាំងស្រុង” ។

លោកបានបន្ថែមថា៖ “ការទាមទារជាវិសាមញ្ញគឺតម្រូវឱ្យបង្ហាញនូវភស្តុតាងដ៏វិសាមញ្ញបំផុតមួយហើយជុំវិញករណីនេះនៅមិនទាន់មានភស្តុតាងជាក់លាក់ដែលត្រូវបានផ្តល់ឱ្យដើម្បីបញ្ជាក់ពីអាយុរបស់ឆ្កែនេះនៅឡើយទេ”។

នៅមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើការបង្ហោះតាមបណ្តាញអ៊ីនធឺណិតអំពីរូបភាពរបស់ឆ្កែ Bobi នៅក្នុងឆ្នាំ ១៩៩៩ ដែលក្នុងរូបភាពរបស់សត្វឆ្កែនោះឃើញថាមានក្រញាំពណ៌ផ្សេងគ្នាខុសពីសត្វឆ្កែដែលបានងាប់នៅប្រទេសព័រទុយហ្គាល់កាលពីដើមខែនេះ។

Chambers បាននិយាយថា “វិជ្ជាជីវៈរបស់យើងគឺផ្នែកវិទ្យាសាស្ត្រ ដូច្នេះសម្រាប់កំណត់ត្រាហ្គីណេស និង ដើម្បីរក្សាភាពជឿជាក់របស់ពួកគេនៅក្នុងក្រសែភ្នែករបស់អ្នកដែលមានវិជ្ជាជីវៈជាពេទ្យសត្វ ពួកគេពិតជាត្រូវការការបង្ហាញនូវភស្តុតាងដ៏វិសាមញ្ញបំផុតមួយដែលអាចទទួលយកបាន”។

នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ Guinness World Records បានប្រកាសថាសត្វឆ្កែ Bobi គឺជាឆ្កែដែលមានវ័យដ៏ចំណាស់ជាងគេបំផុតរបស់ពិភពលោកដែលអាចរស់នៅរហូតដល់វ័យដ៏ចំណាស់បំផុតគឺ៣១ឆ្នាំនិង១៦៥ថ្ងៃដែលមិនធ្លាប់មានពីមុនមក ៕

ប្រភព៖ CNA