កម្សាន្ដ

អង្គការមួយចុះឈ្វេងយល់ពីសក្តានុពលទេសចរណ៍ភ្នំជម្រកសត្វ

ដោយ:សុខុម
ស្ទឹងត្រែង:ក្រុមការងារបច្ចេកទេសអនុវត្តគម្រោងហូកា (Hoka) នៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានចូលរួមដំណើរទស្សនកិច្ចសិក្សាជាមួយ អង្គការ Swiss Contact ទៅកាន់សហគមន៍ អេកូទេសចរណ៍ភ្នំជម្រកសត្វក្នុងរយៈពេលពីរថ្ងៃមួយយប់ ពីថ្ងៃទី១៨និង១៩ខែតុលាឆ្នាំ២០២៣។


ក្នុងដំណើរទស្សនកិច្ចនេះ មានការផ្តល់កិត្តិយសចូលរួមពីសំណាក់ ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តនិង តំណាងអង្គការស្វីសខន់ថាក់។ ដំណើរទស្សនកិច្ចនេះមានគោលបំណងឈ្វេងយល់បន្ថែមអំពីតម្រូវការ ភាពខ្លាំង ភាពខ្សោយ និងបញ្ហាប្រឈមនានា នៃវគ្គបណ្ដុះបណ្ដាល ដែលបានអនុវត្តក្នុងគម្រោងហូកា តាមរយៈ មន្ទីរទេសចរណ៍ខេត្ត គាំទ្រពីកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP នៃអង្គការស្វីខនថាក់ ដើម្បីត្រៀមរៀបចំ កែលម្អសម្រាប់អនុវត្តក្នុងដំណាក់កាលបន្ទាប់។


ដើម្បីឲ្យដំណើរការទស្សនកិច្ចកាន់តែមានភាពរស់រវើក ក្រុមការងារក៏មានរៀបចំសកម្មភាព មួយចំនួនដូចជា÷
១. ការចែករំលែកពីបទពិសោធន៍ រវាងសហគមន៍ និង អង្គការដៃគូ។
២.ការឈ្វេងយល់ពីផលិតផលទេសចរណ៍ក្នុងសហគមន៍ ការបោះតង់ស្នាក់នៅ (មានការរៀបចំ ចម្រៀងចាបុីដងវែងក្នុងពេលរាត្រី និងដុតដំឡូងក្នុងភ្នក់ភ្លើង)
៣.ការរៀបចំម្ហូបអាហារដោយសហគមន៍។
៤.ការដាំដើមឈើអនុស្សាវរីយ៍ (ទេសចរម្នាក់ ដើមឈើមួយដើម)
៥.ធ្វើទស្សនកិច្ចជុំវិញតំបន់អេកូទេសចរណ៍ភ្នំជម្រកសត្វ ដូចជាការដើរទស្សនាជុំវិញស្ពានតឿ ចូលទស្សនាក្នុងរូងភ្នំ និងឡើងលើកំពូលភ្នំជាដើម៕