កម្សាន្ដ

ជួបអ្នកច្រៀងចាបុីដងវែងវ័យ៨៤ឆ្នាំ ប៉ុន្តែសំនៀងពីរោះដូចព្រឹទ្ធាចារ្យគង់ណៃកំពុងទាក់ទាញអារម្មណ៍ភ្ញៀវពេលទៅទស្សនាភ្នំជម្រកសត្វក្នុងខេត្តស្ទឹងត្រែង

ដោយ:សុខុម
ស្ទឹងត្រែង: ភ្ញៀវទេសចរជនបរទេសនិងខ្មែរទៅទស្សនានិងឈ្វេងយល់ពីសហគមន៍​ភ្នំជម្រកសត្វ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់​បានជួបការសម្ដែង​ដ៏ប៉ិនប្រសប់របស់លោកតាចាប៉ីដងវែងម្នាក់លាន់មាត់សរសើរគ្រប់គ្នាក្នុងពេលរាត្រីមួយស្នាក់នៅបោះតង់យប់សម្រាកដំណើរកម្សាន្ត។


លោក ទិត្យ សំហេន ហៅតាចាបុី សព្វថ្ងៃនេះមានវ័យ៨៤ឆ្នាំ​និងមានស្រុកកំណើត​មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ធ្លាប់មានប្រពន្ធចំនួន២នាក់។ប្រពន្ធទី ១មានកូន​ចំនួន១២នាក់តែប្រពន្ធគាត់បានស្លាប់នៅវ័យ៤០ឆ្នាំ។ចំណែកប្រពន្ធទី២សព្វថ្ងៃនេះ​មានកូនចំនួន១៣នាក់។


លោកតាចាប៉ីបានចាកចេញពីស្រុកមករស់នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងជាយូរឆ្នាំ​មកហើយ។


លោកបាននិយាយរៀបរាប់ថា​កាលពីធំដឹងក្តីធ្លាប់បានសិក្សាជំនាញខាងលេង​និងច្រៀងចាប៉ីនៅទសវត្សរ៍៦០។ចំពោះការហាត់រៀនមិនលំបាកទេសម្រាប់គាត់​ដោយសារតែមានដុងពីកំណើតនិងហាត់រៀនបន្តពីគ្រូបន្ថែមទៀតធ្វើឲ្យគាត់ចេះលេងចាប៉ីច្រៀងបានរហូតមកដល់សព្វថ្ងៃនេះ។


បច្ចុប្បន្នពុំសូវមានអ្នកស្គាល់លោកតាទិត្យសំហេនហៅតាចាប៉ីច្រើនទេ​ប៉ុន្តែការសំដែង​របស់គាត់ពិតជាល្អណាស់។ដោយសារគាត់ធ្លាប់ហាត់រៀនតាំងពីជំនាន់​លោកព្រឹទ្ធាចារ្យគង់ណៃមកម៉្លេះ។ហើយបច្ចុប្បន្នមករស់នៅក្បែរវត្តមួយក្នុងភូមិឆ្វាំង​ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។


លោកតាបានរៀបរាប់ថា បើទោះបីជាមានវ័យចំណាស់ក៏ពិតមែន​គាត់ក៏ធ្លាប់ទៅ​សម្ដែងនៅទីក្រុងភ្នំពេញផងដែរ។ប៉ុន្តែសម្រាប់អ្នកខេត្តស្ទឹងត្រែងភាគច្រើនពុំសូវ​បានស្គាល់គាត់ទេ។ពេលខ្លះគាត់ត្រូវបានគេអញ្ជើញឲ្យទៅច្រៀងចាប៉ី​ក្នុងពិធីផ្សេងៗដើម្បីបានចំណូលខ្លះសម្រាប់ដោះស្រាយជីវភាពក្នុងជីវិតចុងក្រោយ។

តបតាមការអញ្ជើញពីសហគមន៍ភ្នំជម្រកសត្វដើម្បីឲ្យគាត់សម្ដែងច្រៀងចាប៉ីដល់ជន​បរទេសនិងភ្ញៀវខ្មែរដែលបោះតង់នៅទីនោះឃើញថាការសម្ដែងច្រៀងទំនុករៀបរាប់ក្បោះក្បាយអត្ថន័យជ្រាលជ្រៅរៀបរាប់ពីសក្តានុពលសហគមន៍ទេសចរណ៍ភ្នំជម្រកសត្វបានយ៉ាងល្អ។នៅក្នុងពិធីជួបជុំនោះក៏មានការអបអរសាទរពីលោកញ៉ែម សារី អភិបាលរងខេត្ត។

លោកសន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ លោកអ៊ន់ ប៉ោសឿន​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែងនិងលោកអភិបាលរងស្រុកឃុំសហគមន៍ស្ងើចសរសើរ​និងការសំដែងច្រៀងរៀបរាប់ក្បោះក្បាយប្រកបដោយអត្ថន័យដ៏សែនពីរោះរបស់លោកតាចាប៉ី៕