កម្សាន្ដ

ភ្ញៀវទេសចរចាប់អារម្មណ៍នឹងស្ពានតឿ៥០០ម៉ែត្រក្នុងសហគមន៍ភ្នំជម្រកសត្វ

ដោយ:សុខុម
ស្ទឹងត្រែង:ភ្ញៀវទេសចរជាតិនិងអន្តរជាតិកំពុងតែចាប់អារម្មណ៍នឹងស្ពានឈើដែលខាង សហគមន៍បានសាងសង់ចូលទៅក្នុងព្រៃសហគមន៍ភ្នុំជម្រកសត្វ ឬអ្នកខ្លះហៅភ្នុំឈ្ងោក​មានចម្ងាយប្រមាណ៥០០ម៉ែត្រ។កន្លែងនោះអមទៅដោយទេសភាពបែប​ធម្មជាតិស្រស់បំព្រងលាយឡំនឹងសំឡេងសត្វយំដូចគេប្រគំតន្ត្រីដ៏សែនពីរោះ។


សហគមន៍អេកូទេសចរណ៍មួយនេះគឺស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់​មានចម្ងាយ៥០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងប៉ុណ្ណោះ។មុននឹងទៅដល់យើងគ្រាន់តែធ្វើ​ដំណើរតាមរថយន្តឬម៉ូតូឆ្លងកាត់ស្ពានមិត្តភាពកម្ពុជាចិន(ស្ពានមេគង្គ)តាមផ្លូវជាតិលេខ៩​ស្ទឹងត្រែងព្រះវិហារ។


លោក មុឹង​រដ្ឋា​ប្រធានសហគមន៍ភ្នំជម្រកសត្វបានរៀបរាប់ថា​តំបន់ទេសចរណ៍មួយនេះ​មានសក្តានុពលច្រើនខុសពីនៅមាត់សមុទ្រ ទើបធ្វើអោយភ្ញៀវចាប់អារម្មណ៍មកកម្សាន្ត​មិនលស់ថ្ងៃមិនថាជិតឬឆ្ងាយ។


លោករដ្ឋាបាននិយាយថា ភ្ញៀវទេសចរក្នុងខេត្តភាគច្រើនគឺជាយុវវ័យ។ពួកគេពេញចិត្ត​ថតរូបនិងឡើងទៅលើកំពូលភ្នំដើម្បីមើលទេសភាព។លើសពីនេះភ្ញៀវអន្តរជាតិក៏មាន​ផងដែរ។


ប្រធានសហគន៍បានបញ្ជាក់ថា ថ្ងៃបុណ្យទានបុណ្យជាតិភ្ញៀវមកទស្សនាភ្នំ​ជម្រកសត្វច្រើន​ណាស់​ហើយក្នុងនោះភ្ញៀវចូលចិត្តថតរូបស្ពានតឿ​ក្នុងព្រៃសហគមន៍ពីព្រោះមានទេសភាពស្អាតស្រស់បំព្រងនិងត្រជាក់នៅពេលយើងដើរហត់នឿយជាមួយការថតរូបបែបធម្មជាតិ។


លោកម៉ឹង​​ រដ្ឋា​ បាននិយាយទៀតថា ចំពោះសេវាកម្មម្ហូបអាហារគឺមានតម្លៃសមរម្យ។សហគមន៍មានម្ហូបបែបធម្មជាតិជាច្រើនមុខ។ក្រៅពីនេះក៏មានសេវាកម្មផ្សេងៗដូចជា​ការបោះតង់ ​ជិះកង់ ជិះគោយន្តកាត់ព្រៃ។ខាងសហគមន៍ក៏អាចជូនភ្ញៀវមើលល្អាង​ជាច្រើន​កន្លែងឬទៅមើលទេសភាពផ្សេងទៀតតាមចិត្តភ្ញៀវចង់ទៅ។


លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានជំរុញលើកទឹកចិត្តដល់​សហគមន៍ទទួលភ្ញៀវឲ្យបានល្អ។ជាពិសេសការសម្អាតអនាម័យជុំវិញបរិវេណ​ក្នុងសហគមន៍និងត្រូវចេះកែច្នៃម្ហូបអាហារឲ្យមានរសជាតិឆ្ងាញ់តម្លៃសមរម្យដើម្បីទាក់​ទាញភ្ញៀវ។


លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបាននិយាយទៀតថា តំបន់ទេសចរណ៍​ភ្នំជម្រកសត្វគឺជារមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិមួយដែលកំពុងទាក់ទាញភ្ញៀវខ្លាំងនៅជិតក្រុងស្ទឹងត្រែង។ហើយការធ្វើដំណើរទៅនោះមានផ្លូវចេញចូលមិនពិបាកទេ។ក្រៅពីនេះសហគមន៍មានសេវាកម្មបម្រើភ្ញៀវនិងការពារប្រកបដោយសុវត្ថិភាពទៀតផង៕