កម្សាន្ដ

ភ្ញៀវទេសចរមកលេងកម្សាន្តខេត្តត្បូងឃ្មុំរយៈពេលបីថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកើនឡើង១៣៨៣,៨ភាគរយ

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃឆ្នាំ២០២៣ នេះភ្ញៀវទេសចរបានមកលេង កម្សាន្តតាមបណ្តាតំបន់រមណីយដ្ឋាននានា សរុបប្រមាណជាង ៤៤ម៉ឺន នាក់ គឺចំនួននេះបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ បានកើតឡើងចំនួន ១៣៨៣,៨ ភាគរយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់មន្រ្តីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៦ តុលានេះ។


ប្រភពព័ត៌មាននោះបានបញ្ជាក់ថា ការកើនឡើងភ្ញៀវក្នុងឱកាសបុណ្យប្រពៃណីជាតិមួយនេះ ពីឆ្នាំ២០២២ មានចំនួនសរុប ២៩.៦៧៣ នាក់ មកដល់ឆ្នាំ២០២៣ មានចំនួនសរុប ៤៤០.៣០០ នាក់ ដោយសារ​រដ្ឋបាលខេត្តនេះបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំង​វេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញ ការតាំងបង្ហាញផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយ ការប្រគំតន្រ្តី ស្តង់ពិព័រណ៍ និងបាញ់កាំជ្រួចនៅមាត់ទន្លេសិប្បនិម្មិត។


ប្រភពនោះបានបន្តថា ជាមួយនោះមន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយផ្សព្វផ្សាយសារាចរណែនាំ​លេខ០០៧ សរណន ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍ស្តីអំពីការ​ពង្រឹង​គុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ,បានណែនាំឲ្យម្ចាស់អាជីវកម្ម​រក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន ,បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់​រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សំរាមក្នុងធុងសំរាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម៕