ព័ត៌មានជាតិ

វិស័យសាធារណៈ ឯកជន អង្គការសង្គមស៊ីវិល រួមគ្នារៀបចំទិវាសម្អាតបរិស្ថានពិភពលោកលើកទី៦

ដោយ:សិរីមតី
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រដ្ឋបាលរាជធានីភ្នំពេញសហភាពសហព័ន្ធយុវជន​កម្ពុជា អង្គកាសម្អាត ទន្លេ សមុទ្រ ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម និងដៃគូពាក់ព័ន្ធផ្សេងទៀត បានរួមគ្នារៀបចំទិវាសម្អាតបរិស្ថានពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមច្រាំងទន្លេសាបត្រើយម្ខាង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួម ប្រមាណ ជាង១ ០០០ នាក់។

សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបានប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨មក។ ទិវានេះ ត្រូវបានផ្តួចផ្តើមឡើងដោយ អង្គការ Let’s Do It World ហើយបច្ចុប្បន្នមាន ១៩៧ ប្រទេសដែលចូលរួមប្រារព្ធទិវានេះ ក្នុងគោល បំណងដោះស្រាយបញ្ហាការគ្រប់គ្រងកាក់សំណល់មិន បាន ត្រឹមត្រូវ និងបង្កើតបរិស្ថានពិភពលោកប្រកបដោយចីរភាព។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា «ការរៀបចំទិវាសម្អាតបរិស្ថានពិភពលោកនេះក៏ជាឱកាសមួយ​ក្នុងការផ្សព្វផ្សាយនិងដាស់តឿន ដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ច ការពារបរិស្ថានក៏ដូចជាបញ្ជ្រាបការយល់ដឹងជាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងសំរាម»។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ ក៏បានបញ្ជាក់អំពីមហិច្ឆតារបស់អង្គការថា អង្គការសម្អាតទន្លេសមុទ្រនឹង​សហការសម្អាតសំរាមចេញពីទន្លេ នៅរាជធានីភ្នំពេញឱ្យអស់នៅត្រឹមឆ្នាំ២០២៨។អង្គការក៏កំពុងនាំចូលទូកប្រមូលសំរាមនៅតាមទន្លេមួយគ្រឿងទៀត ដែលមានសមត្ថភាពប្រមូលសំរាមបន្ថែម ខណៈ បច្ចុប្បន្ន អង្គការមានទូកចំនួន១គ្រឿងកំពុងដំណើរការហើយស្រាប់ហើយក៏មាន​ក្រុមការងារស្ម័គ្រចិត្តចំនួន១០០នាក់បន្ថែមទៀត ដើម្បីប្រមូលសំរាមនៅ តាមច្រាំងទន្លេ ជារៀងរាល់ថ្ងៃ។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានសម្ដែងនូវក្ដីរីករាយ និងសាទរជាខ្លាំងដែលក្រុមហ៊ុន​បានក្លាយជាចំណែកមួយក្នុង ចលនានេះ។លោកបានថ្លែងថា «សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន និងសង្គម ស្របតាម គោលដៅចីរភាពរបស់ក្រុមហ៊ុន ‘អភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះនិងថ្ងៃស្អែក’។

លោកបានបន្តទៀតថា ចលនានេះ នឹងកាន់តែសំខាន់ៗទៅព្រោះជាការផ្តល់សារស្តែងចេញជាសកម្មភាពបំផុសស្មារតីអំពីការគ្រប់គ្រង​កាកសំណល់ប្រចាំថ្ងៃ ក៏ដូចជា ជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់ទុកដាក់សំរាមហើយក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់​រាជរ​ដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុង ការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព»។ លោកជឿជាក់ថាការចូល​រួមរបស់យើងទាំងអស់គ្នានឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននិងបង្កើតអនាគតរួមគ្នាដ៏ ប្រសើរសម្រាប់យើងទាំងអស់គ្នា។

លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនកាន់តែសកម្មក្នុងយុទ្ធ​នាការ «កម្ពុជាស្អាត កម្ពុជា បៃតង» របស់ក្រសួងទេសចរណ៍ ដែលជាសកម្មភាពដ៏សំខាន់មួយ ក្នុងការចូលរួមក្នុងយុទ្ធនាការទីក្រុងស្អាត ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជាទាក់ទាញភ្ញៀវ ទេសចរ ឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើន។

គួរជម្រាបថា នាឱកាសរៀបចំទិវាសម្អាតពិភពលោកលើកទី​ ៦ នេះ ក៏មានការដាំដើមឈើនៅសាលាបឋមសិក្សាជ្រោយចង្វារចំនួន ១០០ ដើម និងទិវាអំពើល្អ ដោយ មាន ការចែកសម្ភារៈប្រើប្រាស់ជូនប្រជា ពលរដ្ឋខ្វះខាត ក៏ដូចជាសកម្មភាពនានាដើម្បីបង្កើនការចូលរួមពីយុវជន ប្រជាពលរដ្ឋ កាន់តែច្រើន។ទិវាសម្អាតបរិស្ថាន ពិភពលោក បន្ទាប់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤ខាងមុខនេះ៕