ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមស្នើឱ្យភាគីពាក់ព័ន្ធចូលរួមបង្កើនគុណភាពនិងសមត្ថភាពសិស្ស

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងស្នើឱ្យ នៅដំណាក់កាលថ្មីនេះ ជំរុញបង្កើនគុណភាព និងសមត្ថភាពសិស្សតាមរយៈ អាណាព្យាបាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពួកគាត់ក្លាយជាសិស្សកម្រិត ស្តង់ដារអន្តរជាតិ។


លោកអភិបាលខេត្តបានថ្លែងទៀតថា៖ ស្តង់ដារថ្មី សម្រាប់សិស្សមុននឹងប្រឡងយក សញ្ញាបត្រទុតិយភូមិបេក្ខជនទាំងអស់ត្រូវឆ្លងកាត់ច្រើនដំណាក់កាល ដូចជាវាយតម្លៃ​លើពិន្ទុ ដល់កម្រិតត្រូវដាក់ពាក្យប្រឡងបានទេ? ឆ្លងកាត់ការប្រឡងផ្ទៃក្នុង។ ជាពិសេសឥឡូវនេះប្រព័ន្ធអប់រំកំពុងកែទម្រង់ របស់ក្រសួងអប់រំ យុវជន និងកីឡា គឺទំនាក់ទំនងជាមួយគ្រូ ដោយក្នុងមួយខែអញ្ជើញអាណាព្យាបាលមកជួបម្តង។


លោកបានបន្ថែមថា៖ កំណែទម្រង់របស់ក្រសួងអប់រំ គឺអ្នកចេះប្រឡងជាប់ និងល្បីឈ្មោះ អត់មានអំពើពុករលួយ និងកាត់ផ្តាច់វប្បធម៌អន្តរាគមន៍ ដោយឱ្យសិស្សខិតខំប្រឹងរៀន។ ពិសេសយើងឈានមួយជំហានទៀត ដើម្បីបង្កើនគុណភាព និងសមត្ថភាពរបស់សិស្ស ជំរុញវិធានការទំនាក់ទំនងអាណាព្យាបាលជាមួយនឹងសាលា គឺដំណាក់កាលថ្មីបង្កើន​គុណភាពសិស្ស ផ្តោតលើការអប់រំនៅមូលដ្ឋានឱ្យមានគុណភាព និងសមត្ថភាពខ្ពស់។


លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមស្នើឡើងបែបនេះ ក្នុងការដែលលោក​បានអញ្ជើញចូលរួមសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅក្នុងសាលាខេត្តនេះ កាលពីថ្ងៃទី ១៤ កញ្ញា៕