សន្ដិសុខសង្គម

បុរសម្នាក់ជិះម៉ូតូដឹកប្រពន្ធទៅធ្វើការទាក់ដៃចង្កូតម៉ូតូមួយទៀតដួលបោកក្បាលស្លាប់, ប្រពន្ធរបួសធ្ងន់

ដោយៈសុខុម
ភ្នំពេញ៖បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូឌុបប្រពន្ធចេញពីផ្ទះទៅធ្វើការហើយទាក់ ដៃចង្កូតជាមួយម៉ូតូផ្សេងទៀតបណ្តាលអោយដួលបោកក្បាលស្លាប់ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះ មួង ផុន អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែគូ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។មុនពេលកើតហេតុ
ប្តីប្រពន្ធមួយគូបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CC.8860 ឌុបប្រពន្ធឈ្មោះសុីវ ធីនី អាយុ៤០ឆ្នាំ។នៅពេលអ្នកទាំងពីរកំពុងតែធ្វើដំណើរ​តាមផ្លូវក្នុងល្បឿនលឿនក៏បានទាក់ដៃចង្កូតជាមួយម៉ូតូWave បើកបរដោយ​ស្ត្រីម្នាក់​ជិះតែម្នាក់ឯងឈ្មោះ ព្រំ ស៊ុនរី អាយុ៤២ ឆ្នាំ មានស្រុកកំណើតនៅភូមិរៃខាងជើង ឃុំក្រោលគោល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង​តាមបណ្ដោយផ្លូវព្រៃសពីលិចទៅកើត​ស្របគ្នាបណ្ដាលដួលទាំងអស់គ្នា ប៉ុន្តែបុរសអ្នកដឹកប្រពន្ធបានស្លាប់។ ស្ត្រីម្នាក់ដែល​ជិះម៉ូតូតែម្នាក់ឯង​រងរបួសស្រាល។


នៅក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕