សន្ដិសុខសង្គម

ចប់បាត់ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់ធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ

ដោយ:សុខុម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់ នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំឡើងវិញ ដោយមេប៉ុស្តិ៍រូបនេះធ្លាប់មានប្រព្រឹត្តបទឧក្រិដ្ឋ។


សម្តេចធិបតី បានបញ្ជាក់តាមតេឡេក្រាមនិងបណ្តាញសង្គមផ្លូវការពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញ បទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យស្រាវជ្រាវជាមួយឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ បើករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាម បណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ។

បណ្ដាញព័ត៌មានផ្សព្វផ្សាយច្រើនក្នុងស្រុកបានផ្សាយថា មេប៉ុស្តិ៍សំព្រោជនេះ មានឈ្មោះ ហុង សារ៉ុម ធ្លាប់មានប្រវត្តិមិនល្អ ជាប់ពាក់ព័ន្ធការប្លន់អ្នកលក់មាសទាំងកណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ដោយអស់គ្រឿងអលង្ការសរុបជាង១៥០តម្លឹង ម៉ូតូមួយគ្រឿង និងលុយកាក់មួយចំនួនធំ៕