សន្ដិសុខសង្គម

ក្រុមក្មេងប្រុស៥-៦នាក់នាំគ្នាចុះលេងទឹកបណ្តាលឱ្យលង់ស្លាប់ម្នាក់

ដោយ៖វិចិត្រ

បន្ទាយមានជ័យ៖ក្រុមក្មេងប្រុសៗចំនួន៥-៦នាក់បាននាំគ្នាចុះលេងទឹកអន្លង់បឹងខៀវខាងជើងភ្នំពង្រកងវ៉ា បណ្តាលឱ្យលង់ស្លាប់ម្នាក់។គ្រោះអកុសលនេះបានកើតឡើងស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា។

មន្ត្រីនគរបាលបានឱ្យដឹងថា មុនកើតហេតុក្មេងប្រុសៗចំនួន៥-៦នាក់បាននាំគ្នាទៅលេងទឹកអន្លង់បឹងខៀវចន្លោះជើងភ្នំព្រងកងវ៉ាន ត្រង់កន្លែងគេកាយយកអាចម៍ដីលក់មានរណ្តៅជម្រៅជិត៣ម៉ែត្រ បណ្តាលឱ្យលង់ទឹកស្លាប់ម្នាក់មានអាយុ១៣ឆ្នាំ។ពួកគេនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ប្រភពដដែលបានបន្តថា កំពុងតែលេងទឹកមានម្នាក់បានលង់ទឹកហើយក៏លិចបាត់។ពេលនោះមិត្តភក្តិស្រែកឱ្យអ្នកជិតខាងជួយ។ប៉ុន្តែនៅពេលមកជួយរុករករយៈពេលជិតមួយម៉ោងទើបរកឃើញក៏ស្រង់ឡើងគោក តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ក្រោយមកមន្ត្រីនគរបាលជំនាញបានរករថយន្តមន្ទីរពេទ្យដឹកយកទៅឱ្យក្រុមគ្រួសារធ្វើបុណ្យ៕