សេដ្ឋកិច្ច

មន្ត្រីជំនាញ និងម្ចាស់រោងម៉ាស៊ីនដាក់វិធានការទប់ស្កាត់ក្រោយតម្លៃស្រូវធ្លាក់ចុះនៅសប្តាហ៍នេះ

ដោយ៖សុខុម

បាត់ដំបង: អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង រួមជាមួយមន្ត្រីកសិកម្ម និងម្ចាស់រោង​ម៉ាស៊ីនធំៗ បានឯកភាពគ្នាដាក់ចេញនូវវិធានការទប់ស្កាត់បន្ទាន់មួយក្រោយតម្លៃស្រូវ​ធ្លាក់ទាប​ចាប់តាំងពីដើមសប្តាហ៍នេះមក។

លោកឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានប្រាប់​ឲ្យដឹង​នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះថា÷ ចាប់តាំងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកញ្ញាមកនេះក្រុមឈ្មួញមួយចំនួនបានឆ្លៀតឱកាសបង្អាប់បន្ទាបតម្លៃផលស្រូវរបស់បងប្អូនប្រជាកសិករជាបន្តបន្ទាប់ នាំឲ្យប្រជាកសិករក្នុងខេត្តបាត់ដំបង កើតមាននូវការ​ព្រួយបារម្ភ​យ៉ាងខ្លាំងចំពេលដែលដំណាំស្រូវរបស់ពួកគាត់ចាប់ផ្តើមប្រមូលផល​បណ្តើរៗដើម្បីលក់។

ក្រោយពីកើតឡើងនូវបញ្ហាតម្លៃស្រូវធ្លាក់ទាបនេះ រូបលោក ជាមួយឯកឧត្តម ភួ ពុយ អ្នក តំណាងរាស្ត្រមណ្ឌល បាត់ដំបង បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ រវាងសមាជិក និងម្ចាស់រោងចក្រកែច្នៃស្រូវអង្ករធំៗ ក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ដើម្បីស្វែងរក យន្តការដោះស្រាយបញ្ហាស្រូវស្រាលដេីមរដូវធ្លាក់ថ្លៃនេះ។

មន្ត្រីជំនាញខាងលើបានបន្តថា÷ ជាលទ្ធផលក្រោយជំនួបពិគ្រោះយោបល់គ្នា​មន្ត្រីពាក់ព័ន្ធទាំងអស់បានដាក់ចេញនូវវិធានការទប់ស្កាត់មួយចំនួនរួមមាន: ស្នេីអោយក្រុមហ៊ុនកែច្នៃស្រូវអង្ករខាងលេីទាំងអស់ចូលរួម និងជួយប្រមូលទិញ​ស្រូវពីកសិករ ឲ្យទាន់ពេលវេលា ហើយក៏ផ្អែកតាមគុណភាពស្រូវផងដែរដោយស្រូវ​ស្រង៉ែត្រូវប្រមូលទិញពីកសិករចាប់ពី តម្លៃ ១.១៥០.០០០រៀលឡេីងទៅក្នុងមួយតោន, ស្រូវសែនក្រអូប ប្រមូលទិញចាប់ពី ១.២៤៥.០០០រៀល ឡេីងទៅក្នុងមួយតោន ខណ:ផលស្រូវចុងក្រោយនេះបានធ្លាក់ទាបបន្តិចក្នុងតម្លៃ៩០០.០០០រៀលនៅក្នុង​មួយតោនៗ, ត្រូវតាមដានភ្នាក់ងារ ឬម៉ូយដែលប្រមូលផ្គត់ផ្គង់អោយរោងម៉ាស៊ីនរបស់ខ្លួន ចៀសវាងកុំអោយមានការទិញតម្លៃក្រោមពីការកំណត់ដែលបានដាក់ចេញជាវិធានការ​ទប់ស្កាត់ ពិសេសត្រូវរួមគ្នាទប់ស្កាត់ចំពោះឈ្មួញខិលខូចមួយចំនួន ដែលឆ្លៀតឱកាស បង្អាប់តម្លៃស្រូវរបស់កសិករ ក្រោមហេតុផលផ្សេងៗ និងចង់កេងចំណេញច្រើន​ជាដើម…៕