ព័ត៌មានជាតិ

ជិត៣០ឆ្នាំ ជប៉ុនផ្តល់ជំនួយមនុស្សធម៌លើវិស័យមីនដល់កម្ពុជា ជាង២០០លានដុល្លារ

​ដោយៈ​សិរីមតី

​ភ្នំពេញ​៖ពាក់ព័ន្ធ​នឹង​ការងារ​សកម្មភាព​មីន​មនុស្សធម៌ ប្រទេស​ជប៉ុន បាន​ចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៤​គិត​ជា​ទឹកប្រាក់​ជាង ២០០ លាន​ដុល្លារ​អាមេរិក ។ បន្ថែមពីលើនេះទៀត ជប៉ុនទើបនឹងផ្តល់ជំនួយសម្ភារសម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​សកម្មភាព​មីន​នៅកម្ពុជា។

ក្នុងនាម​ជាស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ទទួល​ជំនួយ​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ក្រោម​“​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​” សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ដែល​សម្ភារ​ទាំងនេះ​ប្រគល់ជូន​ដោយ លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​មីន​នា​រសៀល​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន រួមមាន​៖ រថយន្ត​(Pickup) ២៣​គ្រឿង​, ម៉ូតូ ៣៧ គ្រឿង​, ឧបករណ៍ GPS ៥៤​គ្រឿង​, ឧបករណ៍​ការពារ​សុវត្ថិភាព ៣០​ឈុត​, ម៉ាស៊ីនរាវមីន ៣០​គ្រឿង​, កុំព្យូទ័រ​យួរដៃ ៧៥​គ្រឿង​, គ្រឿង​បន្លាស់​រថយន្ត ២៣​គ្រឿង និង​គ្រឿងបន្លាស់​ម៉ូតូ ៣៧​គ្រឿង​។

​ក្នុងឱកាស​ទទួល​នូវ​ជំនួយឥតសំណង​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណង​ការទូត​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​ជប៉ុន រយៈពេល ៧០​ឆ្នាំនេះ គឺ​ចាប់ពី​ឆ្នាំ​១៩៥៣ ដែល​ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ដោយ​ផ្អែកលើ​ការគោរព​គ្នា​ទៅវិញទៅមក និង​មានតម្លៃ​រួមគ្នា​។ ជាមួយគ្នា​នោះ ប្រទេស​ជប៉ុន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព កំណើន​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា លើ​វិស័យ​ជាច្រើន​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទេសចរណ៍ ការអប់រំ ការអភិរក្ស​និង​ជួសជុល​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ក៏ដូចជា​សកម្មភាព​មីន​មនុស្សធម៌ ជាដើម​។​ជាងនេះទៅទៀតប្រទេស​ជប៉ុន បាន​ចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៤​គិត​ជា​ទឹកប្រាក់​ជាង ២០០ លាន​ដុល្លារ​អាមេរិក បន្ថែម​ពីលើ​គ្រឿង​បរិក្ខា​នា​ថ្ងៃនេះ​ទៀត​លោក​ទេសរដ្ឋមន្ត្រី បាន​ចាត់ទុកថា ប្រទេស​ជប៉ុន​គឺជា​ដៃគូ​យូរអង្វែង និង​រឹងមាំ​មួយ​ក្នុងការ​សម្រេចបាន​នូវ​សមិទ្ធិផល​សកម្មភាព​មីន​រយៈពេល​ជាង​៣០​ឆ្នាំនេះ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បាន​មានប្រសាសន៍ថា​៖ វិភាគទាន​របស់​ជប៉ុន ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ប្រទេស​ម្ចាស់ជំនួយ ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ​ដោះមីន និង​អ្នកពាក់ព័ន្ធ​ដទៃទៀត គឹ​ធានាបាន​នូវ​ដី​ប្រកប​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក៏ដូចជា​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដទៃទៀត​​។​

​ក្នុងនាម​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ចំពោះ​ការចូលរួម​គាំទ្រ​ប្រកបដោយ​ទឹកចិត្ត​សប្បុរស​នេះ ព្រមទាំង​ជឿជាក់ថា ជំនួយ​ជា​គ្រឿង​បរិក្ខារ​នា​ថ្ងៃនេះ នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​របស់​អាជ្ញាធ​រ​មីន ក្នុងការ​វាយតម្លៃ​នៅ​ទីវាល ការសិក្សា​ស្រាវជ្រាវ ការគ្រប់គ្រង​គុណភាព ការអប់រំ​ហានិភ័យ និង​ភាពជា​អ្នកដឹកនាំ​នៃ​វិស័យ​សកម្មភាព​មីន​ក៏ដូចជា​ជួយ​ជំរុញឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បន្ត​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ប្រទេស​កម្ពុជា​ដែល​គ្មាន​មីន​។​

​លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ទទួលបាន​នៃ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ដោយ​ទទួលបាន​ផ្ទៃដី​ធំជាងគេ​ក្រោយ​បញ្ចប់សង្គ្រាម​។ ការសម្រេចបាន​របស់​កម្ពុជា ក៏មាន​ការរួមចំណែក​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ហើយ​ជប៉ុន​សង្ឃឹមថា គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​នៅ​សេសសល់ នឹងត្រូវ​រំដោះ​ចេញពី​ទឹកដី​កម្ពុជា​ហើយ​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​នូវ​សុវត្ថិភាព​។

លោក​បាន​បន្តទៀតថា ក្រៅពី​ជួយ​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​ជប៉ុន​ក៏បាន​ចូលរួម​ជួយ​ដល់​កម្ពុជា​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងនោះ​ថ្មីៗ​នេះ បាន​ចូលរួម​ដល់​ការបណ្តុះបណ្តាល​អ្នកជំនាញ​ការ​មកពី​ប្រទេស​អ៊ុយ​ក្រែ​ន ផងដែរ​៕​