សន្ដិសុខសង្គម

មុជបិទទូកជ្រាបទឹក ដាច់ខ្យល់អុកស៊ីសែ្សន បណ្តាលឱ្យលង់ស្លាប់

ដោយ៖វិចិត្រ
កោះកុង៖បុរសម្នាក់បានមុជបិទទូកជ្រាបទឹកក្នុងសមុទ្រ ក៏ដាច់ខ្យល់អុកស៊ីសែ្សនបណ្តាលឱ្យលង់ស្លាប់ មិនអាចជួយសង្គ្រោះទាន់។ហេតុការណ៍នេះបានកើតឡើង នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០២៣។

មន្ត្រីនគរបាលខេត្តកោះកុងបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ គ្រុយ ប៊ុនឃឿន ហៅតាក់ អាយុ ៤៤ឆ្នាំ ជនជាតិថៃ ជាកម្មករយាមទូក ស្នាក់នៅលើទូកភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

មុនកើតហេតុជនរងគ្រោះបានពាក់ទុយោខ្យល់អុកស៊ីសែ្សនមុជចុះបិទទូកក្នុងសមុទ្រ ខណៈទូកនោះបាន​ជ្រាបទឹក។មួយសន្ទុះក្រោយមកស្រាប់តែដាច់ខ្យល់អុកស៊ីសែ្សន បណ្ដាលឱ្យលង់ទឹកស្លាប់តែម្តង។

បន្ទាប់ពីទទួលព័ត៌មានថាមានមនុស្សស្លាប់រួចមក កម្លាំងនគរបាលស្រុក-នគរបាលព្រហ្មទណ្ឌបច្ចេកទេស និងគ្រូពេទ្យខេត្តកោះកុងបានសហការចុះពិនិត្យសាកសពនិងធ្វើកោសលវិច័យ។ក្រុមជំនាញបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយក៏បានប្រគល់សពឱ្យអាជ្ញាធរមូលដ្ឋាន​ឃុំបាក់ខ្លង យកទៅធ្វើបុណ្យ៕