សន្ដិសុខសង្គម

នាំខ្លួនចិនតៃវ៉ាន់ម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនជិត៨គីឡូទៅតុលាការ

ដោយ៖វិចិត្រ
ភ្នំពេញ៖កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន កាលពីរសៀលថ្ងៃទី២០ ខែសីហា បានបញ្ជូនឧក្រិដ្ឋជន ជាតិចិនតៃវ៉ាន់ម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាមួយវត្ថុតាងជិត៨គីឡូក្រាម។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៣ ផ្នែកជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ក៣ ជាមួយនគរបាលរាជធានីភ្នំពេញ បានសហការចុះស្រាវជ្រាវនិងបង្ក្រាបករណីគ្រឿងញៀន។ក្នុងប្រតិបត្តិការបានធ្វើឡើងនៅផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដោយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ជាមួយវត្ថុតាង។

ពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ្សាវ ឈីមីង ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កម្លាំងបានដកហូតគ្រឿងញៀនប្រភេទ កេតាមីនចំនួន៨ដុំធំទម្ងន់៧,៩៤៤ក្រាមនិងទូរសព្ទមួយគ្រឿង។ក្រោយពីឃាត់ខ្លូននិងសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យជាមួយវត្ថុតាង ទៅតុលាការភ្នំពេញដើម្បីចាត់ការតាមច្បាប់៕