សន្ដិសុខសង្គម

អគ្គិភ័យបានឆាបឆេះរោងចក្រកែច្នៃរោមសត្វនិងស្បែកសត្វជនជាតិចិនមួយកន្លែង

ដោយៈសុខុម
ភ្នំពេញ ៖ រោងចក្រកែច្នៃរោមសត្វនិងស្បែកសត្វជនជាតិចិនមួយកន្លែងនៅជាប់ផ្លូវបេតុង ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីយប់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៣។


សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រោងចក្រឈ្មោះ ZHAO MEIQING ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរជាប្រធានរោងចក្រស៊ីភែល។រោងចក្រមួយនេះ ជាប្រភេទសំណង់ជញ្ជាំងស័ង្កសី ប្រក់ដំបូលស័ង្កសី(ទំហំ8mX25m)។


សមត្ថកិច្ចបានឱ្យដឹងទៀតថា គ្រោះអគ្គិភ័យខាងលើនេះសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើង។ សមត្ថកិច្ចប្រើ ប្រាស់រថយន្ដពន្លត់អគ្គិភ័យមានចំនួន១៤គ្រឿង ក្នុងនោះមានក្រុមរថយន្តពន្លត់ អគ្គិភ័យ៧១១ (កងពលតូចលេខ៧០)ចំនួន០៣គ្រឿង ក្រុមរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០៧គ្រឿង និងក្រុមរថយន្ដពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ០៤គ្រឿង ខណៈពន្លត់ចប់នៅម៉ោង១១ និង៣០នាទីថ្ងៃខែឆ្នាំដដែល។មកដល់ពេលនេះគេមិនទាន់ដឹងពីទំហំនៃការខាត់បង់នៅឡើយទេ៕