បច្ចេកវិទ្យា

អង្គការ NASA រកឃើញថាភពអង្គារកំពុងវិលលឿនជាងមុន

ប្រែសម្រួល៖សហការី

យោងតាមទិន្នន័យស្រាវជ្រាវដោយយាន InSight របស់អង្គការ NASA ដែលបានស្រាវជ្រាវនៅលើភពក្រហមមួយនេះ។

យាន InSight ដែលឥឡូវនេះត្រូវបានដាក់ឲ្យចូលនិវត្តន៍ វាមានបំពាក់នូវឧបករណ៍សម្រាប់តាមដាននិងស្រាវជ្រាវជាច្រើន រួមទាំងអង់តែន និងឧបករណ៍បញ្ជូនវិទ្យុដែលហៅថា RISE សម្រាប់ការអង្កេតសាកល្បងលើដំណើរគោចររបស់ភពអង្គារ ដូចជាការវិលជុំ និងរចនាសម្ព័ន្ធផ្នែកខាងក្នុងរបស់ភពក្រហមមួយនេះ។ ឧបករណ៍​នេះ​ត្រូវ​បាន​គេដំឡើងដាក់ឲ្យ​ប្រើប្រាស់​សម្រាប់​តាមដាន​ការ​វិលជុំ​របស់​ភព​អង្គារនៅ​ក្នុង​អំឡុង​ពេល ៩០០ ថ្ងៃ​ដំបូង​នៃ​បេសកកម្មរបស់អង្គការ NASA ​នៅ​លើ​ភពអង្គារ​។

អ្នកតារាវិទូបានកំណត់ថា ការវិលរបស់ភពអង្គារ​កំពុងកើនឡើងប្រហែល ៤ មិល្លីវិនាទីក្នុងមួយឆ្នាំ ឬកាត់បន្ថយរយៈពេលនៃថ្ងៃនៅភពអង្គារយោងតាមប្រភាគនៃមីលីវិនាទីនៅក្នុងមួយឆ្នាំ។ ថ្ងៃនៅភពអង្គារមានរយៈពេលប្រហែល ៤០ នាទីយូរជាងមួយថ្ងៃនៅលើផែនដីយើង។

ការកើនឡើង​នៃ​ការ​បង្កើន​ល្បឿនវិលជុំរបស់​ភពអង្គារហាក់ដូចជា​​មិន​គួរឲ្យ​ជឿក្រុម​អ្នកស្រាវជ្រាវ​នៅមិន​ទាន់ដឹងច្បាស់​ថា​តើមកពីមូលហេតុ​អ្វី​​នោះទេ។ ក្រុម​អ្នកស្រាវជ្រាវណែនាំថា វាអាចបណ្តាលមកពីកំណកទឹកកកនៅប៉ូល Martian ឬការកើនឡើងនៃទំហំផ្ទៃដីរបស់​ភពអង្គារ បន្ទាប់ពីត្រូវបានគ្រប

ដណ្តប់ដោយទឹកកក។ នៅពេលដែលម៉ាស់របស់ភពមួយផ្លាស់ប្តូរតាមរបៀបនេះ វាអាចបណ្តាលឲ្យមានការវិលជុំរបស់វាមានល្បឿនលឿនជាងមុន។

របកគំហើញនេះ ផ្អែកលើការវិភាគនៃទិន្នន័យរបស់យាន InSight ដែលបានផ្តល់ព័ត៌មាន មុនពេលបញ្ចប់បេសកកម្ម និងដាក់យាននេះឲ្យចូលនិវត្តន៍ដោយសារអស់ថាមពល វាត្រូវបានកត់ត្រានៅក្នុងសេចក្តីរាយការណ៍អំពីការសិក្សាមួយកាលពីខែមិថុនា ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature។

បេសកកម្មរបស់យាន InSight គឺជាបេសកកម្មដំបូងគេបង្អស់សម្រាប់ចុះសិក្សាផ្នែកខាងក្នុងនៃភពព្រះអង្គារ ដោយសន្មត់រយៈពេលប្រហែល ២ ឆ្នាំបន្ទាប់ពីវាបានចុះចតកាលពីខែខែវិច្ឆិកា ឆ្នាំ ២០១៨។ ប៉ុន្តែអង្គការ NASA បានបន្តបេសកកម្មពីរឆ្នាំបន្ថែមទៀត។

បេសកកម្មរបស់យាន InSight បានបន្តស្រាវជ្រាវនិងប្រមូលទិន្នន័យអំពីភពព្រះអង្គារ រហូតដល់ទីបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ក្រោយពីមានកំទេចធូលីជាច្រើនកកនៅលើបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់វាដែលររាំងវាពីការស្រូបពន្លឺព្រះអាទិត្យ។

យាន InSight មានបច្ចេកវិទ្យាជឿនលឿនផ្នែកវិទ្យុបញ្ជូនទិន្នន័យដែលជាការកែលម្អយ៉ាងធំធេងលើស យាន Viking ដែលបានចុះចត នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង Pathfinder ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ ការសិក្សាស្រាវជ្រាវនឹងរុករកទៅកាន់ Deep Space Network ដោយប្រើប្រាស់អង់តែនដ៏ធំដាក់នៅចំណុចយុទ្ធសាស្ត្រចំនួនបីនៅលើផ្ទៃដី​របស់ភព​អង្គារបានបញ្ជូនព័ត៌មានពីបេសកកម្មក្នុងលំហហើយក៏ជួយធ្វើឲ្យមានសុក្រិតភាពលើការដកស្រង់ទិន្នន័យដែលប្រតិបត្តិការដោយយាន InSight និងបញ្ជូនមកត្រឡប់កាន់ផែនដីយើងវិញ។

ក្រុមអ្នកវិទ្យាសាស្ត្របានប្រើបណ្តាញ Deep Space ដើម្បីបញ្ជូនសញ្ញាទៅកាន់ RISE ដែលស្ថិតនៅលើយាន InSight ហើយបន្ទាប់មកក៏បានបញ្ចេញសញ្ញាត្រឡប់មកកាន់ផែនយើងដីវិញ។ សញ្ញាបញ្ជូនបន្តបន្ទាប់ទាំងនេះបានជួយអ្នកស្រាវជ្រាវអាចធ្វើការតាមដាននូវការផ្លាស់ប្តូរប្រេកង់តូចៗដែលបណ្តាលមកពីការផ្លាស់ប្តូរ Doppler ដែលបញ្ចេញជាសំឡេងផ្លាស់ប្តូរគ្នានៅក្នុងកម្រិតមួយដែលអាស្រ័យទៅលើរយះចម្ងាយរបស់វា។ ការផ្លាស់ប្តូរប្រេកង់ទាក់ទងទៅនឹងការវិលជុំរបស់ភពអង្គារ។

លោក Sebastien Le Maistre អ្នកអង្កេតដ៏សំខាន់របស់ RISE នៅឯ Royal Observatory នៃប្រទេសបែលហ្សិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្វីដែលយើងកំពុងស្វែងរកគឺការប្រែប្រួលដែលមានទំហំត្រឹមតែពីរបីសង់ទីម៉ែត្រប៉ុណ្ណោះសម្រាប់ Martian”ហើយយើង “ត្រូវការពេលវេលាយូរដើម្បីប្រមូលទិន្នន័យជាច្រើនឲ្យបានជុំគ្នា មុនពេលដែលយើងអាចមើលឃើញការប្រែប្រួលទាំងស្រុងរបស់វា”

ការវាស់កំរឹតវិលជុំរបស់ភពព្រះអង្គារ

ការ​ស្រាវជ្រាវ​ពីមុន​អាច​ធ្វើ​ទៅ​បាន​ដោយយោងទៅតាម​ការ​រក​ឃើញ​តែ​មួយ​គត់​របស់​បេសកកម្ម​ផ្នែក​ខាងក្នុងនៃ​ភពអង្គារ​​ដោយមានការ​បញ្ជាក់​ថា​ភព​អង្គារ​មាន​ស្នូល​ដែក​រាវ។ បន្ទាប់មកក្រុមអ្នកស្រាវជ្រាវបានប្រើ RISE ដើម្បីវាស់ស្ទង់ការវិលរបស់ភពព្រះអង្គារ ខណៈដែលស្នូលបានរអិលជុំវិញផ្ទៃខាងក្នុងវា។

ការតាមដានការវិលជុំរបស់ភពព្រះអង្គារ ឬ nutation បានផ្តល់ឧកាសឲ្យក្រុមអ្នកស្រាវជ្រាវអាចវាស់ទំហំនៃស្នូលភពព្រះអង្គារ ។

យោងតាមទិន្នន័យ RISE បានបង្ហាញថា ស្នូលរបស់វាមានកាំប្រហែល ១,១៤០ ម៉ាយ ស្មើនិហ ១,៨៣៥ គីឡូម៉ែត្រ។

តួលេខថ្មីនេះត្រូវបានប្រៀបធៀបជាមួយនឹងការប៉ាន់ប្រមាណពីមុននៃកាំរបស់ស្នូលវាដែលត្រូវបានដកស្រង់ទិន្នន័យដោយការតាមដានរលករញ្ជួយនៅពេលវាធ្វើដំណើរឆ្លងកាត់ផ្នែកខាងក្នុងរបស់ភពអង្គារ។

ដោយរួមបញ្ចូលគ្នានូវការវាស់វែងទាំងនេះ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាស្នូលរបស់ភពអង្គារមានកាំចន្លោះពី ១,១១២ ទៅ ១,១៥០ ម៉ាយ ស្មើនិង ១,៧៩០ និង ១,៨៥០ គីឡូម៉ែត្រ។

ទោះបីជាយាន InSight លែងដំណើរការក៏ដោយ ក៏បរិមាណទិន្នន័យដែលប្រមូលបានក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះនៅលើផ្ទៃដីនៃភពអង្គារបានផ្លាស់ប្តូររបៀបដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រយល់កាន់តែស៊ីជម្រៅអំពីភពក្រហមមួយនេះ។ បេសកកម្មនេះគឺជាកិច្ចប្រតិបត្តិការលើកដំបូងដើម្បីរុករកនូវអាថ៌កំបាំងមួយចំនួននៃផ្ទៃខាងក្នុង Martian ហើយអ្នកវិទ្យាសាស្ត្រនឹងយកមកវិភាគលើទិន្នន័យរបស់វាសម្រាប់រាប់ទសវត្សរ៍ខាងមុខ។

លោក Bruce Banerdt ដែលបានបម្រើការជាអ្នកអង្កេតដ៏សំខាន់របស់យាន InSight នៅមុនពេលដាក់ឲ្យចូលនិវត្តន៍កាលពីថ្ងៃទី ១ ខែសីហា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាពិតជាល្អណាស់ដែលយើងទទួលបាននូវរង្វាស់ចុងក្រោយយ៉ាងជាក់លាក់” ។ គាត់បានធ្វើការនៅមន្ទីរពិសោធ Jet Propulsion របស់អង្គការ NASA នៅ Pasadena រដ្ឋកាលីហ្វ័រញ៉ា អស់រយៈពេល ៤៦ ឆ្នាំហើយ។”ខ្ញុំបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានស្ថានីយភូគព្ភសាស្ត្រដូចជាយាន InSight សម្រាប់ហោះហើរទៅកាន់ភពព្រះអង្គារ អស់រយៈពេលជាយូរមកហើយ ហើយលទ្ធផលបែបនេះធ្វើឲ្យការងារជាច្រើនរបស់យើងនៅក្នុងទសវត្សរ៍នេះមានតម្លៃខ្លាំងណាស់”៕

ប្រភព៖ CNN