អន្តរជាតិ

អាជ្ញាធរថៃកំពុងស៊ើបអង្កេតករណីផ្ទុះឃ្លាំងកាំជ្រួចសម្លាប់មនុស្ស១២នាក់,របួស១២១នាក់

ប្រែសម្រួល៖រតនា

យ៉ាងហោចណាស់មានមនុស្ស១២នាក់បានស្លាប់ និង១២១នាក់រងរបួសនៅក្នុងការផ្ទុះមួយនៅឃ្លាំងកាំជ្រួចនៅភាគខាងត្បូងប្រទេសថៃដោយបានបំផ្លាញឃ្លាំងនិងតំបន់នោះក្លាយជាកម្ទេចថ្ម។

ជនរងគ្រោះពីរនាក់ជាកុមារ រួមទាំងក្មេងប្រុសអាយុ 4 ឆ្នាំម្នាក់ និងទារកអាយុប្រាំបីខែផងដែរ នេះបើយោងតាមការផ្សាយរបស់វិទ្យុថៃ។ផ្ទះជាងមួយរយខ្នងក៏រងការខូចខាតផងដែរ។

មូលហេតុនៃការផ្ទុះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែរបាយការណ៍ដំបូងបានបង្ហាញថា មានកំហុសក្នុងការផ្សារ។

មេបញ្ជាការប៉ូលិសខេត្តណារ៉ាធីវ៉ាត់ លោក Anuruth Imarb បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ប៉ូលិសគ្រោងនឹងចោទប្រកាន់ម្ចាស់ឃ្លាំងពីបទឧក្រិដ្ឋពីបទ “បណ្តាលឱ្យមានការផ្ទុះ និងបណ្តាលឱ្យមនុស្សស្លាប់ និងរបួស និងការខូចខាតទ្រព្យសម្បត្តិ”។

លោក Samsueya Chuenchompoo ដែល​ផ្ទះ​របស់​គាត់​ត្រូវ​បាន​បំផ្លាញ​បាន​និយាយ​ថា​៖ «ខ្ញុំ​មិន​មាន​អ្វី​នៅ​សេសសល់​ទេ»។“ខ្ញុំ​មិន​ទាន់​មាន​ដំបូល​លើ​ក្បាល​ខ្ញុំ​ឥឡូវ​នេះ​ទេ។ ពេល​មាន​ទឹក​ជំនន់ ខ្ញុំ​នៅ​តែ​អាច​រស់​បាន ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ពិត​ជា​គ្មាន​សល់​អ្វី​ទេ»។

គ្រោះថ្នាក់​កាំជ្រួច​មិន​មែន​ជា​រឿង​ចម្លែក​ទេ​នៅ​ប្រទេស​ថៃ។ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​រង​របួស​នៅ​ក្នុង​ការបំ​ផ្ទុះ​មួយ​ទៀត​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ឈៀងម៉ៃ​កាលពី​ដើម​សប្តាហ៍​នេះ៕