អន្តរជាតិ

ចិនលុបបំបាត់ការរំលឹកអំពីអតីតរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនដោយមិនបញ្ជាក់មូលហេតុ

ប្រែសម្រួល៖ សហការី

ក្នុងខណៈពេលដែលរដ្ឋមន្ត្រីការបរទេសចិន Qin Gang បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken នៅទីក្រុងប៉េកាំងកាលពីប្រាំពីសប្តាហ៏កន្លងទៅពិភពលោកបានឃើញនូវការចរចាកំរឹតខ្ពស់រវាងមហាអំណាចទាំងពីរ។ ប៉ុន្តែប្រសិនបើគេស្វែងរកឯកសារយោងស្តីពីព្រឹត្តិការណ៍ដ៏សំខាន់នោះលើគេហទំព័ររបស់ក្រសួងការបរទេសចិនគេច្បាស់ជាខកចិត្ត ដោយសារតែសកម្មភាពរបស់លោក Qin ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសត្រូវបានលុបចោលបន្ទាប់ពីមានការមិនទុកចិត្តក្នុងនាមជាអ្នកដឹកនាំកាលពីថ្ងៃអង្គារ។ជាមួយនោះគេបានឃើញលោក Qin ត្រូវបានជំនួសដោយអ្នកកាន់តំណែងជើងចាស់គឺលោក Wang Yi ។

ការបណ្តេញ Qin ចេញពីតំណែងត្រូវបានអនុម័តដោយស្ថាប័នកំពូលរបស់ប្រទេសចិនដែលបានបង្កឲ្យមានជាចម្ងល់លើជោគវាសនារបស់លោក Qin បន្ទាប់ពីបានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈកាលពីចុងខែមិថុនាដោយអាថ៏កំបាំងបំផុត។ ការប្រែប្រួលទាំងស្រុងក្នុងការកាន់តំណែងរយៈពេលប្រាំមួយខែរបស់លោក Qin ជារដ្ឋមន្ត្រីការបរទេស និងការដាក់លោក Wang ជាជំនួសតំណែងនោះគ្រាន់តែជាការបិទបាំងនូវអាថ៌កំបាំងនយោបាយដ៏ស៊ីជម្រៅតែប៉ុណ្ណោះ។

ទីកន្លែងជាក់លាក់របស់ Qin នឹងហេតុផលដកតំណែងរបស់គាត់រួមជាមួយនឹងជោគវាសនាចុងក្រោយរបស់គាត់ក្នុងនាមជាសមាជិកនៃបក្សកុម្មុយនិស្តចិនក៏នៅតែមិនទាន់ដឹងច្បាស់នៅឡើយ។

ចម្ងល់ដែលមិនទាន់មានចម្លើយចំពោះការសម្រេចចិត្តជាផ្លូវការតាមស្តង់ដាររបស់ប្រទេសចិន ដែល មានភាពស្រពិចស្រពិលក្នុងប្រព័ន្ធនយោបាយធ្វើឲ្យល្បីច្រាសខ្យល់ក្រោមការដឹកនាំរបស់មេដឹកនាំចិន លោក Xi Jinping។

មន្ត្រីជាន់ខ្ពស់ចិនមួយចំនួនបានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈនាពេលកន្លងមកត្រូវបានប្រកាសថាពួកគេស្ថិតនៅក្រោមការស៊ើបអង្កេតជាសម្ងាត់។ហេតុការណ៏ដែលបានកើតឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះជុំវិញករណីលោក Qin ត្រូវបានគេមើលឃើញថាគាត់ជាជំនួយការដ៏គួរឲ្យទុកចិត្តរបស់លោក Xi និងជាមន្ត្រីចិនដែលមានគេស្គាល់ច្រើនក្នុងឋានៈប្រមុខគោលនយោបាយការបរទេសរបស់ប្រទេសចិន និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាម៉េរិកដែលធ្វើឲ្យពិភពលោកមានការយកចិត្តទុកដាក់ជាពិសេស។

“ កង្វះ​ខាតតម្លាភាព​គឺជា​បញ្ហា​​ការិយាល័យធិបតេយ្យ​របស់​ចិនដែលជាធម្មតាវាបានបង្កើតបញ្ហាកាន់តែធំសម្រាប់ប្រព័ន្ធនយោបាយនេះ” ។

“ការ​ដាក់ជំនួស​ភ្លាមៗដោយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​អំពីការសម្រេចចិត្តរបស់​លោក Xi នោះទេ។ គេនឹងសួរថាតើមានអ្វីខុសដែលចាំបាច់ត្រូវដាក់ជំនួស​ភ្លាមៗក្នុងខណៈដែលប្រទេសចិនបាននិងកំពុងធ្វើយុទ្ធនាការដើម្បីបង្ហាញនូវភាពជាអ្នកដឹកនាំរបស់ខ្លួនដែលជាជម្រើសដ៏គួរឲ្យទាក់ទាញមួយចំពោះលោកខាងលិច។

“ការដកលោក Qin ធ្វើឲ្យបរទេសមានការយល់ឃើញថាបក្សកុម្មុយនិស្តគឺជាដៃគូការទូតដែលមិនគួរទុកចិត្តហើយមិនលើកកម្ពស់ដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិរបស់ទីក្រុងប៉េកាំងក្នុងការបង្ហាញឲ្យអន្តរជាតិមើលឃើញនូវប្រព័ន្ធអភិបាលកិច្ចរបស់ខ្លួនថាសក្តិសមសម្រាប់អនុវត្តតាមដែរឬទេ” ។

តើមានន័យដូចម្តេចសម្រាប់ប្រទេសចិនក្រោមការដឹកនាំរបស់លោក Xi?

ការតែងតាំងលោក Qin ឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកាលពីឆ្នាំមុនបានហក់រំលងលើបេក្ខជនដែលមានបទពិសោធន៍ជាច្រើនដែលត្រូវបានគេមើលឃើញថាជាការជឿទុកចិត្តយ៉ាងជ្រាលជ្រៅដែលលោក Xi ជាអ្នកដឹកនាំរបស់ប្រទេសចិនបានផ្តល់ឲ្យគាត់ជាមិត្តជិតស្និទ្ធខណៈដែលគាត់បានបង្រួបបង្រួមអំណាចកាលពីឆ្នាំមុនសម្រាប់អាណត្តិទី ៣។

នាយកគ្រប់គ្រងកម្មវិធីឥណ្ឌូប៉ាស៊ីហ្វិករបស់ German Marshall Fund លោក Bonnie Glaser បាននិយាយថា “គេជឿជាក់ថាលោក Xi មានមនុស្សតិចតួចបំផុតដែលគាត់បានពិគ្រោះយោបល់ជាមួយ ហើយលើសពីនេះទៅទៀតនោះគឺមានទំនុកចិត្ត និងធ្វើការសម្រេចចិត្តដោយផ្អែកលើសភាវគតិរបស់គាត់ភ្ទាល់តែម្តង” ។

“លោក Qin គឺជាអ្នកការពារគាត់ ដូចនេះវានឹងឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅទៅលើ Xi។ យ៉ាង​ណា​មិញវា​មិន​បាន​ន័យ​ថា​កត្តាទាំងនេះ​នឹង​បង្ក​បញ្ហា​ដល់​អំណាច​របស់​គាត់​នោះ​ទេ”។

នៅពេលដែលព័ត៌មានស្តីពីការផ្លាស់ប្តូរអ្នកដឹកនាំត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធរដ្ឋចិនកាលពីល្ងាចថ្ងៃអង្គារការពិភាក្សាជាសាធារណៈជុំវិញព្រឹត្តិការណ៍នយោបាយ និងសង្គមត្រូវបានផ្លាស់ប្តូរ។

hashtags ប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹងការដកលោក Qin ត្រូវបានត្រួតពិនិត្យនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិនដ៏ពេញនិយម Weibo។ ទន្ទឹមនឹងនេះ hashtags បានផ្សព្វផ្សាយអំពីការណាត់ជួបរបស់លោក Wang មាននៅលើវេទិការព្រឹកថ្ងៃពុធ គ្រាន់តែជាការបង្ហោះលើគណនីដែលបានផ្ទៀងផ្ទាត់ហើយភាគច្រើនជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឬទីភ្នាក់ងាររដ្ឋាភិបាល ដោយមិនមានអ្នកប្រើប្រាស់ណាម្នាក់អាចបញ្ចេញមតិបានឡើយ។

សាស្ត្រាចារ្យរងផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Nanyang Technological University របស់ប្រទេសសិង្ហបុរីលោក Li Mingjiang បាននិយាយថា “ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនឹងផ្សព្វផ្សាយពីថ្នាក់ដឹកនាំកំពូលៗដែលឆ្លាតក្នុងការដកមន្ត្រីជាន់ខ្ពស់ដែលត្រូវបានគេទុកចិត្តដែលត្រូវបានគេរកឃើញថាមានកំហុស”។លោកបានបន្ថែមថា ដោយផ្អែកលើព័ត៌មានបន្ថែមអំពីស្ថានភាពរបស់លោក Qin ប្រព័ន្ធផ្សព្វផ្សាយចិន “ តែងតែនិយាយថា នេះជាឧទាហរណ៍មួយនៃការប្តេជ្ញាចិត្តរបស់គណបក្សក្នុងការចាត់វិធានការលើវិន័យតឹងរ៉ឹងនៅពេលណាមន្ត្រីជាន់ខ្ពស់ត្រូវបានរកឃើញថាបានធ្វើខុស” ។

នៅមិនទាន់ច្បាស់ថាពេលណាត្រូវបានចេញផ្សាយអំពីហេតុផលនៃការដកលោក Qin ចេញដែលភាគច្រើនលេចចេញជាពាក្យចចាមអារ៉ាមនិងការប៉ាន់ស្មានហួសហេតុពេក។

នៅពេលត្រូវបានសួរកាលពីដើមខែនេះអំពីមូលហេតុដែល Qin ខកខានការជួបជុំមន្ត្រីការទូត អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថាមកពី “ហេតុផលសុខភាព”។

ពេលនេះលោក Qin ហាក់ដូចជាត្រូវបានទទួលការក្សាទុកនូវតំណែងរដ្ឋបាលថ្នាក់កំពូលដែលប្រឈមនឹងការងារក្នុងស្រុកក្នុងនាមជាទីប្រឹក្សារដ្ឋ។

ប៉ុន្តែអ្នកសង្កេតការណ៍នយោបាយចិននិយាយថា ភាពស្ងៀមស្ងាត់ជុំវិញមូលហេតុដែលគាត់ត្រូវបានដកចេញ និងការលុបគាត់ចេញពីគេហទំព័ររបស់ក្រសួងបង្ហាញពីហេតុផលនយោបាយ ដែលអាចដឹងកាន់តែច្បាស់នៅក្នុងប៉ុន្មានខែខាងមុខនេះ ប្រសិនបើមានការប្រកាសជាផ្លូវការអំពីការស៊ើបអង្កេតប្រឆាំងនឹងរូបគាត់នោះ។

“ទីក្រុងប៉េកាំងកំពុងរក្សាភាពបត់បែនក្នុងការសម្រេចចិត្តលើរឿងរបស់ពួកគេនៅពីក្រោយឆាក។ ខ្ញុំ​មិន​គិត​ថា​ការ​ប្រកាស​​នឹងត្រូវធ្វើ​​ឡើង​នៅ​ពេល​ណា​មួយ​ឆាប់ៗ​នេះ​ទេ។ ទីក្រុងប៉េកាំងនឹងរង់ចាំរហូតដល់មនុស្សស្ទើរតែភ្លេចអស់ ដើម្បីជៀសវាងការយកចិត្តទុកដាក់បន្ថែមទៀត” Sun បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន។

‘ដៃគូសុវត្ថិភាព’

ភាពរង្គោះរង្គើរក្នុងក្រសួងការបរទេសចិនកើតឡើងនៅចំពេលដ៏រសើបជាពិសេសលើទំនាក់ទំនងអន្តរជាតិ។ ទីក្រុងប៉េកាំងកំពុងស្វែងរកស្ថិរភាពទំនាក់ទំនងដែលប្រេះស្រាំជាមួយសហរដ្ឋអាម៉េរិក និងការគាំទ្រពីអឺរ៉ុប ដែលគេសង្ស័យកាន់តែខ្លាំងឡើងអំពីទំនាក់ទំនងជិតស្និទ្ធរបស់ចិនជាមួយរុស្ស៊ី ខណៈដែលខ្លួនកំពុងធ្វើសង្រ្គាមលើទឹកដីអ៊ុយក្រែន។

ខណៈដែលការបាត់ខ្លួនដ៏អាថ៌កំបាំង និងការបណ្ដេញចេញពីតំណែងរបស់លោក Qin ធ្វើឲ្យមានភាពឆ្គាំឆ្គងក្នុងវិស័យទំនាក់ទំនងអន្តរជាតិកិច្ចការបរទេសរបស់ចិនបានធ្លាក់ទៅក្នុងដៃរបស់អតីតមន្ត្រីកំពូលម្នាក់ដែលបានបំពេញតួនាទីតាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២។

នៅពេលដែលត្រូវបានសួរពីលោក Qin និង Wang នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកការទូតអាម៉េរិក Blinken បាននិយាយថា សហរដ្ឋអាម៉េរិកនឹងចូលរួមជាមួយ “អ្នកណាដែលសមភាគីចិនពាក់ព័ន្ធ” ដើម្បីគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន។

“ខ្ញុំបានស្គាល់លោក Wang Yi ជាងមួយទសវត្សរ៍ហើយខ្ញុំបានជួបគាត់ម្តងហើយម្តងទៀតក្នុងតួនាទីបច្ចុប្បន្នរួមទាំងថ្មីៗនេះនៅទីក្រុងហ្សាកាតា ហើយខ្ញុំរំពឹងថាអាចធ្វើការបានល្អជាមួយគាត់ដូចដែលយើងធ្លាប់មានកាលពីអតីតកាលវាជាការប្រសើរណាស់”។

លោក Wang ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេស្គាល់ថា “អ្នកចម្បាំងចចក” ប៉ុន្តែត្រូវបានគេមើលឃើញថាជាប្រតិបត្តិកររលូនក្នុងការដោះស្រាយបញ្ហាការទូតដ៏បន្លាចបំផុតរបស់ប្រទេសចិន និងជួបជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធ រួមទាំងការធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូក្នុងខែកុម្ភៈ ដើម្បីជួបជាមួយរុស្ស៊ីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីននិងបន្តដោយលោក Xi ។

បើទោះបីជាឈានដល់អាយុចូលនិវត្តន៍តាមស្តង់ដារក្នុងអំឡុងពេលមានការរុះរើថ្នាក់ដឹកនាំរយៈពេល ៥ ឆ្នាំកាលពីខែតុលាឆ្នាំមុនក៏ដោយក៏គាត់ត្រូវបានដំឡើងឋានៈកាលពីចុងឆ្នាំមុន។

អ្នកការទូតកំពូល ដែលមើលការខុសត្រូវកិច្ចការបរទេសរបស់បក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចជា (ស្ថាប័នដាច់ដោយឡែក និងខុសប្លែកពីក្រសួងការបរទេសរបស់រដ្ឋាភិបាល)។

ឥឡូវនេះគាត់បំពេញមុខតំណែងនេះជាមួយនឹងរឿងចាស់របស់គាត់។ Thomas នៃសមាគមអាស៊ីបានថ្លែងថា វាអាចជាការតែងតាំងបណ្តោះអាសន្នដែលអនុញ្ញាតឲ្យលោក Wang ធ្វើការក្នុងរយៈពេលច្រើនខែសម្រាប់លោក Xi ធ្វើទស្សនកិច្ចទៅសហរដ្ឋអាម៉េរិកនៅក្នុងខែវិច្ឆិកាសម្រាប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចមួយ។

ទោះជាយ៉ាងណាក៏ដោយ ការតែងតាំងរបស់គាត់ហាក់ដូចជាមើលរំលងបេក្ខភាពដ៏ច្រើនសន្ធឹកសន្ធាប់ដែលមាសក្តានុពល នេះបើយោងតាមលោក Victor Shih នាយកនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា San Diego’s 21st Century China Center ថ្នាក់ដឹកនាំកំពូលមិនប្រាកដក្នុងការដាក់ជំនួសបានល្អ និងជាជម្រើសដែលមានសុវត្ថិភាពស្ថិតថេរនោះទេ។

គាត់បាននិយាយថា “វាជាតម្រុយដែលអាចផ្តល់ឲ្យយើងស្វែងយល់នូវអ្វីដែលកើតឡើងចំពោះលោក Qin Gang” ៕

ប្រភព៖ CNN