uncategorized

ADB អនុម័ត​កម្ចី​៤០​លាន​ដុល្លារ​សម្រាប់​កំណែទម្រង់​​សេវាសាធារណៈ

ដោយ៖សិរីមតី
ភ្នំពេញ៖សេចក្តីប្រកាសពត៌មានរបស់ADBនាព្រឹកថ្ងៃទី២៦ខែកក្កដាបានឱ្យដឹងថាធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារ​ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​កម្ពុជាក្នុងការពង្រឹងបន្ថែម​ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈ​កំណែ​ទម្រង់​ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ។​

កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រង​ហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះនឹងបញ្ចប់កំណែទម្រង់​ជាបន្តបន្ទាប់ដើម្បីពង្រឹងតួនាទី និង​សមត្ថភាព​​របស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។កំណែទម្រង់​ក្រោមកម្មវិធីរង​ទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បី​ពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រងចំណូលនិងចំណាយនិងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្ម​ប្រសើរឡើង,លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។

នាយិកា​ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មាន​ប្រសាសន៍ថា«កំណែទម្រង់ និងដំណោះស្រាយឌីជីថលដែលត្រូវបាន​អនុវត្តក្នុងកម្មវិធីនេះ​នឹង​ជួយ​តម្រង់​ផែន​ការ​​​កម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិនិងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន​​ប្រកបដោយប្រសិទ្ធភាពនិង​សមធម៌ ដូចជាការទទួលបានទឹកស្អាតអនាម័យ និង​ការអប់រំជាដើម។វិធានការ​ដែល​អនុវត្ត​ក្នុង​កម្មវិធី​នេះ​ក៏​នឹង​ជំរុញ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត
​ក្នុងកម្រិត​មូលដ្ឋានផងដែរ។»

កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADBលើកំណែទម្រង់វិមជ្ឈ​ការ​​ក្នុងប្រទេសកម្ពុជា​ រួមទាំងការបង្កើតគោលនយោបាយនិងក្របខ័ណ្ឌ​បទប្បញ្ញត្តិសម្រាប់ដំណើរការ​វិមជ្ឈការ ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។ ADBបានជួយបង្កើតការិយាល័​សេវាច្រកចេញ​ចូលតែមួយ​សម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការក៏ដូចជា​ការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ​ដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃ វិសាលភាព
និងគុណ​ភាព​នៃសេវាកម្មដែលបានផ្តល់។

កម្មវិធីរងទីពីរនេះផ្តោតលើ ការពង្រឹងការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការនិងប្រកបដោយគណនេយ្យភាព និងការលើកកម្ពស់ការគ្រប់គ្រង​ចំណូល​និងចំណាយ ដើម្បីបំពេញតម្រូវការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋាន។ វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ ដែលត្រូវបានអនុម័តក្រោមកម្មវិធីរង​ទីមួយ ដែល​មានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈនិងសមត្ថភាពសម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋានតាមរយៈដំណើរការនៃសាលាជាតិ​រដ្ឋបាលមូលដ្ឋាន។ADB​ គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការចាប់តាំងពីឆ្នាំ២០០២ដោយសង្កត់ធ្ងន់​លើការបន្តគោលនយោបាយ​ដើម្បីធ្វើឱ្យស៊ីជម្រៅ ទាំងវិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់ ការកែលម្អការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាននិងការកាត់បន្ថយភាព​ក្រីក្រ។ កម្ចី​កម្មវិធី​ថ្មី​នេះ​គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ADB សម្រាប់​​កម្ពុជា​​​ឆ្នាំ ២០១៩-២០២៣៕

                                                                           ADB ផ្តល់កម្ចី៤០លានដុល្លារសម្រាប់កំណែទម្រង់សេវាសាធារណៈនៅកម្ពុជា(រូបថត៖ ADB)