អន្តរជាតិ

ប្រមុខការទូតជាន់ខ្ពស់របស់ចិនត្រូវបានបណ្តេញចេញពីមុខតំណែងបន្ទាប់ពីបាត់មុខអស់មួយរយៈ

ដោយ៖ Nectar Gan,CNN

កែសម្រួល៖ រ៉ាម៉េត

នៅទីបំផុត លោក Qin Gang ដែលជារដ្ឋមន្ត្រីការបរទេសចិនត្រូវបានបណ្ដេញចេញពីតំណែងបន្ទាប់ពីអវត្តមានក្រោមក្រសែភ្នែកសាធារណជនដោយត្រូវបានជំនួសដោយអ្នកកាន់តំណែងជើងចាស់កាលពីមមុន។ នៅក្នុងជួរដឹកនាំគោលនយោបាយការបរទេសរបស់ប្រទេសនេះឃើញថាមានសភាពបែកបាក់ដ៏រង្គោះរង្គើដែលគួរឲ្យភ្ញាក់ផ្អើលនេះមិនមែនជារឿងធម្មតានោះទេ។

ការផ្លាស់ប្តូរភ្លាមៗដែលត្រូវបានអនុម័តដោយស្ថាប័នកំពូលនៃរដ្ឋសភារបស់ប្រទេសចិនបានកើតឡើងនៅក្រោយពេលដែលអវត្តមានដ៏អាថ៌កំបាំងរបស់លោក Qin ហើយក៏បានបង្កើតជាចម្ងល់អំពីជោគវាសនារបស់គាត់ដែលមិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេលជាងមួយខែកន្លងមក។

លោក Qin ដែលមានអាយុ ៥៧ ឆ្នាំ គឺជាអ្នកការទូតអាជីព និងជាជំនួយការដ៏ជាទីទុកចិត្តរបស់មេដឹកនាំកំពូលរបស់ប្រទេសចិនលោក Xi Jinping គាត់ក៏ទើបតែត្រូវបានលោក Xi តែងតាំងជារដ្ឋមន្ត្រីការបរទេសកាលពីខែធ្នូ បន្ទាប់ពីបានបម្រើការជាឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន។

អាជ្ញាធរចិន​បាន​បញ្ជាក់​ថា នៅមិន​ទាន់​មាន​ហេតុផល​ច្បាស់លាស់ដែលត្រូវ​បាន​គេ​បញ្ជាក់​លើ​ការ​បណ្តេញលោក Qin ចេញពីតំណែងនៅឡើយទេប៉ុន្តែ ​លោក Wang Yi ដែលជា​អ្នក​កាន់​តំណែង​មុន​នឹង​ត្រឡប់​មក​កាន់​តួនាទី​នេះជាជំនួសសាជាថ្មីឡើងវិញ។

លោក Wang ដែលបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសតាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ឥឡូវនេះមានតួនាទីជានាយកផ្នែកកិច្ចការបរទេសនៃបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចហើយជាតំណែងមួយដែលធ្វើឲ្យលោកក្លាយជាអ្នកការទូតថ្នាក់ផុតលេខរបស់ប្រទេសចិន។

គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនបានសម្រេចតែងតាំងរដ្ឋមន្ត្រីការបរទេសថ្មីកាលពីថ្ងៃអង្គារនៅក្នុងកិច្ចប្រជុំមួយដែលត្រូវបានប្រកាសតែងតាំងភ្លាមៗខុសពីនីតិវិធីធម្មតា។

ការផ្លាស់ប្តូរភ្លាមៗនេះបានកើតឡើងនៅចំពេលដែលមានកិច្ចការទូតដ៏សែនមមាញឹក និងសំខាន់សម្រាប់ប្រទេសចិននៅដើមឆ្នាំនេះក្រោយពីបានចាកចេញពីការបិទខ្ទប់ប្រទេសដោយសារជំងឺរាតត្បាត និងចំពេលដែលក្រុងប៉េកាំងខិតខំកែសម្រួលទំនាក់ទំនងដ៏តានតឹងជាមួយដៃគូសហគមន៍អន្តរជាតិ។

លោក Qin បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្តារទំនាក់ទំនងឡើងវិញរវាងសហរដ្ឋអាម៉េរិក និងចិនរួមទាំងការជួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken កាលពីថ្ងៃទី ១៨ ខែមិថុនា ដែលជាដំណើរទស្សនកិច្ចអ្នកការទូតអាម៉េរិកមកកាន់ទីក្រុងប៉េកាំង។

ចាប់តាំងពីថ្ងៃទី ២៥ ខែមិថុនា លោក Qin មិនត្រូវបានគេឃើញជាសាធារណៈនោះទេបន្ទាប់ពីគាត់បានជួបជាមួយមន្ត្រីមកពីប្រទេសស្រីលង្កា វៀតណាម និងរុស្ស៊ីក្នុងទីក្រុងប៉េកាំង ដែលបង្កឲ្យមានចម្ងល់យ៉ាងខ្លាំងលើសភាពអ៊ួអាប់ផ្នែកនយោបាយដ៏អាថ៌កំបាំងក្នុងប្រទេសចិន។

គេបានឃើញលោក Qin ដើរជិតលោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Andrey Rudenko ទាំងទឹកមុខញញឹមញញែមដែលគេកត់សម្គាល់ថាជាការបង្ហាញខ្លួនជាសាធារណៈរបស់គាត់ជាលើកចុងក្រោយបង្អស់។ លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Andrey Rudenko បានហោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយមន្ត្រីចិន បន្ទាប់ពីមានការបះបោររយៈពេលខ្លីដោយក្រុមទាហានស៊ីឈ្នួល Wagner ក្នុងប្រទេសរុស្ស៊ី។

រឿងអវត្តមានរបស់លោក Qin មិនត្រូវបានគេពន្យល់ទាំងស្រុងដោយក្រសួងការបរទេសចិននោះទេ ដោយគ្រាន់តែបានលើកឡើងយ៉ាងខ្លីថាមកពី “ហេតុផលសុខភាព” នៅពេលដែលគាត់បានខកខានជួបប្រជុំជាមួយប្រមុខការទូតរបស់ប្រទេសដទៃទៀតកាលពីដើមខែនេះ។

ការឆ្លើយតបនោះមិនមានក្នុងកំណត់ហេតុផ្លូវការក្នុងសន្និសីទសារព័ត៌មានដែលត្រូវបានបង្ហោះនៅ ក្រោយពេលធ្វើសន្និសីទសារព័ត៌មានលើគេហទំព័ររបស់ក្រសួងការបរទេសចិននោះទេ ហើយនៅពេលដែលត្រូវបានគេសួរនាំនៅសប្តាហ៍បន្ទាប់អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បាននិយាយថា គាត់មិនមានព័ត៌មានដើម្បីផ្តល់ជូននោះទេ។

អវត្តមានលោក Qin បង្កឲ្យមានការរំខានផងដែរជាក់ស្តែងលោក Wang Yi បានខកខានបំពេញតួនាទីក្នុងការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្ឌូនេស៊ីកាលពីដើមខែនេះនឹងនៅក្នុងកិច្ចប្រជុំដ៏សំខាន់របស់ប្លុក BRICS ផ្នែកសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅក្នុងសប្តាហ៍នេះនៅប្រទេសអាហ្វ្រិកខាងត្បូង។

  • ការឡើង​ចុះ

នៅល្ងាចថ្ងៃអង្គារ ប្រវត្តិរូបរបស់លោក Qin ត្រូវបានដកចេញពីគេហទំព័ររបស់ក្រសួងការបរទេសចិន នឹងត្រូវបានជំនួសដោយសារដែលសរសេរថា “ព័ត៌មានកំពុងត្រូវបានធ្វើបច្ចុប្បន្នភាព” ។

ភាពទាក់ទាញចំណាប់អារម្នណ៏ចំពោះការបណ្តេញលោក Qin គឺដោយសារមានការយល់ឃើញថាគាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Xi ដែលបានបន្តកាន់អំណាចក្នុងអាណត្តិទីបីកាលពីរដូវស្លឹកឈើជ្រុះដែលមានការតែងតាំងអ្នកដឹកនាំថ្មីហើយសុទ្ធតែជាអ្នកស្មោះត្រង់នឹងលោក Xi ។

លោក Qin បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសយ៉ាងឆាប់រហ័សហើយការតែងតាំងរបស់គាត់កាលពីឆ្នាំមុនបានហក់រំលងបេក្ខជនដែលមានបទពិសោធន៍ជាច្រើននាក់ជាកត្តាបង្កឲ្យមានការភ្ញាក់ផ្អើលខ្លះៗក្នុងចំណោមអ្នកសង្កេតការណ៍នយោបាយចិនដែលគេគិតជាទូទៅថាលោក Xi មានការទុកចិត្តលើលោក Qin ដែលជាអ្នកការទូតម្នាក់។

លោក Deng Yuwen អតីតនិពន្ធនាយកនៃកាសែតបក្សកុម្មុយនិស្ត ដែលសព្វថ្ងៃរស់នៅសហរដ្ឋអាម៉េរិក បានប្រាប់ CNN កាលពីដើមខែនេះថា លោកQin Gang ត្រូវ​បាន​លោក Xi ទាញ​ឡើង​ដោយ​ដៃ​ម្ខាងប្រសិនបើលោក Qin ធ្វើឲ្យមានបញ្ហាអាក្រក់ណាមួយកើតឡើងនោះវានឹងជះឥទ្ធពលប៉ះពាល់ដល់ លោក Xi ផងដែរមានន័យថា លោក Xi រើសមនុស្សមិនត្រឹមត្រូវសម្រាប់ការបំពេញតួនាទីនេះ។

លោក Deng បានធ្វើការកត់សម្គាល់ថា “ប្រសិនបើមានរឿងខុសប្រក្រតីកើតមកលើមន្ត្រីជាន់ខ្ពស់នោះពលរដ្ឋនឹងមានការងឿងឆ្ងល់អំពីការធ្លាក់ចុះនៃទំនាក់ទំនងរបស់ពួកគេជាមួយមេដឹកនាំកំពូលដែលជាសញ្ញាអស្ថិរភាពនយោបាយមួយ”។

ដូចជារឿងមន្ត្រីជាន់ខ្ពស់ចិនបានបាត់ខ្លួនពីក្រសែភ្នែកសាធារណជនកន្លងមកហើយទើបតែត្រូវបានយកមកលាតត្រដាងនៅប៉ុន្មានខែក្រោយដោយក្រុមត្រួតពិនិត្យវិន័យរបស់បក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចថាពួកគេត្រូវបានឃុំខ្លួនសម្រាប់ការស៊ើបអង្កេត។ ការបាត់ខ្លួនភ្លាមៗបែបនេះបានក្លាយជារឿងធម្មតានៅក្នុងយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយរបស់លោក Xi។

រឿងលោក Qin គេនៅមិនទាន់ដឹង​ច្បាស់​​ថា​តើ​មាន​ការដាក់​ទោស​ទណ្ឌ​ឬក៏ត្រូវ​បាន​ចាប់​ខ្លួន​។ ព័ត៌មានដ៏អាថ៌កំបាំងបែបនេះមិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រព័ន្ធនយោបាយចិន ដែលជាការតាក់តែងឡើងមិនមានតម្លាភាពក្នុងកិច្ចការផ្ទៃក្នុងរបស់គណបក្សដែលគ្រប់គ្រងគ្រប់ស្ថាប័នរដ្ឋាភិបាលទាំងអស់និងបែបបទបិទទ្វារក្នុងការធ្វើសេចក្តីសម្រេចផ្សេងៗ។

ភាពអាប់អ៊ួផ្នែកនយោបាយបានលេចឡើងនៅក្រោមការដឹកនាំរបស់លោក Xi គាត់បានបង្រ្កាបការប្រឆាំងនឹងការប្រមូលផ្តុំអំណាចរបស់គាត់ហើយពង្រឹងការកាន់កាប់អំណាចរបស់បក្សកុម្មុយនិស្តឲ្យកាន់តែទូលំទូលាយ៕