ព័ត៌មានជាតិ, uncategorized

ផ្លូវបេតុងពីរខ្សែប្រវែងជិត២០គីឡូម៉ែត្រនៅស្រុកស្រីសន្ធរស្ថាបនាប្រមាណ៥០ភាគរយ

ដោយ៖ គង់ហេង

កំពង់ចាម៖ ផ្លូវបេតុងចំនួន ពីរ ខ្សែ គឺខ្សែទី១ មានប្រវែងជាង ១១ គីឡូម៉ែត្រ និងខ្សែទី២ មានប្រវែងជាង ប្រាំពីរ គីឡូម៉ែត្រ មានប្រវែងសរុបជិត ២០ គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន បី ក្នុងស្រុកស្រីសន្ធរ បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៥០ ភាគរយ។

នេះបើតាមការប្រាប់ឱ្យដឹងរបស់លោក ស៊ឹម គង់ ជាអភិបាលស្រុកស្រីសន្ធរដែលបានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការីចុះពិនិត្យ ដំណើរការស្ថាបនាផ្លូវទាំងពីរខ្សែខាងលើកាលពីថ្ងៃទី ៣ កក្កដា ២០២៣។

សូមបញ្ជាក់ថា ផ្លូវបេតុងចំនួន ពីរ ខ្សែនេះដែលមានប្រវែងសរុប ១៨,២៤ គីឡូម៉ែត្រ ដោយខ្សែទី១ មានប្រវែង ១១,០៤ គីឡូម៉ែត្រ ឆ្លងកាត់ឃុំព្រែករំដេង និងឃុំបារាយ និងខ្សែទី ២ មានប្រវែង ៧,២០០ គីឡូម៉ែត្រឆ្លងកាត់ឃុំព្រែកដំបូក និងឃុំបារាយ ក្នុងស្រុកស្រីសន្ធរ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕