ចំណេះដឹង

តើស្រ្តីមានអាយុប៉ុន្មានដែលត្រូវមានកូនល្អបំផុតសម្រាប់ជីវិតរស់នៅ?

ដោយ៖ សហការី

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រីដែលមានអាយុចាប់ពី ២៣ ទៅ ៣២ ឆ្នាំ ​ជាអាយុ​ដ៏​ល្អ​បំផុត​​ដែលត្រូវចាប់ផ្តើមមាន​កូន​​ ព្រោះវានឹងទទួលបាននូវលទ្ធផលល្អទាំងសុខភាព និងសម្រស់។

ការសន្និដ្ឋានស្តីពីការសម្រាលកូនក្នុងទិន្នន័យជាង ៣១,០០០នាក់ បានរកឃើញថាស្ត្រីដែលមានអាយុចាប់ពី ២៣ ទៅ ៣២ ឆ្នាំ មានហានិភ័យទាបបំផុតចំពោះការធ្វើឲ្យទារក មានពិការភាពពីកំណើត។ ម្តាយដែលជាស្ត្រីវ័យជំទង់ដែលមានអាយុត្រឹម ២០ ឆ្នាំ ទំនងជាធ្វើឲ្យទារកមានពិការភាព ផ្នែកប្រព័ន្ធសរសៃប្រសាទកណ្តាលនៅពេលសម្រាលកូន ដែលធ្វើឲ្យប៉ះពាល់ដល់ការវិវត្តខួរក្បាល និងឆ្អឹងខ្នង ខណៈពេលដែលកំពុងមានផ្ទៃពោះគ្រប់ខែ វាបានធ្វើឲ្យខូចទម្រង់ក្បាល ក ភ្នែក និង ត្រចៀករបស់ទារក។

អ្នកស្រាវជ្រាវបាននិយាយថា ម្តាយដែលមានវ័យក្មេងពេកតែងតែមិនបានត្រៀមខ្លួន សម្រាប់ការមានគភ៌ ហើយត្រូវប្រឈមនឹងរបៀបរបបរស់នៅដែលមិនសមរម្យបន្ថែមទៀត ដូចជាការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងជាដើម។ ស្ត្រីដែលមានវ័យចំណាស់ជាងនេះ បានប្រឈមនឹងភាពតានតឹងផ្នែកបរិស្ថាន ដូចជាការបំពុលបរិយាកាសយូរជាងនេះ ដែលក្រុមអ្នកជំនាញជឿថា អាចរួមចំណែកក្នុងការបង្កឲ្យមានហានិភ័យ ការធ្វើឲ្យមានពិការភាពពីកំណើតផ្សេងៗគ្នា។

ស្ត្រីជនជាតិអាមេរិកឥឡូវនេះ កំពុងសម្រាលកូនជាលើកដំបូងនៅអាយុ ៣០ ឆ្នាំជាមធ្យមឃើញថាមានការកើនឡើងពី ២៧ឆ្នាំ នៅក្នុងឆ្នាំ ២០០០ និង ២៤ ឆ្នាំ នៅក្នុងឆ្នាំ ១៩៧០។

ការកើនឡើងនៃអាយុរបស់ម្តាយក្នុងពេលថ្មីៗនេះ គេបានសន្មតថាដោយសារតែមានការផ្លាស់ប្តូរ ការទទួលខុសត្រូវក្នុងគ្រួសារ ដូចជាស្ត្រីត្រូវបានផ្តល់អាទិភាព ក្នុងការរកមុខរបរចិញ្ចឹមជីវិតរបស់ពួកគេដោយខ្លួនឯង និងការកើនឡើងថ្លៃចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ៕