សុខភាព

ស្រោមខ្នើយដែលមិនបោកសម្អាតយូរនឹងផ្ទុកបាក់តេរីច្រើនជាងចានបង្គន់

ដោយ៖ សហការី

អ្នកជំនាញព្រមានថា ស្រោមខ្នើយដែលមិនបានបោកសម្អាតយូរ នឹងបង្កឲ្យមានបាក់តេរីច្រើនជាងចានបង្គន់រាប់ពាន់រាប់លានដង ហើយអាចបង្កគ្រោះថ្នាក់ដល់ជីវិត។

របាយការណ៍របស់ Amerisleep ដែលចេញផ្សាយនៅក្នុងខែមិថុនានេះបានឲ្យដឹងថា ស្រោមខ្នើយដែលមិនបានបោកគក់យូរមកនោះ វាអាចផ្ទុកបាក់តេរីច្រើនជាង ៣ លានក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ គឺមានប្រហែល ១៧,០០០ ដង ច្រើនជាងនៅលើចានបង្គន់។ ការវិភាគ ផ្នែកអនាម័យក៏បានបង្ហាញដែរថា ភាគច្រើននៃបាក់តេរីគឺមាននៅលើពូក លើក្រណាត់កម្រាល និងលើស្រោមខ្នើយ ជាពិសេសវាបានលាក់ខ្លួននៅតាមចន្លោះប្រហោងនៃកម្រាលពូកផងដែរ។

បាក់តេរីទាំងនោះវាបញ្ចេញសារធាតុអាលែហ្សី ផ្សិត និងកោសិការស្បែកដែលងាប់ហើយជ្រុះ គឺស្ថិតក្នុងចំណោមបាក់តេរីល្អិតៗ ហើយពួកវាអាចទាក់ទាញសត្វល្អិតមីក្រូទស្សន៍ មកស៊ីកោសិកាស្បែកដែលងាប់ៗ ហើយជ្រុះលើវត្ថុទាំងនោះ។ អ្នកជំនាញបានណែនាំថា ស្រោមខ្នើយគួរតែត្រូវបានផ្លាស់ប្តូរជាប្រចាំ និងច្រើនជាងម្តងក្នុងមួយសប្តាហ៍ ឬមួយខែ។

លោក វេជ្ជបណ្ឌិត Hadley King បាននិយាយថា “កោសិកាស្បែកដែលងាប់ និងញើសដែលសើមជាប់លើវត្ថុទាំងនោះ ផ្តល់ជាអាហារសម្រាប់មេរោគបាក់តេរី ដែលទាក់ទាញពួកវាមករស់នៅលើគ្រែរបស់អ្នក និងធ្វើឲ្យពួកវាបង្កើតកូនចៅកាន់តែច្រើនឡើង”។

លោក  វេជ្ជបណ្ឌិត Hadley King បានប្រាប់ Well+Good ទៀតថា “នៅពេលចូលគេង កម្រាលពូករបស់អ្នកដែលពោពេញទៅដោយបាក់តេរី លាយឡំនឹងកោសិកាស្បែកដែលងាប់ មានរហូតដល់ទៅ៥០ លានក្នុងមួយថ្ងៃ បង្កឡើងដោយញើស គ្រឿងសម្អាង ឡេលាបសក់ និងអ្វីផ្សេងទៀតដែលអ្នកបានប្រើវានៅពេលថ្ងៃ បង្កឡើងពីលំអង និងសត្វល្អិតតូចៗ។ ពពួកបាក់តេរី​ផ្សិត និង​ភាគល្អិត​កខ្វក់​របស់​បាក់តេរី និង​បង្កជាមេរោគ​ផងដែរ​”៕