បទវិភាគ

បទវិភាគ៖តើបន្ទាប់ទៅទៀតនេះលោកពូទីននឹងត្រូវធ្វើអ្វី?

កែសម្រួល ៖ រ៉ាម៉េត

វិធានការបន្ទាន់ដើម្បីការពាសន្តិសុខនៅតែបន្តអនុវត្តក្នុងទីក្រុងមូស្គូនៅក្រោយពេលដែលមានការបះបោរបង្កឡើងដោយក្រុមទាហានស៊ីឈ្នួល Wagner ដែលបានគម្រាមកំហែងដល់សន្តិសុខនិងសុវត្តិភាពលោកប្រធានាធិបតីរុស្ស៊ី។

នៅមានចម្ងល់ជាច្រើនត្រូវបានចោទសួរឡើង។

សំណួរដែលសំខាន់នោះគឺសួថាតើពូទីននឹងត្រូវធ្វើអ្វីបន្ទាប់មកទៀត?

លោក វ្ល៉ាឌីមៀ ពូទីនរួមទាំងអាជ្ញាធររបស់គាត់ បានប្រឈមមុខនឹងបញ្ហាដ៏ចម្បងនៅក្នុងពេលដ៏រំជើបរំជួល ២៤ ម៉ោង ចាប់តាំងពីគាត់បានឡើងកាន់អំណាចជាង ២ ទសវត្សរ៍កន្លងមក។ ក្នុងខណៈដែលមានហានិភ័យកើតឡើងភ្លាមៗដែលទំនងជាត្រូវបានគេទប់ស្កាត់បានទាន់ពេលវេលាតែអ្នកជំនាញរុស្ស៊ីនិយាយថា លោក ពូទីន មិនបានបង្ហាញខ្លួនទេតែគាត់ហាក់ដូចជាមានរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

សារដ៏តឹងរឹងមួយដែលបង្ហាញពីភាពស្អប់ខ្ពើមចំពោះទង្វើក្បត់ជាតិដែលលោក ពូទីន បានថ្លែងនៅក្នុងសុន្ទរកថារបស់គាត់លើកញ្ចក់ទូរទស្សន៍ជាតិកាលពីព្រឹកថ្ងៃសៅរ៍ដែលគាត់បានចោទប្រកាន់មេដឹកនាំ Wagner លោក Yevgeny Prigozhin ថាបាន “ប្រើអាវុធចាក់ពីក្រោយ” ដែលជាអំពើក្បត់ជាតិ។

តាំងពីពេលនោះមកគេមិនបានឃើញគាត់ជាសាធារណៈ ហើយក៏មិនមានសុន្ទរកថាប្រធានាធិបតីថ្មីត្រូវបានគេគ្រោងទុកសម្រាប់ចាក់ផ្សាយនាពេលខាងមុខទៀតនោះទេ។ នៅក្នុងបទសម្ភាសដែលបានថតទុកមុននៅលើទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យទំនងដូចជាត្រូវបានធ្វើឡើងមុនពេលមានការបះបោរនោះ លោកពូទីនបាននិយាយថាលោកមានជំនឿចិត្តលើវឌ្ឍនភាពនៃសង្គ្រាមនៅអ៊ុយក្រែន។

វិធានការ​ពង្រឹងសន្តិសុខ​ប្រឆាំងនឹង​ភេរវជន​នៅ​តែ​មានជាបន្ត​នៅ​ក្នុង​ទីក្រុង​មូស្គូ ប៉ុន្តែនៅ​មិនទាន់ដឹង​ច្បាស់​ថា​តើ​លោក​ប្រធានាធិបតី​ពូទីន​នៅ​ក្នុង​រដ្ឋធានី​​ឬ​អត់​នោះទេនៅ​ពេល​នេះ។

គេ​រំពឹង​ថា​លោក​ពូទីន​នឹង​វាយ​បក​តាម​មធ្យោបាយ​ផ្សេងៗ ទាំង​ផ្នែក​យោធា​នៅ​អ៊ុយក្រែននិងមកលើ​អ្នក​ប្រឆាំងនៅ​ក្នុង​ប្រទេស​រុស្ស៊ី។

ប៉ូឡូញ MEP Radek Sikorski បានប្រាប់ BBC ថា មេដឹកនាំរុស្សីនឹង “បោសសំអាតឲ្យអស់អ្នកដែលវង្វេងផ្លូវ” បានន័យថា របបរបស់គាត់នឹងក្លាយទៅជារបប “កាន់តែផ្តាច់ការខ្លាំងឡើង និងឃោរឃៅជាងក្នុងពេលណាៗទាំងអស់”។

  • តើ Prigozhin នឹងធ្វើអ្វីនៅបេឡារុស្ស?

មេបះបោរគឺ Yevgeny Prigozhin គាត់នៅមានសេរីភាពបើទោះបីជាបានព្យាយាមផ្តួលរំលំរបបដឹកនាំយោធារុស្ស៊ីក៏ដោយ ក៏ការចោទប្រកាន់ប្រឆាំងនឹងរូបលោកត្រូវបានទម្លាក់ចោល។ ប៉ុន្តែ​យើង​មិន​ដឹង​ពីព័ត៌មាន​លម្អិត​ទាំងអស់​ស្តីពីកិច្ច​ព្រមព្រៀង​ដែល​ត្រូវ​បាន​សម្រេច​រវាង​វិមាន​ក្រឹមឡាំង និង​លោក Wagner នោះទេ។

អ្នកវិភាគរុស្ស៊ីមិននឹកស្មានថាហេតុអ្វីលោក Prigozhin បានបាត់ខ្លួនស្ងាត់ៗទាំងយប់ទាល់តែសោះនោះទេ។

មេទាហានស៊ីឈ្នួល ដែលជាមនុស្សឆ្នើមដឹកនាំយុទ្ធជនរាប់ម៉ឺននាក់ប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ក៏ជាឥស្សរជនដ៏សំខាន់ម្នាក់របស់ប្រធានាធិបតី ពូទីន ដែលបានធ្វើប្រតិបត្តិការគាំទ្រអស់រយៈពេលជាយូរមកហើយ។

គាត់បានចំណាយពេលអស់ជាច្រើនឆ្នាំហើយដើម្បីធ្វើការងារដ៏ស្មោកគ្រោកឲ្យវិមានក្រឹមឡាំងចាប់តាំងពីមានការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ីរី រហូតដល់ការប្រយុទ្ធនៅអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ នៅពេលដែលគាត់ត្រូវបានបញ្ចូលទៅឧបទ្វីបគ្រីមៀ។

ប៉ុន្តែនៅក្រោយពេលដែលគាត់បានប្រឆាំងនឹងលោកពូទីនធ្វើឲ្យអ្នកខ្លះលើកមកជជែកវែកញែកធ្វើឲ្យមេដឹកនាំរុស្ស៊ីមានការអាម៉ាស់មុខសួរថាតើមានលក្ខណ្ឋអ្វីសម្រាប់ធានាដល់សន្តិសុខរបស់គាត់តើគាត់នៅមានតួនាទីជាអ្វីនាពេលខាងមុខទាំងនេះនៅតែចោទជាសំណួនៅឡើយ។

ក្រុមអ្នកតាមដានស្ថានការណ៍កំពុងតែចោទសួរថាតើមេដឹកនាំបេឡារុស្ស Alexander Lukashenko អាចមានឥទ្ធិពលលើ Prigozhin ក្នុងកម្រិតណា ប្រសិនបើគាត់ទៅ Minsk ហើយប្រសិនបើកងកម្លាំង Wagner ធ្វើតាមគាត់ តើពួកគេនឹងមានការគំរាមកំហែងដល់រុស្ស៊ី បេឡារុស្ស ឬអ៊ុយក្រែនដែឬទេ?

  • ពីមេចុងភៅរបស់ពូទីនរហូតក្លាយទៅជាមេឧទ្ទាមក្បត់ជាតិ

ឥឡូវនេះតើមានអ្វីកើតឡើងចំពោះទាហានស៊ីឈ្នួល Wagner Group?

នៅមុនការបះបោរប្រដាប់អាវុធដ៏ភ្ញាក់ផ្អើលនេះ ក្រុមទាហានស៊ីឈ្នួល Wagner រាប់ម៉ឺននាក់បានដើរតួយ៉ាងសំខាន់នៅក្នុងសង្គ្រាមរបស់លោកពូទីនលើទឹកដីអ៊ុយក្រែន។ ប៉ុន្តែថ្ងៃបញ្ចប់របស់ក្រុម Wagner ដែលជាកងទ័ពឯករាជ្យបានមកដល់ហើយ។

Prigozhin និងកងកម្លាំងរបស់ខ្លួនកំពុងទប់ទល់នឹងសម្ពាធដើម្បីរំលាយក្រុមនេះទៅក្នុងក្រសួងការពារជាតិរុស្ស៊ី ហើយការប្រឆាំងនឹងគម្រោងនេះគេមើលឃើញថាបានបង្វែរជម្លោះដ៏រ៉ាំរ៉ៃនេះទៅជាការបះបោរប្រដាប់អាវុធ។

ដុនបាស់ ជាកន្លែងដែលពួកគេបានកាន់កាប់មូលដ្ឋានយោធា។ អភិបាលក្រុង Voronezh ដែលស្ថិតនៅតំបន់កណ្តាលរវាង Rostov និង Moscow បាននិយាយថា កងកម្លាំង Wagner ក៏កំពុងធ្វើការចាកចេញពីតំបន់របស់គាត់ផងដែរ។

គេនៅមិនទាន់ដឹងច្បាស់ទេថា តើឥឡូវនេះពួកគេនឹងសហការគ្នាជាធម្មតាឬក៏ត្រូវបានដាក់បញ្ចូលទៅក្នុងកងយោធារុស្ស៊ីតាមធម្មតា ឬក៏ទាហានធម្មតារបស់រុស្ស៊ីឥឡូវនេះចូលរួមជាមួយពួកគេ។

ហើយ​តើ​ពួកគេ​នឹង​ត្រឡប់​ទៅ​ប្រយុទ្ធរួម​គ្នានៅ​ក្នុង​តំបន់​ជម្លោះ​ដែលមាន​ស្រាប់​ក្នុង​ប្រទេស​អ៊ុយក្រែន​ដូច​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​បាន​ណែនាំ​ដែឬទេ? ក្រុមអ្នកវិភាគបានលើកឡើងពីកង្វល់ដែលថា យុទ្ធជនអាចដើរតាម Prigozhin ទៅកាន់ភាគខាងលិច ប្រសិនបើគាត់ទៅបេឡារុស្ស ដែលជាតំបន់ដ៏ជិតបំផុតដែលរុស្ស៊ីអាចធ្វើការវាយប្រហាររដ្ឋធានី Kyiv របស់អ៊ុយក្រែន។

  • តើ Wagner Group ជាអ្វី?

តើ​វា​នឹងធ្វើឲ្យមានការ​ប៉ះពាល់​ដល់​សង្គ្រាម​នៅ​អ៊ុយក្រែន​ដែឬទេ?

ក្រុមទាហាន Wagner ជាកងទ័ពដែលទទួលបានជោគជ័យច្រើននៅក្នុងការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ទោះបីជាអ្នកប្រយុទ្ធជាច្រើនរបស់ខ្លួនត្រូវបានរើសចេញពីពន្ធនាគារក៏ដោយដោយសាមានការសន្យាផ្តល់ឲ្យនូវសេរីភាពឡើងវិញសម្រាប់ការបម្រើកងទ័ពនៅជួរមុខ។ ដូចជាពួកគេ​បាន​ចូលរួម​យ៉ាង​ខ្លាំង​ក្នុង​ការវាយ​ដណ្តើម​យក​ទីក្រុង Bakhmut មកឲ្យ​រុស្ស៊ី។

រុស្ស៊ី​អះអាង​ថារហូត​មក​ដល់​ពេល​នេះការ​បះបោរ​មិន​មានបញ្ហា​អ្វីធ្វើឲ្យប៉ះពាល់​ដល់​យុទ្ធនាការនៅ​អ៊ុយក្រែន​របស់​ខ្លួននោះទេ ។

កងកម្លាំងរុស្ស៊ីនឹងមិនមានការងឿងឆ្ងល់នូវអ្វីដែលកំពុងកើតឡើងនោះទេដែលព័ត៌មាននេះអាចនឹងធ្វើឲ្យខូចទឹកចិត្តកងទ័ព។ អ្នក​ខ្លះ​​យល់​ថាវាអាច​នឹង​មាន​ការ​ប្រយុទ្ធ​គ្នា​។

ជាមួយនឹងការបះបោរក្នុងរយៈពេលដ៏ខ្លីហើយឥឡូវនេះ Prigozhin ទំនងជាកំពុងធ្វើដំណើរនិរទេស ខ្លួនមានមនុស្សជាច្រើនកំពុងសួរថាតើអ្នកប្រយុទ្ធរបស់គាត់នឹងធ្វើអ្វីបន្តទៀត។

ការចោទប្រកាន់ទំនងជាត្រូវបានទម្លាក់ចោលចំពោះអ្នកដែលពាក់ព័ន្ធនឹងការបះបោរនេះ។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីកងទ័ព Wagner ចាកចេញពីទីក្រុង Rostov-on។

ការប្រជែងគ្នាអាចធ្វើឲ្យមានការរង្គោះរង្គើឡើងវិញនៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃសៅរ៍នេះ។

ការព្រួយបារម្ភអំពីហានិភ័យនៅអ៊ុយក្រែនសម្រាប់រុស្ស៊ីដែលនឹងមានការបង្កើនការវាយលុករបស់ក្រុមមេដឹកនាំឧទ្ទាមឆ្លងដែនដែលកំពុងស្វែងរកឱកាសបង្កអស្ថិរភាពដោយធ្វើការវាយប្រហារឆ្លងកាត់ព្រំដែន។

កងកម្លាំងរបស់ទីក្រុង Kyiv បានចាប់ផ្តើមការវាយលុកដើម្បីទាមទារយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីមកកាន់កាប់វិញ ហើយគេជឿថាភាពចលាចលនៅក្នុងប្រទេសរុស្ស៊ីផ្តល់នូវ “ឱកាស” ល្អមួយ។

អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសអ៊ុយក្រែន លោក Bill Taylor បានប្រាប់ BBC ថា កងកម្លាំងអ៊ុយក្រែនស្ថិតក្នុង “ទីតាំងល្អ” ហើយចាប់បានចំណុចខ្សោយខាងយុទ្ធសាស្ត្រដោយសាតែចលនាបោះបោរភ្លាមៗរបស់ក្រុម Wagner ។

 

  • អ៊ុយក្រែននៅក្នុងផែនទី៖ យឺតក្នុងការវាយបក

តើអាមេរិក និង​សម្ព័ន្ថមិត្ត​​បាន​ដឹង​​មុនដែរឬទេ?

បើតាមសារព័ត៌មានអាម៉េរិករាយការណ៍ថាខណៈដែលមានការបះបោររបស់ Prigozhin ភ្នាក់ងារចារកម្មអាម៉េរិកចាប់បានសញ្ញាគ្រោងនឹងធ្វើសកម្មភាពរួចទៅហើយថែមទាំងបានពន្យល់ប្រាប់ប្រធានាធិបតី Joe Biden រួមជាមួយនឹងមេដឹកនាំសភាសំខាន់ៗនៅដើមសប្តាហ៍នេះទៀតផង។

CNN បានរាយការណ៍ថា ចារកម្មរបស់សហរដ្ឋអាម៉េរិកបានរកឃើញថា មេដឹកនាំក្រុមទាហានស៊ីឈ្នួលកំពុងផ្ទុកអាវុធ គ្រាប់រំសេវ និងឧបករណ៍ផ្សេងៗទៀតនៅជិតព្រំដែនរុស្ស៊ី។

យោងតាមកាសែត New York Times ប្រធានាធិបតី Biden បាននិយាយជាមួយមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសមានការព្រួយបារម្ភថា ការគ្រប់គ្រងរបស់លោក Putin លើឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់រុស្ស៊ីអាចមានចន្លោះប្រហោងនៅចំពេលមានភាពវឹកវរ។

សារព័ត៌មានបាននិយាយថា មេចារកម្មអាម៉េរិកបានតាមដានទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាង Prigozhin និងមន្ត្រីការពារជាតិរុស្ស៊ីអស់ជាច្រើនខែមកហើយ ហើយបើយោងតាមការស៊ើបការណ៍សម្ងាត់បានសន្និដ្ឋានថា វាជាសញ្ញាមួយសម្រាប់សង្រ្គាមនៅអ៊ុយក្រែនកំពុងដំណើរការយ៉ាងធ្ងន់ធ្ងរសម្រាប់ភាគីទាំងសងខាងគឺទាំង Wagner និងខាងយោធាធម្មតា។

Washington Post និយាយថា សហរដ្ឋអាម៉េរិកប្រហែលជាបានគិតថា Prigozhin កំពុងរៀបចំផែនការអ្វីមួយនៅដើមពាក់កណ្តាលខែមិថុនា។

ក្រឹត្យមួយចេញកាលពីថ្ងៃទី ១០ ខែមិថុនាដោយក្រសួងការពារជាតិរបស់រុស្ស៊ីបានបញ្ជាឲ្យក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ដូចជា Wagner Group ចុះហត្ថលេខាលើកិច្ចសន្យាជាមួយរដ្ឋាភិបាលដែលនឹងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងកងទ័ពស៊ីឈ្នួលរបស់ Prigozhin ។

ក្រុមមន្ត្រីបានប្រាប់កាសែតថា “មានសញ្ញាគ្រប់គ្រាន់ដើម្បីប្រាប់ថ្នាក់ដឹកនាំថាមានអ្វីមួយនឹងកើតឡើង” ប៉ុន្តែលក្ខណៈពិតប្រាកដនៃផែនការរបស់ Prigozhin វាមិនច្បាស់លាស់នៅមុនពេលមានការបះបោរ។

សារព័ត៌មានបានរាយការណ៍ថាអ្នកស៊ើបការណ៍ផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី ពូទីន បានប្រាប់គាត់ថា Prigozhin កំពុងរៀបចំផែនការអ្វីមួយ តែវានៅ​មិនទាន់ដឹង​ច្បាស់​ថា​ពេល​ណា​។

កាសែត​នេះ​បាន​ដក​ស្រង់​សម្តី​មន្ត្រី​អាម៉េរិក​ម្នាក់​ដែល​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថាការបះបោរ​ពិត​ជាកើតឡើងនៅក្នុងរយះពេល ២៤ ម៉ោង​មុននេះ។

 

  • តើប្រជាជនរុស្ស៊ីមានទស្សនះដូចម្តេច?

យោងតាមសុន្ទរកថារបស់លោក ពូទីន ថ្លែងទៅកាន់ប្រទេសជាតិ ក្នុងខណៈដែលវិបត្តិកំពុងកើតឡើងត្រូវបានគេយល់ឃើញថាជាសញ្ញាមួយបង្ហាញថាលោកបានមើលឃើញការគំរាមកំហែងដ៏ធ្ងន់ធ្ងរហើយបានអះអាងក្នុងការធានាសន្តិសុខជូនសាធារណៈជនរុស្ស៊ី។

លោក Tatiana Stanovaya អ្នកវិភាគឈានមុខគេរបស់រុស្ស៊ី បានសរសេរនៅលើ Telegram ថា “មនុស្សជាច្រើនក្នុងចំណោមឥស្សរជនបានបន្ទោសលោកពូទីនដោយផ្ទាល់ចំពោះអ្វីគ្រប់យ៉ាងដែលបានដំណើរការរហូតមកដល់ពេលនេះដែលថាមិនមានប្រតិកម្មជាក់លាក់ពីប្រធានាធិបតីនៅក្នុងពេលនោះទេ” ។ ដូច្នេះ​ហើយ​រឿងរាវ​ទាំងមូល​នេះ​វាធ្វើឲ្យ​តំណែង​របស់លោក​ពូទីនរងការរង្គោះរង្គើ​ផង​ដែរ​។

វាពិបាកក្នុងការធ្វើសេចក្តីសន្និដ្ឋានចំពោះមតិសាធារណៈរបស់រុស្សីទាំងមូលដែលធ្វើឲ្យមេដឹកនាំប្រទេសមានការព្រួយបារម្ភចំពោះការអបអរសាទររបស់សាធារណជនដល់អង្គភាព Wagner នៅក្នុងការចាប់យកទីក្រុង Rostov ។

នៅពេលដែលកងទ័ព Wagner បានចាកចេញពីទីក្រុងដែលពួកគេបានចាប់យកមកកាន់កាប់ក្នុងអំឡុងពេលបះបោរពួកគេត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សដែលជាអ្នកគាំទ្រជាក់ស្តែងគេបានមកអបអរសាទរ ទះដៃ និងថតរូបជាមួយក្រុម Wagner ។

វាគួរឲ្យកត់សម្គាល់ផងដែថា អ្នកស្រុកមួយចំនួនហាក់ដូចជាប្រញាប់ចាកចេញពីទីក្រុងតាមរថភ្លើងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុម Wagner បានមកដល់៕