សុខភាព

តើអ្នកដឹងទេការរួមភេទដល់ចំណុចកំពូលជួយឲ្យអ្នកឆាប់គេងលក់ស្រួល

ដោយ៖ប្រសិទ្ធ

ការរួមភេទជាមួយដៃគូប្រកបដោយភាពសុខស្រួលមុនពេលចូលគេង អាចជួយឲ្យបុរស និងស្ត្រី ឆាប់គេងលក់ និងគេងស្កប់ស្កល់ជាងមុន។

ការសិក្សារកឃើញថា ការរួមភេទជាមួយដៃគូឈានដល់ចំណុចកំពូលមុនពេលចូលគេង អាចជួយឲ្យបុរស និងស្ត្រី ឆាប់គេងលក់ និងគេងស្កប់ស្កល់ជាងមុនយ៉ាងពិតប្រាកដ។ តែការរួមភេទដែលមិនបានដល់ចំណុចកំពូល និងការសម្រេចកាមដោយខ្លួនឯង (បាន ឬមិនបានដល់ចំណុចកំពូល) មិនផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរពេលវេលា សម្រាប់ការចូលគេងនោះទេ។

អ្នកស្រាវជ្រាវបានសរសេរថា “ការសិក្សានេះបញ្ជាក់ពីសារសំខាន់ក្នុងការរកឃើញ ដែលបង្ហាញថាសកម្មភាពផ្លូវភេទ និងភាពស្និទ្ធស្នាលអាចធ្វើអោយការគេង មានសុខុមាលភាពសម្រាប់បុរស និងស្ត្រីជាទូទៅ នេះជាការណែនាំសម្រាប់ការស្រាវជ្រាវនាពេលអនាគត” ។

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Groningen ក្នុងប្រទេសហូឡង់ថា មានអ្នកចូលរួមសាកល្បងទាំងបុរស និងស្ត្រី ចំនួន ២៥៦ នាក់ ភាគច្រើនជានិស្សិត រក្សាកំណត់ហេតុប្រចាំថ្ងៃដែលរៀបរាប់លម្អិត អំពីការគេងដែលទាក់ទងនឹងការរួមភេទរបស់ពួកគេ រយៈពេល ១៤ ថ្ងៃ។ អ្នកស្រាវជ្រាវបានបញ្ជាក់ទៀតថា អ្នករួមភេទជាមួយដៃគូឈានដល់ចំណុចកំពូល ជាមធ្យមបាន ១៦ នាទី ក្រោយការរួមភេទពួកគេមានអារម្នណ៍ងងុយគេង បើធៀបនឹង ១៧ នាទី សម្រាប់អ្នកដែលរួមភេទហើយ មិនឈានដល់ចំណុចកំពូល និង ២០ នាទី សម្រាប់អ្នកដែលមិនបានរួមភេទ។

សម្រាប់អ្នកដែលសម្រេចកាមដោយខ្លួនឯង ពេលវេលាជាមធ្យមក្នុងការងងុយគេងគឺ ២៦ នាទី។ ពេល​នោះគេ​បាន​កាត់​មកនៅ​ត្រឹម ១៩ នាទី ​ប្រសិន​បើ​គេ​បានដល់​ចំណុច​កំពូល។ ហើយ ២០ នាទីសម្រាប់អ្នកដែលមិនសម្រេចកាម។ អ្នកវិទ្យាសាស្ត្របានសង្កេតឃើញថា ការឈានដល់ចំណុចកំពូលជាលទ្ធផលនៃការបញ្ចេញអុកស៊ីតូស៊ីន ដែលមានឈ្មោះហៅក្រៅថា “អរម៉ូននៃសេចក្តីស្រឡាញ់” និង prolactin ដែលជាអរម៉ូនធ្វើឲ្យសុដន់លូតលាស់ ជំរុញការផលិតទឹកដោះ៕