បច្ចេកវិទ្យា

SpaceXចូលរួមបាញ់បង្ហោះឲ្យឥណ្ឌូនេស៊ីទទួលបានអ៊ីនធឺណិតល្បឿនលឿន

ដោយ៖តុលា

ក្រុមហ៊ុន SpaceX បានចូលរួមបាញ់បង្ហោះផ្កាយរណបឲ្យឥណ្ឌូនេស៊ីដោយជោគជ័យកាលពីល្ងាចថ្ងៃអាទិត្យដែលនឹងអនុញ្ញាតឱ្យមានអ៊ីនធឺណិតល្បឿនលឿនទៅកាន់សាលារៀន និងមន្ទីរពេទ្យនៅលើកោះក្រីក្រនៃប្រទេសនេះ។

យោងតាមសារព័ត៌មាន CBS News បានឱ្យដឹងថា SATRIA-1-របស់សាធារណរដ្ឋឥណ្ឌូណេស៊ី ទម្ងន់ ១០១០០ ផោន នឹងស្ថិតនៅក្នុងគន្លងតារាវិថីក្នុងរយៈកម្ពស់ ២២៣០០០ ម៉ាយពីលើអេក្វាទ័រ បន្ទាប់ពីការបាញ់បង្ហោះដោយជោគជ័យកាលពីថ្ងៃអាទិត្យចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះ Cape Canaveral ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិកនៅម៉ោងប្រហែលម៉ោង ៦ និង ២១នាទីល្ងាច។

តាមការបង្ហោះសារដោយលោក Elon Musk នាយកប្រតិបត្តិ និងស្ថាបនិក SpaceX ផ្កាយរណបនេះគឺជាផ្នែកមួយនៃគម្រោង ៥៥០ លានដុល្លារ ក្រោយភាពជាដៃគូសាធារណៈ និង ឯកជនរវាងរដ្ឋាភិបាលឥណ្ឌូនេស៊ី និងប្រតិបត្តិករផ្កាយរណប រួមជាមួយនឹង SpaceX ដើម្បីទទួលបានហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនរបស់ប្រទេសឥណ្ឌូនេស៊ីតាមអ៊ីនធឺណិត។

ផ្កាយរណបនេះមានល្បឿនបញ្ជូន ១៥០ ជីហ្គាបៃក្នុងមួយវិនាទី ដែលធ្វើឱ្យវាអាចទទួលបានអ៊ីនធឺណិតល្បឿនលឿនទៅកាន់អគាររាប់ម៉ឺនអគារនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ពិភពលោក។

ឥណ្ឌូណេស៊ី​អាច​ជា​ប្រទេស​ពិបាក​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ល្បឿន​លឿន​ព្រោះ​ប្រទេស​នេះ​មាន​ប្រជុំ​កោះ​ច្រើនខ្លាំងរហូតដល់ប្រហែល​៦០០០កោះ។Adi Rahman Adiwoso ជានាយកប្រតិបត្តិនៃប្រតិបត្តិករផ្កាយរណបដែលចាប់ដៃគូនៃប្រទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាមួយនឹងសមត្ថភាព ១៥០ Gbps (SATRIA) អាចផ្តល់ច្រើនជាងបីដងនៃសមត្ថភាពអ៊ីនធើណេតជាតិរួមបញ្ចូលគ្នាដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន”។

គួរបញ្ជាក់បន្តិចថា ផ្កាយរណបនេះគឺជាការបាញ់បង្ហោះស្រឡាយរ៉ុក្កែត Falcon លើកទី ៤១ហើយរបស់ SpaceX ក្នុងឆ្នាំ ២០២៣នេះ៕

ប្រភព៖Dailymail