អន្តរជាតិ

មហាសេដ្ឋីអាម៉េរិកជួបមេដឹកនាំចិនខណៈដែលភាពតានតឹងរវាងអាម៉េរិកនិងចិនកើនឡើង

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅថ្ងៃសុក្រនេះ ខណៈដែលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែឡើងកម្តៅខ្លាំងគួឲ្យកត់សម្គាល់។

លោក Xi បានប្រាប់លោក Gates ថាគាត់គឺជា “មិត្តដំបូងគេបង្អស់” ដែលគាត់បានជួបនៅទីក្រុងប៉េកាំងក្នុងឆ្នាំនេះ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋរបស់ចិន។

លោក Gates គឺជាអ្នកដឹកនាំធុរកិច្ចអាម៉េរិកដ៏ល្បីបំផុតចុងក្រោយបង្អស់ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីចិនបានបើកប្រទេសឡើងវិញ។

នៅចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនផងដែរ។

ខ្ញុំតែងតែនិយាយថាគ្រឹះនៃទំនាក់ទំនងរវាងចិននឹងអាម៉េរិកគឺស្ថិតនៅក្នុងចំណោមប្រជាជន ហើយយើងតែងតែសម្លឹងមើលទៅប្រជាជនអាម៉េរិកយើងសង្ឃឹមថាប្រជាជនទាំងពីរនឹងបន្តភាពជាមិត្ត” លោក Xi បាននិយាយទៅកាន់លោក Gates យ៉ាងដូច្នេះ។

វាគឺជាជំនួបលើកដំបូងរបស់លោក Xi ជាមួយឥស្សរជនធុរកិច្ចបរទេសនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ គាត់បានឈប់ធ្វើដំណើរទៅក្រៅប្រទេសចាប់តាំងពីឆ្នាំ ២០២០ នៅពេលដែលប្រទេសចិនបិទប្រទេសរបស់ខ្លួនក្នុងអំឡុងពេលជំងឺរាតត្បាត។ លោក Xi និងលោក Gates ត្រូវបានគេដឹងថាបានជួបគ្នាចុងក្រោយក្នុងឆ្នាំ ២០១៥ ។

ឆ្នាំនេះ Elon Musk របស់ Tesla, Jamie Dimon នៃ JP Morgan និង Tim Cook របស់ Apple បានធ្វើដំណើរទៅកាន់ប្រទេសចិនផងដែ។

ខណៈ​ដែល​ពួកគេ​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ចិន ពួកគេ​មិនបាន​ជួប​លោក Xi ទេ។

លោក Gates ស្ថិតនៅក្នុងប្រទេសចិនក្នុងតួនាទីរបស់គាត់ជាសហប្រធាននៃមូលនិធិ The Bill and Melinda Gates ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលគាត់បានចាប់ផ្តើមជាមួយអតីតភរិយារបស់គាត់។

កាលពីឆ្នាំ ២០២០ លោក Gates បានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Microsoft ដោយងាកមកផ្តោតលើបញ្ហាសុខភាពពិភពលោក ការអប់រំ និងការប្រែប្រួលអាកាសធាតុវិញម្តង។

គាត់បានលាឈប់ពីតួនាទីនាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សកាលពី ១២ ឆ្នាំមុន។

ចំណែកលោក Blinken ដែលជាមន្ត្រីខុទ្ទកាល័យរបស់សហរដ្ឋអាម៉េរិកដំបូងគេបានធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៩ បានគ្រោងនឹងមកដល់ទីក្រុងប៉េកាំងនៅចុងសប្តាហ៍នេះ។ តែទោះជាយ៉ាងណាក៏ដោយក៏ការរំពឹងទុកនេះនៅមានកម្រិតទាបនៅឡើយ៕