សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស្វែងរកអ្នកដែលបាត់ខ្លួនក្នុងសមុទ្រដោយសារជួយសង្គ្រោះជីវិតកូន

ដោយ៖រតនា

ព្រះសីហនុ៖បុរសម្នាក់ឃើញកូនប្រុសចុះលេងទឹកសមុទ្រនៅឆ្នេរអូរឈើទាលបម្រុងនឹងលង់ក៏ស្ទុះរត់ចុះទៅចាប់រុញកូនមកទឹករាក់វិញ  តែបែរជារលកបោកយកខ្លួនឯងបាត់នៅក្នុងសមុទ្រអស់ជាច្រើនម៉ោង ហើយរហូតមកដល់ពេលនេះគេនៅមិនទាន់រកឃើញទេ។

ប្រពន្ធជនរងគ្រោះឈ្មោះ ចាន់ ភាវី អាយុ37 ឆ្នាំបានឲ្យដឹងថា ប្តីរបស់គាត់ដែលបានបាត់ខ្លួនមានឈ្មោះផេង ពិសិដ្ឋ អាយុ 43 ឆ្នាំ នៅរាជធានីភ្នំពេញមានមុខរបរធ្វើការឯកជនpilip bank។ចាន់ ភាវីបានឲ្យដឹងទៀតថា នៅម៉ោងជាង១រសៀលថ្ងៃទី១១ មិថុនា ២០២៣ កូនប្រុសរបស់គាត់បានចុះលេងទឹកសមុទ្រហើយឈ្លក់ទឹក។ ឃើញដូចនោះប្ដីរបស់គាត់បានស្ទុះចុះទៅជួយកូនឲ្យរួចផុតពីឈ្លក់ទឹក តែមិនដឹងជាមូលហេតុអ្វីរំពេចនោះក៏ស្រាប់តែបាត់ខ្លួនឪពុកទៅក្នុងសមុទ្រតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុនេះបានកើតឡើង ក្រុមប្រតិបត្តិការបានស្វែងរកជនរងគ្រោះរហូតដល់ម៉ោងជិត៨យប់ថ្ងៃទី១១ មិថុនាឆ្នាំ២០២៣ នៅពុំទាន់រកឃើញនៅឡើយទេ។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ គេសង្កេតឃើញថា រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយឯកឩត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានប្រើប្រាស់កម្លាំងសរុប ទាំងសមត្ថកិច្ចនិងក្រុមការងារសង្គ្រោះស្ម័គ្រចិត្ត និងក្រុមសង្គ្រោះរបស់ អ្នកឩកញ៉ា ទៀ វិចិត្រដើម្បីស្វែងរកជនរងគ្រោះនៅសមុទ្រខាងមុខអូរឈើទាលនិងពង្រីកតំបន់ស្វែងរកនៅក្បែរនោះក៏នៅតែមិនទាន់បានប្រទះឃើញ៕