សន្ដិសុខសង្គម

បំបែកសំណុំរឿងសម្លាប់មនុស្សញាត់ក្នុងវ៉ាលិសយកទៅចោលនៅស្រុកពញាឮ

ដោយ៖រតនា

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៤នាក់ពាក់ព័ន្ធក្នុងរឿងសម្លាប់មនុស្សយកសពញាត់ក្នុងវ៉ាលិសហើយយកទៅទម្លាក់ចោលនៅច្រាំងទន្លេក្នុងស្រុកពញាឮ ខេត្តកណ្តាលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីដើមខែមិថុនា ឆ្នាំ២០២៣។

(រូបថតៈ សមត្ថកិច្ច)

លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី៣ មិថុនាមានជនមិនស្គាលមុខបានសម្លាប់មនុស្សហើយញាត់ក្នុងវ៉ាលិសឲ្យគេដឹកយកទៅចោលនៅច្រាំងទន្លេមួយកន្លែងក្នុងភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ។

(រូបថតៈ សមត្ថកិច្ច)

សមត្ថកិច្ចជំនាញបានត្រួតពិនិត្យលើសាកសពនៅក្នុងវ៉ាលិសនោះបានរកឃើញថា អ្នកដែលស្លាប់គេដឹកយកសពទៅចោលនោះគឺឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន។

អ្នកនាំពាក្យនគរបាលខេត្តបានឲ្យដឹងទៀតថា ក្រោយពីបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់យើងបានបំបែកសំណុំរឿងឃាតកម្មនេះ។ជាក់ស្តែងចាប់ពីថ្ងៃទី៧មិថុនា រហូតមកដល់ត្រឹមថ្ងៃទី១០មិថុនា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមជាបន្តបន្ទាប់បានចំនួន៤នាក់។ ពួកគេស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញជាមួយអ្នកស្លាប់ដែរ។

(រូបថតៈ សមត្ថកិច្ច)

ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី៣០ ឧសភា ពួកគេ ពិតជាបានចាប់ធ្វើទារុណកម្មលើជនរងគ្រោះនៅក្នុងបន្ទប់លេខ១០៤ ហើយបានយកជនរងគ្រោះទៅឃុំទុកនៅបន្ទប់លេខ៣០២ ដោយពួកគេបានចោទថា ជនរងគ្រោះបានលួចលុយរបស់ក្រុមហ៊ុនអស់ចំនួន៧ពាន់ដុល្លារអាម៉េរិក។

(រូបថតៈ សមត្ថកិច្ច)

លុះដល់ថ្ងៃទី៣១ ឧសភា បក្ខពួកជនសង្ស័យក៏បានដឹកជនរងគ្រោះចេញពីបន្ទប់៣០២ តាមរថយន្ត០១គ្រឿងម៉ាក STAREX ពណ៌ស យកទៅទម្លាក់ចោលនៅច្រាំងទន្លេក្នុងស្រុកពញាឭខេត្តកណ្តាលបង្កឲ្យមានការភ្ញាក់ផ្អើលដែលឈានទៅដល់ការឃាត់ខ្លួន។

គិតត្រឹមល្ងាចថ្ងៃទី១១ មិថុនា ឆ្នាំ២០២៣ ជនសង្ស័យជាជនជាតិចិនទាំង៤នាក់ដែលកម្លាំងសមត្ថកិច្ចសហការចាប់ខ្លួនបានជាបន្តបន្ទាប់នោះ គឺកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមច្បាប់៕