អន្តរជាតិ

អាម៉េរិកប្រកាសកញ្ចប់ជំនួយយោធាថ្មី២,១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន

ដោយ៖តុលា

បរិយាកាសប្រថុយប្រថាន សហរដ្ឋអាម៉េរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីជាង ២ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈរួមមានសំខាន់ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវ។

យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រ ទី ៩ ខែមិថុនា ឆ្នាំ២០២៣ ជំនួយ២.១ពាន់លានដុល្លារចុងក្រោយនេះ នឹងរួមបញ្ចូលនូវអាវុធបន្ថែមដូចជាប្រព័ន្ធការពារដែនអាកាស Patriot, ប្រព័ន្ធការពារដែនអាកាស Raytheon HAWK និងកាំជ្រួច, គ្រាប់រំសេវកាំភ្លើងធំ ១០៥មិលី្លម៉ែត្រ និង ២០៣មិលី្លម៉ែត្រ, ប្រព័ន្ធអាកាសគ្មានមនុស្សបើក AeroVironment Puma, ប្រព័ន្ធគ្រាប់រ៉ុក្កែតដឹកនាំដោយឡាស៊ែរ និងការ  គាំទ្រការបណ្តុះបណ្តាល និងថែទាំ។ “កញ្ចប់នេះបង្ហាញពីគោលបំណងសំខាន់ ការ  ប្តេជ្ញាចិត្តបន្តរបស់អាម៉េរិកចំពោះសមត្ថភាពដ៏សំខាន់ក្នុងរយៈពេលដ៏ខ្លីរបស់អ៊ុយក្រែន ក៏ដូចជាសមត្ថភាពយូរអង្វែងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដើម្បីការពារទឹកដីរបស់ខ្លួន និងរារាំងការឈ្លានពានរបស់រុស្ស៊ីក្នុងរយៈពេលវែង”។

ដូចបានជម្រាបបញ្ជាក់រាល់ដង អាវុធដែលប្រកាសនឹងមិនត្រូវយកចេញពីឃ្លាំងដែលមានស្រាប់របស់អាម៉េរិកទេ ពោលគឺនឹងយកថវិកាទៅបញ្ជាទិញពីរោងចក្រឲ្យអ៊ុយ​​​  ក្រែនផ្ទាល់តែម្តង។ បូកទាំងជំនួយចាស់ចាប់ពីសង្រ្គាមដំបូង រដ្ឋបាល Biden បានផ្តល់ជំនួយសន្តិសុខជាង ៣៧,៦ ពាន់លានដុល្លារហើយដល់អ៊ុយក្រែន។ ការផ្តល់ជូនដ៏ក្រាស់ក្រែលចុងក្រោយ កើតឡើងក្រោយពេលដែលដឹងថា កងកម្លាំងអ៊ុយក្រែនហាក់ដូចជាកំពុងបើកប្រតិបត្តិការរំដោះ ការប្រយុទ្ធគ្នានៅប៉ុន្មានថ្ងៃចុងក្រោយនៅភាគខាងកើត និងខាងត្បូងជាមួយរុស្ស៊ីកាន់តែខ្លាំងទៅៗ គួបផ្សំនឹងបញ្ហាឈឺក្បាលរឿងបាក់ទំនប់វារីអគ្គិសនី Kakhovka៕

ប្រភព៖ AFP