អន្តរជាតិ

រុស្ស៊ីថានឹងបញ្ជូនអាវុធនុយក្លេអ៊ែរទៅបេឡារុស្សនៅដើមខែកក្កដា

ដោយ៖តុលា

រុស្ស៊ីសម្រេចថានឹងបញ្ជូនអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារុសឆាប់ៗនេះ ពោលគឺនៅក្រោយថ្ងៃទី ៧ និង ៨ ខែកក្កដា នៅពេលរៀបចំកន្លែងដាក់រួចរាល់។

នេះបើតាមសម្ដីរបស់លោកប្រធានាធិបតីរុស្ស៊ីវ្ល៉ា ឌឹមៀរពូទីន កាលពីថ្ងៃទី ៩ ខែមិថុនា ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីនៃប្រទេសបេឡារុស លោក Alexander Lukashenko ក្នុងកិច្ចប្រជុំមួយនៅទីក្រុង Sochi។ នាពេលទទួលទានអាហារថ្ងៃត្រង់នៅរមណីយដ្ឋានសមុទ្រខ្មៅ លោកពូទីនបានមានប្រសាសន៍ថា “អ្វីៗគ្រប់យ៉ាងដំណើរការទៅតាមផែនការ”។

សម្រង់សម្ដីបន្ត “ការរៀបចំគ្រឿងបរិក្ខារពាក់ព័ន្ធនឹងបញ្ចប់នៅថ្ងៃទី ៧-៨ ខែកក្កដា ហើយយើងនឹងចាប់ផ្តើមភ្លាមៗនូវសកម្មភាពទាក់ទងនឹងការដាក់ពង្រាយអាវុធប្រភេទសមស្របនៅលើទឹកដីរបស់អ្នក”។

Lukashenko តបភ្លាមថា “សូមអរគុណលោក Vladimir Vladimirovich” ដែលជាឈ្មោះដំបូងរបស់លោកពូទីន។ អស់រយៈពេលជាង ១៥ ខែហើយដែលមានសង្រ្គាមដីគោកដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ លោកពូទីននិយាយថា សហរដ្ឋ​ អាម៉េរិកនិងសម្ព័ន្ធមិត្តលោកខាងលិចកំពុងបូមអាវុធចូលទៅក្នុងអ៊ុយក្រែន ដែលជាផ្នែកនៃសង្គ្រាមប្រូកស៊ីដែលកំពុងពង្រីក មានបំណងចង់ឲ្យប្រទេសរុស្ស៊ីឱ្យលុតជង្គង់។ ពូទីនថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស គឺមិនខុសអ្វីនឹងសម្ព័ន្ធណាតូ គូកនអាម៉េរិកនោះទេ៕

ប្រភព៖ AFP