អន្តរជាតិ

រកឃើញក្មេង៤នាក់រួមទាំងទារកក្រោយធ្លាក់យន្តហោះក្នុងព្រៃអាម៉ាហ្សូន៤០ថ្ងៃ

ដោយ៖តុលា

​គេបានរកឃើញក្មេងៗជនជាតិដើមភាគតិច៤នាក់ រួមទាំងទារកតូចកាលពីថ្ងៃសុក្រទី ៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោយបានបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូនអស់រយៈពេល ៤០ថ្ងៃ បន្ទាប់ពីធ្លាក់យន្តហោះខ្នាតតូចរបស់ពួកគេ។

លោក Gustavo Petro ប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃសុក្រថា បានរកឃើញកុមារចំនួន៤នាក់ជាជនជាតិភាគតិច Uitoto។ ពួកគេមានអាយុចាប់ពី ១១ខែដល់ ១៣ ឆ្នាំ។​ លោកបានមានប្រសាសន៍ថា “ពួកគេគឺជាឧទាហរណ៍នៃការរស់រានមានជីវិតដែលនឹងចារទុកនៅក្នុងប្រវត្តិសាស្ត្រ”។ “ថ្ងៃនេះ កុមារទាំងនោះគឺជាកូននៃសន្តិភាព និងជាកូនរបស់កូឡុំប៊ី”។ “ការងាររវាងកងកម្លាំងប្រដាប់អាវុធ និងសហគមន៍ជនជាតិដើមភាគតិច ដែលច្បាស់ជាស្គាល់ព្រៃច្រើនជាងយើង ការងារនោះបានជោគជ័យ”។ “សហគមន៍ជនជាតិដើមភាគតិច និងយោធាបានរកឃើញកុមារទាំងនោះហើយ”។

នៅពេលសួរថាតើមានសុខភាពល្អឬអត់ Petro បាននិយាយថា វានឹងចំណាយពេល សម្រាប់វេជ្ជបណ្ឌិតដើម្បីធ្វើការពិនិត្យមើលឲ្យច្បាស់លាស់សិន។ Petro បាននិយាយថា តែតាមការមើលបឋម “សុខភាពរបស់ពួកគេត្រូវតែចុះខ្សោយហើយ” ពួកគេនឹងត្រូវផ្តល់ឲ្យនូវអាហារហូបចុកភ្លាមៗ ជំនួសឱ្យអ្វីដែលពួកគេបានបរិភោគទ្រទ្រង់ពួកគេនៅក្នុងព្រៃ។ លោក​បាន​បន្ត​ថា​៖ “​យើងក៏​ត្រូវ​ពិនិត្យ​មើល​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេផងដែរ”។

សូមជម្រាបថាមុននឹងឈានដល់ការរកឃើញក្មេងទាំង៤នាក់នេះ ដំបូងគឺយន្តហោះរបស់ពួកគេត្រូវបានជួបឧប្បត្តិហេតុម៉ាស៊ីនខូច ហើយក៏បានធ្លាក់នៅក្នុងតំបន់ព្រៃអាម៉ាហ្សូនថ្ងៃទី ១ ខែឧសភា។ បំណែកដំបូងរបស់យន្តហោះត្រូវបានរកឃើញជាងពីរសប្តាហ៍ក្រោយពេលធ្លាក់។ មន្ត្រីបាននិយាយថា សាកសពបីនាក់ សុទ្ធតែជាមនុស្សពេញវ័យទាំងអស់ រួមទាំងម្តាយរបស់កុមារ ត្រូវបានគេរកឃើញនៅទីតាំងនោះ។ កម្លាំងប្រដាប់អាវុធកូឡុំប៊ីបានប្រើសត្វឆ្កែតាមហិតក្លិន រហូតបានរកឃើញកុមារទាំងនេះ៕

ប្រភព៖ALJAZEERA