អន្តរជាតិ

ពូទីនថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានចាប់ផ្តើមហើយតែត្រូវបរាជ័យ

ដោយ៖តុលា

ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែននៅទីបំផុតបានចាប់ផ្តើមហើយ តែវាកំពុងត្រូវបានបរាជ័យក្រោមថ្វីដៃរបស់កងកម្លាំងរុស្ស៊ី។

ថ្លែងក្នុងទីក្រុង Sochi ភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ លោកពូទីនមេដឹកនាំរុស្ស៊ីបានកត់សម្គាល់ថា “ការវាយលុករបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនគឺពិតជាបានចាប់ផ្តើមមែន”។ “ខណៈនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការប្រើប្រាស់ទុនបម្រុងជាយុទ្ធសាស្ត្រ”។ តាមរបាយការណ៍ក្រសួងការពារជាតិ កងទ័ពអ៊ុយក្រែនមិនបានសម្រេចគោលដៅរបស់ពួកគេក្នុងវិស័យណាមួយទេ។ ពូទីនថា “អរគុណចំពោះភាពក្លាហានរបស់ទាហានរុស្ស៊ីយើង និងការរៀបចំកងទ័ពត្រឹមត្រូវ”។

បើតាមវិទ្យាស្ថានសិក្សាពីសង្រ្គាមដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានប្រាប់ថា អ៊ុយក្រែនហាក់ដូចជាកំពុងបើកប្រតិបត្តិការរំដោះមែន។ អ៊ុយក្រែនដែលមានការគាំទ្រពីកម្លាំងរថក្រោះ កាំភ្លើងធំនោះ កំពុងវាយលុកតំបន់ភាគខាងត្បូង Zaporizhzhia  និងព្យាយាមទម្លុះខ្សែការពាររុស្ស៊ីយ៉ាងខ្លាំង។ មកទល់នឹងពេលនេះ គេពុំទាន់ទទួលបានដំណឹងឯករាជ្យពីជោគជ័យរបស់អ៊ុយក្រែនណាមួយនៅឡើយទេ៕

ប្រភព៖ AFP