សន្ដិសុខសង្គម

យករថយន្តមួយគ្រឿងប្លុងចោលនៅមុខក្រុមហ៊ុនរបស់គេបង្កឲ្យមានការភ្ញាក់ផ្អើល

ដោយ៖រតនា

ភ្នំពេញ៖រថយន្តធុនតូចមួយគ្រឿងត្រូវបានគេយកទៅចតចោលនៅចំពីមុខក្រុមហ៊ុនឯកជនមួយនៅម្តំខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញតាំងពីព្រឹកថ្ងៃទី៨រហូតដល់ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣បង្កឲ្យមានការសង្ស័យនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រថយន្តដែលគេយកទៅប្លុងចោល
សមត្ថកិច្ចនគរបាលចុះពិនិត្យរថយន្តដែលយកទៅប្លុងចោលនៅមុខក្រុមហ៊ុនរបស់គេ(រូបថតៈបូរក្ស)

បុគ្គលិកក្រុមហ៊ុនឯកជននៅទីនោះបានឲ្យដឹងថា នៅប្រហែលជាម៉ោងជាង៩ព្រឹកថ្ងៃទី៨ ខែមិថុនា មានជនមិនស្គាលមុខបានយករថយន្តតូចម៉ាកToyota  Prius មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AX-8853ទៅចតទុកចោលទាំងទទឹងទិសនៅចំពីមុខក្រុមហ៊ុនឯកជនមួយរបស់គេ ស្ថិតនៅបុរីអាកាសចរណ៍ ផ្លូវសហពន្ធ័រុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តមានស្នាមកំពឹតនៅផ្នែកខាងមុខ(រូបថតៈបូរក្ស)

បុគ្គលិកក្រុមហ៊ុនបានឲ្យដឹងទៀតថា ក្រោយពីយករថយន្តទៅទុកចោលហើយម្ចាស់រថយន្តនោះក៏បានគេចខ្លួនចេញបាត់ដោយមិនបានជូនដំណឹងអ្វីឡើយ។ តាមការពិនិត្យជាកស្តែងរថយន្តដែលគេបើកយកទៅប្លុងចោលនោះ ឃើញមានស្នាមកំពឹតខ្លាំងនៅចំផ្លាកលេខផ្នែកខាងមុខដែលមើលទៅទំនងដូចជាបានបុកនឹងអ្វីមួយ។ រីឯនៅខាងខាងក្នុងរថយន្តវិញគេមើលពីខាងក្រៅទៅគឺពុំឃើញមានបានបន្សល់ទុកសម្ភារអ្វីសំខាន់នោះទេ។

កម្លាំងសមត្ថកិច្ចនគរបាលពេលចុះធ្វើកំណត់ហេតុជាក់ស្តែងនៅកន្លែងកើតហេតុ(រូបថតៈបូរក្ស)

បុគ្គលិកក្រុមហ៊ុនបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការសង្ស័យនិងប៉ះពាល់ដល់ការចេញចូលរបស់បុគ្គលិកក្រុមហ៊ុនខ្លាំងពេក ខាងក្រុមហ៊ុនក៏បានរាយការណ៍ពីរឿងនេះជូនទៅអាជ្ញាធរមានសមត្ថកិច្ចឲ្យចុះត្រួតពិនិត្យតាមនីតិវិធីច្បាប់។

បុគ្គលិកបានបន្ថែមថា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ដដែលនោះគេក៏បានឃើញកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅត្រួតពិនិត្យជាកស្តែងទៅលើរយន្តដែលមានការសង្ស័យដល់កន្លែង។ប៉ុន្តែនៅពេលឃើញមានកលម្លាំងសមត្ថកិច្ចចុះទៅច្រូងច្រាងក៏លេចមុខជនជាតិចិនម្នាក់នៅក្បែរនោះ បន្ទាប់មកមានខ្មែរម្នាក់បានទៅអះអាងថា កន្លងមកគេបានជួលរថយន្តមួយគ្រឿងឲ្យទៅជនជាតិចិនជិះ តែដល់រថយន្តដែលជួលនោះខូចអស់អាគុយគេក៏បានយករថយន្តម៉ាកតូយ៉ូតាព្រូស(Totota Prius)នោះមកប្តូរជំនួស តែបែរជាឃើញរថយន្តដែលត្រូវយកមកជំនួសនោះគេយកមកទុកចោលនៅមុខក្រុមហ៊ុនរបស់គេបង្កឲ្យមានការភ្ញាក់ផ្អើលនិងសង្ស័យបែបនេះទៅវិញ។

រថយន្តមានស្នាមកំពឹតនៅផ្នែកខាងមុខ(រូបថតៈបូរក្ស)

ប៉ុន្តែបើទោះជាមានការចេញមកអះអាងយ៉ាងថាណាក៏ដោយចុះ ក៏អាជ្ញាធរមានសមត្ថកិច្ចបានសម្រេចធ្វើកំណត់ហេតុនាំយករថយន្តនោះទៅស្នាក់ការរបស់សមត្ថកិច្ចដែលនៅក្បែរនោះដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារផ្សេងៗឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់ទាំងអស់គ្នា៕