ព័ត៌មានជាតិ

ជីវិតជាអ្នកជួសជុលប្រាសាទបុរាណពោរពេញទៅដោយមោទកភាពជាតិ

ដោយ៖រតនា

សៀមរាប៖ សំឡេងញញួរដំពន្លាកដាប់រំលីងផ្ទាំងថ្មតូចធំ បានលាន់ឮយ៉ាងស្រួយស្រែស ជះចេញពីបរិវេណនៃប្រាសាទអង្គរវត្ត ដែលជាកេរមរតកដ៏មានតម្លៃរបស់ដូនតាខ្មែរយើងបានបន្សល់ទុកនៅតាំងពីយូរលង់មក។

នៅខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរគេបានឃើញអ្នកខ្លះកំពុងអង្គុយនៅផ្ទាល់ដី រីឯអ្នកខ្លះទៀតបានឡើងឈរនៅលើរន្ទាដែកដែលគេបញ្ឈរខ្វាត់ខ្វែងខ្ពស់ពីដីដើម្បីដុសខាត់សម្អាត ដាប់ និង ឆ្វៀលរំលីងទៅលើផ្ទាំងថ្មតូចធំដែលខូច។ក្រៅពីនោះមានអ្នកខ្លះទៀតបានបញ្ជាគ្រឿងចក្រស្ទូចថ្មធំៗឡើងយកទៅប្តូរថ្មប្រាសាទដែលខូចឬបាត់បង់។ ពូកគេទាំងអស់នោះហើយដែលជាអ្នកជួសជុលប្រាសាទបុរាណខ្មែរ។

សម្បុរខ្មៅពាក់អាវពណ៌ខៀវនិងមួកការពារពណ៌ស លោក មិន ឡូ គឺជាអ្នកជួសជុលប្រាសាទបុរាណម្នាក់ ក្នុងចំណោមអ្នករួមការងារជាច្រើនទៀត ដែលកំពុងតែធ្វើការងារនៅខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ។ គាត់បាននិយាយប្រាប់អ្នកយកព័ត៌មានCambodia Flash Newsទាំងទឹកមុខញញឹមរាក់ទាក់ថា៖« រូបខ្ញុំបានចូលបំរើការងារជាអ្នកជួសជុលប្រាសាទបុរាណតាំងតែពីឆ្នាំ២០០៧មក។ កាលពីមុនខ្ញុំគ្មានការងារអ្វីធ្វើទេ ក្រៅតែពីដើររកការងារជាកម្មករសំណង់នៅតាមកន្លែងផ្សេងៗ»។

ជីវិតជាអ្នកជួសជុលប្រាសាទបុរាណពោរពេញទៅដោយមោទកភាពជាតិ
លោកមិន ឡូ ទទួលបន្ទុកជាអ្នកដាប់ថ្មភក់ផ្ទាំងធំៗ ឱ្យត្រូវខ្នាតរង្វាស់ ព្រមទាំងដាប់រំលីងថ្ម

ប៉ុន្តែពេលមួយនោះលោកមានអារម្មណ៍នៅក្នុងចិត្តថា ចង់ធ្វើការងារជាអ្នកជួសជុលប្រាសាទបុរាណខ្លាំងណាស់។ទំនងជាផ្តើមចេញពីនោះហើយនៅយប់មួយគាត់បានដេកយល់សប្តិថា មានអ្នកមកប្រាប់ឱ្យរូបគាត់ទៅសុំការងារធ្វើជាអ្នកជួសជុលប្រាសាទតាព្រហ្ម ។លុះព្រឹកឡើងគាត់ក៏បានធ្វើដំណើរទៅដល់ការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ហើយក៏បានសុំគេធ្វើការងារទីនោះ ហើយធ្វើជាអ្នកជួសជុលប្រាសាទតាព្រហ្មរហូតមកដល់បច្ចុប្បន្ននេះ។

ជារៀងរាល់ថ្ងៃ លោក មិន ឡូ ទទួលបន្ទុកជាអ្នកដាប់ថ្មភក់ផ្ទាំងធំៗ ឱ្យត្រូវខ្នាតរង្វាស់ ព្រមទាំងដាប់រំលីងថ្មទាំងនោះ ដើម្បីយកទៅដាក់នៅតាមកន្លែងដែលខូចខាតវិញ។ លោក សប្បាយចិត្តនឹងការងាររបស់គាត់ ដោយគាត់បង្ហាញមោទកភាពថាជាង១០ឆ្នាំមកហើយ ដែលបានចំណាយពេលសម្រាប់ការថែរក្សាអង្គរ ហើយមួយជីវិតរបស់លោកប្រសិនបើការងារជួសជុលប្រាសាទបុរាណនៅតែមាន គឺលោកនៅតែធ្វើការនេះរហូតដល់អស់ជីវិត។

ចំណែកឯលោក ភន ផាត ជាមេក្រុមផ្នែកជួសជុលរូបចម្លាក់និងក្បាច់នៅតាមជញ្ជាំងប្រាសាទបុរាណ ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា លោកបានចូលបំរើការងារជាអ្នកជួសជុលប្រាសាទបុរាណតាំងតែពីឆ្នាំ១៩៩៧មកម៉្លេះ។ លោក បានចូលរួមការងារជួសជុលប្រាសាទបុរាណ នៅក្នុងខេត្តសៀមរាប ជាច្រើនកន្លែង ដូចជាជួសជុលនៅកន្លែងស្ដេចគំលង់ លានជល់ដំរី របស់ក្រុងអង្គរធំ ជួសជុលរូបចម្លាក់សេះក្បាល៥ ជួសជុលប្រាសាទចៅសាយទេវតា។

ជីវិតជាអ្នកជួសជុលប្រាសាទបុរាណពោរពេញទៅដោយមោទកភាពជាតិ
លោក ភន ផាត ជាមេក្រុមផ្នែកជួសជុលរូបចម្លាក់និងក្បាច់នៅតាមជញ្ជាំងប្រាសាទបុរាណ

លោកបានប្រើពេលចំនួន២៦ឆ្នាំមកហើយសម្រាប់ការជួសជុលប្រាសាទបុរាណ ក៏ប៉ុន្តរហូតមកដល់បច្ចុប្បន្ននេះ រូបលោកហាក់ដូចជាមិននឿយណាយនឹងការងារនេះទេ។ចំពោះកម្រៃដែលបានពីការងារជួសជុលប្រាសាទបុរាណ គឺមានភាពប្រហាក់ប្រហែលគ្នានឹងមនុស្សដែលធ្វើការងារផ្សេងៗដើម្បីរកកម្រៃចិញ្ចឹមជីវិតដែរ។ ក៏ប៉ុន្តែចំពោះស្ថានភាពការងារវិញ គឺមានការលំបាកយ៉ាងខ្លាំង លើសពីការងារដែលមនុស្សជាច្រើន កំពុងធ្វើដើម្បីចិញ្ចឹមជីវិត ។

បើទោះបីជាយ៉ាងណាក្តី ក្រុមអ្នកជួសជុលប្រាសាទបុរាណ ជាច្រើនបានបង្ហាញឆន្ទៈថាពួកគេនឹងមិនបោះបង់ចោលការងារជួសជុលប្រាសាទបុរាណទេ ពីព្រោះការងារនេះក្រៅតែពីធ្វើឱ្យគេបានកម្រៃយកទៅចិញ្ចឹមជីវិតនិងគ្រួសារ គឺពួកគេក៏មានមោទកភាពមួយទៀត ដែលមនុស្សជាច្រើនពុំមាន គឺការបានចូលរួមចំណែកជួយថែរក្សា ការពារស្នាដៃនិងកេរដំណែលរបស់ដូនតាខ្មែរ ដ៏មានតម្លៃបំផុត ឱ្យបាននៅគង់វង្សយូរអង្វែងតទៅមុខទៀត សម្រាប់ទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងឱ្យជនបរទេសដែលបានមកទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ បានកោតស្ញប់ស្ញែងលើមរតកដ៏មានតម្លៃមហាសាលនេះផងដែរ៕