សន្ដិសុខសង្គម

ចាប់បានជនសង្ស័យលួចរថយន្តមួយគ្រឿងនៅផ្ទះជិតគ្នាក្នុងស្រុកពញាក្រែក

ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖កម្លាំងនគរបាលខេត្តត្បូងឃ្មុំបានចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានលួចរថយន្តមួយគ្រឿង នៅភូមិក្រែកត្បូង ឃ្មុំក្រែក ស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់តុលាការ។

មន្រ្តីនគរបាលខេត្តត្បូងឃ្មុំបានឱ្យដឹងនៅថ្ងៃទី ៩ មិថុនា ជនសង្ស័យជាចោរលួចរថយន្តដែលចាប់ខ្លួនបាននៅក្រោយធ្វើសកម្មភាពនៅប៉ុន្មានម៉ោងនោះឈ្មោះ ភេម វុធ អាយុ ៣៣ ឆ្នាំរស់នៅភូមិមនោប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែកបានលួចរថយន្តម៉ាកលីប្រូ ពណ៌ស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខត្បូងឃ្មុំ 2A-0812 ជាកម្មសិទ្ធិរបស់ឈ្មោះ កែវ វីរៈបុត្រ ភេទប្រុស អាយុ ៣២ ឆ្នាំ នៅខាងក្រោយផ្ទះជនរងគ្រោះភូមិកើតហេតុខាងលើ កាលពីថ្ងៃទី ៧ មិថុនា។

ក្រោយពីបុរសជាម្ចាស់រថយន្តដាក់ពាក្យបណ្តឹងបានប៉ុន្មានម៉ោង សមត្ថកិច្ចបានឈានទៅកំណត់មុខសញ្ញាជនសង្ស័យបានភ្លាម និងដោយមានការឯកភាពពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រតិបត្តិការសហការបង្រ្កាបចាប់បានជនសង្ស័យឈ្មោះ ភេម វុធ នៅលើផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ រួមជាមួយវត្ថុតាងរថយន្តខាងលើ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕