សន្ដិសុខសង្គម

រថយន្តបុកគ្នាទៀតហើយនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ដោយ៖រតនា

ព្រះសីហនុ៖ រថយន្តទំនើបពីរ គ្រឿងបានបុកគ្នានៅលើកំណាត់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបណ្តាលឲ្យមនុស្ស២នាក់រងរបួសស្រាល រីឯរថយន្តរងការខូចខាតកាលពីព្រឹកថ្ងៃទី៨ មិថុនា ឆ្នាំ២០២៣។

យោងតាមប្រភពពីលោកអធិការនគរបាលស្រុកកំពង់សិលាបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីនៅត្រង់ម្តុំភូមិ ក្រាំងអាត់ ឃុំ កំពង់សិលា ស្រុក កំពង់សិលា ខេត្តព្រះសីហនុ។

លោកអធិការបានឲ្យដឹងថា រថយន្តទី១ ម៉ាកTOYOTA HILUX REVO ពណ៌ ស ពាក់ផ្លាកលេខ  ភ្នំពេញ 2BU-2426 អ្នកបើកបរឈ្មោះ ផូ ច័ន្ទដារា រួមដំណើរជាមួយក្មេងប្រុសម្នាក់។ចំណែករថយន្តទី២ម៉ាក: HYUNDAI ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-9743 អ្នកបើកបរឈ្មោះ ហៀង ហុងឈៀន ភេទប្រុស អ្នករួមដំណើរម្នាក់ភេទស្រី។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុគឺល្មើសល្បឿន ដោយសាររថយន្តទី១បើកលឿនបុកពីក្រោយរថយន្តទី២ហើយវាក៏រេចង្កូតធ្លាក់ផ្លូវទាំងអស់គ្នា។ចំពោះរថយន្តទី១មានមនុស្សរបួសស្រាល២នាក់ ចំណេករថយន្តទី២គឺមិនមានអ្នករងរបួសទេ។រថយន្តទាំងពីរគ្រឿងគឺធ្វើដំណើរស្របទិសគ្នាពីកំពង់សោម-ភ្នំពេញ។

ក្រោយពីកើតហេតុការណ៏គ្រោះថ្នាក់នេះបានកើតឡើងរថយន្ដទាំង២គ្រឿងត្រូវបានគេស្ទូចយកទៅដោះស្រាយគ្នានៅស្នាក់ការសមត្ថកិច្ចកំពង់សិលា៕