អន្តរជាតិ

ប្រទេសមួយចំនួនបានបង្វឹកទាហានអ៊ុយក្រែនសរុប៥៤០០០នាក់

ដោយ៖តុលា

របាយការណ៍បានបង្ហាញថា សម្ព័ន្ធមិត្តបរទេសរបស់អ៊ុយក្រែនបានបង្វឹកទាហានអ៊ុយក្រែនសរុបបានប្រមាណ ៥៤០០០នាក់ ក្រៅតែពីការផ្តល់នូវគ្រឿងអាវុធទំនើបៗ តែនៅតែមានឧបសគ្គក្នុងការដំណើរការ។

នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក Lloyd Austin បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងដំណើរកម្សាន្តទៅកាន់អាស៊ីនាពេលថ្មីៗនេះ។ លោកថា “អ្វីដែលយើងបានធ្វើគឺមិនត្រឹមតែផ្តល់នូវវេទិកាកម្រិតខ្ពស់ដូចជាយានប្រយុទ្ធ Bradley – យានប្រយុទ្ធថ្មើរជើង – និង Strykers និងរបស់ផ្សេងទៀតនោះទេ តែយើងបានបណ្តុះបណ្តាល​ពួកគេលើរឿងមួយចំនួនទាក់ទងនឹងសមយុទ្ធ”។ សម្ព័ន្ធមិត្តទាំងអស់ បានជួយគ្នាមួយដៃមួយជើងបណ្តុះបណ្តាលទាហានអ៊ុយក្រែនសរុបប្រហែល ៥៤០០០ នាក់ រួមទាំងជាង ៦០០០ នាក់ដែលសម្រាប់បង្កើតកងវរសេនាតូចចំនួន ១២ ត្រូវបានណែនាំដោយសហរដ្ឋអាម៉េរិកផ្ទាល់ផងដែរក្នុងប្រតិបត្តិការអាវុធរួមបញ្ចូលគ្នា។

ទោះជាយ៉ាងណា ប្រតិបត្តិការរំដោះនៅតែមានឧបសគ្គ។ យោងតាមលោក Mark Cancian ទីប្រឹក្សាជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានរៀបរាប់ថា “ការវាយប្រហារផ្នែកការពារអ៊ុយក្រែនដែលរៀបចំបានល្អគឺពិបាកណាស់។ វាទាមទារកម្រិតខ្ពស់នៃជំនាញដើម្បីឱ្យអាវុធផ្សេងៗគ្នាធ្វើការជាមួយគ្នា”។ ឧទាហរណ៍ដូចជាការទម្លាក់គ្រាប់បែកដោយកាំភ្លើងធំ ត្រូវការរយៈពេលច្រើនម៉ោងរហូតដល់១ថ្ងៃ ហើយត្រូវការបាញ់បង្រ្កាបអមជាមួយគ្នាដើម្បីកុំឲ្យទ័ពរុស្ស៊ីតដៃបាន។ មួយទៀត វិស្វករត្រូវដើរតួយ៉ាងសំខាន់ក្នុងបោសសម្អាតមីន និងឆ្លងកាត់របាំង ដើម្បីអាចឲ្យកងកម្លាំងផ្សេងទៀតឈានទៅមុខបាន។ អ្នកថ្មើរជើង នឹងត្រូវស្វែងរកចំណុចខ្សោយខ្មាំង ខណៈពេលដែលធ្វើការជាមួយកងកម្លាំងពាសដែក។

លោក Austin បានគូសបញ្ជាក់ពីលើថា ការការពាររបស់រុស្ស៊ីគឺមានទំហំវែង លាតសន្ធឹងរាប់រយ (គីឡូម៉ែត្រ) ដែលជាហេតុធ្វើឲ្យកងកម្លាំងអ៊ុយក្រែនរាងពិបាកក្នុងការឈរជើងប្រយុទ្ធ៕

ប្រភព៖ AFP