អន្តរជាតិ

តៃវ៉ាន់ថាយន្តហោះចម្បាំងចិន៣៧គ្រឿងបង្កហេតុចូលដែនអាកាសខ្លួន

ដោយ៖តុលា

​ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍បន្ទាន់នៅព្រលឹមថ្ងៃព្រហស្បតិ៍ទី ៨ ខែមិថុនានេះថា មានយន្តហោះចម្បាំងចិនចំនួន ៣៧គ្រឿងបានហោះចូលតំបន់កំណត់ដែនអាកាសរបស់ខ្លួន។

ក្រសួងការពារជាតិរបស់តៃវ៉ាន់បានរាយការណ៍ថា ចាប់ពីម៉ោង ៥ ព្រឹក ម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៣៧ គ្រឿង រួមទាំងយន្តហោះចម្បាំង J-11 និង J-16 ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរហោះចូលជ្រុងភាគនិរតីនៃកោះ ចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ឬ ADIZ ។

ADIZ គឺជាតំបន់ទូលំទូលាយ ដែលតៃវ៉ាន់ត្រួតពិនិត្យ និងល្បាត ដើម្បីផ្តល់ពេលវេលាបន្ថែមដល់កងកម្លាំងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង។ ក្រសួងបានបន្តថា “យន្តហោះចិនទាំងនោះបានហោះទៅកាន់ភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ ហើយបានឆ្លងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើម្បីអនុវត្ត “ការឃ្លាំមើលអាកាស និងការហ្វឹកហ្វឺនការរុករកចម្ងាយឆ្ងាយ”។

ជាការអន្តរាគមន៍ឆ្លើយតប តៃវ៉ាន់បានបញ្ជូនយន្តហោះ និងកប៉ាល់របស់ខ្លួនដើម្បីរក្សាការឃ្លាំមើល និងបើកសោប្រព័ន្ធមីស៊ីលនៅលើដីសកម្ម។ ជុំវិញព័ត៌មានដ៏តានតឹងថ្មីមួយនេះ ក្រសួងការពារជាតិចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

ប្រភព៖ REUTERS