សេដ្ឋកិច្ច

ដំណាំទុរេននៅភ្នំវល្លិ៍ផ្តល់ផ្លែធំៗនិងមានរសជាតិឆ្ងាញ់ហើយមានទីផ្សារល្អ

ដោយ៖កំចាយ

កែប៖ ដំណាំទុរេនដែលដាំដុះនៅអតីតតំបន់ភ្នំវល្លិ៍ក្នុងខេត្តកែបគឺមានរសជាតិឈ្ងុយឆ្ងាញ់ផ្អែមស្អិតល្មួតល្អធ្វើឲ្យអ្នកទទួលទាននិយមចូលចិត្តច្រើនហើយកំពុងតែមានទីផ្សារទូលំទូលាយមិនពិបាកលក់នោះទេ។

ទុរេននៅភ្នំវល្លិ៍ផ្តល់ផ្លែធំៗនិងមានរសជាតិឆ្ងាញ់ហើយមានទីផ្សារល្អ
ទុរេននៅភ្នំវល្លិ៍ពិតប្រាកដគឺផ្លែធំៗជាងកន្លែងផ្សេងហើយផ្អែមឆ្ងាញ់ណាស់(រូបថតៈកំចាយ)

គួរបញ្ជាក់ដែរថា អតីតតំបន់ភ្នំវល្លិ៍អាចចាត់ទុកបានថាជាចម្ការមីននាសម័យសង្គ្រាម បច្ចុប្បន្នវាបានក្លាយជាដែនដីចម្ការដំណាំយុទ្ធសាស្ត្រដ៏ល្បីល្បាញរបស់ខេត្តកែប។ ភូមិសាស្ត្រនេះពោរពេញដោយដំណាំម្រេច ទុរេន សាវម៉ាវ មៀន ល្មើស ផ្ញៀវ ចេក និងស្វាយជាដើម។ កសិករម្ចាស់ចម្ការបានអះអាងថាក្រៅពីម្រេច ទុរេនជាដំណាំដែលកំពុងជាប់ឈ្មោះបោះសំឡេងជាមួយការផ្តល់ផ្លែធំៗ រសជាតិឆ្ងាញ់ពិសា និងទទួលបានទីផ្សារទូលំទូលាយព្រោះមានអ្នកនិយមចូលចិត្តកាន់តែច្រើនឡើងៗ។

ដំណាំទុរេននៅភ្នំវល្លិ៍ផ្តល់ផ្លែធំៗនិងមានរសជាតិឆ្ងាញ់ហើយមានទីផ្សារល្អ
លោក ឡោ វេងសេង ម្ចាស់កសិដ្ឋានដំណាំហូបផ្លែចម្រុះនៅទឹកដីភ្នំវល្លិ៍(រូបថតៈកំចាយ)

លោក ឡោ វេងសេង ម្ចាស់កសិដ្ឋានដំណាំហូបផ្លែចម្រុះនៅទឹកដីភ្នំវល្លិ៍ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបបានរៀបរាប់ថា តំបន់ភ្នំវល្លិ៍ អតីតសមរភូមិសង្គ្រាមកាលពីជាង៣០ឆ្នាំមុន បច្ចុប្បន្នបានក្លាយជាចម្ការដំណាំយុទ្ធសាស្ត្រដ៏ល្បីល្បាញជាច្រើនប្រភេទរបស់ខេត្តកែប។ ដោយឡែកដំណាំទុរេនគឺទើបតែប្រមូលផលបានច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ។

ម្ចាស់កសិដ្ឋានដដែលបានបន្តថា ៣ឆ្នាំនេះ ទុរេនភ្នំវល្លិ៍ចាប់ផ្តើមមានឈ្មោះល្បីល្បាញទាំងក្នុង និងក្រៅប្រទេសដោយផ្តល់ផ្លៃធំៗល្អ ជាមួយរសជាតិឈ្ងុយឆ្ងាញ់ ហើយមានទីផ្សារទូលំទូលាយ ពោលគឺសព្វថ្ងៃបានបញ្ចេញទៅលក់ស្ទើរគ្រប់ខេត្ត។ អ្នកដែលបានពិសាទុរេនភ្នំវល្លិ៍រួចពិតជាមិនអាចយករសជាតិទុរេនតំបន់ផ្សេងៗមកប្រៀបធៀបជាមួយបានឡើយ។

លោក ឡោ វេងសេង បានបញ្ជាក់អំពីគម្រោងទៅថ្ងៃអនាគតថា ពេលដំណាំផ្សេងៗមានផ្លែច្រើន លោកនឹងអភិវឌ្ឍន៍កសិដ្ឋាននេះជាកន្លែងកសិ-ទេសចរណ៍ដើម្បីឲ្យភ្ញៀវអាចដើរទស្សនា និងទិញផ្លែឈើពិសានៅនឹងដើមតែម្តង។ សេវាកម្មនឹងអាចធ្វើជាលក្ខណៈប៊ូហ្វេផ្លែឈើដោយពិសាគ្រប់មុខតម្លៃ២ដុល្លារ ឬ៣ដុល្លារសម្រាប់មនុស្សម្នាក់ពិសាឆ្អែត៕

ដំណាំទុរេននៅភ្នំវល្លិ៍ផ្តល់ផ្លែធំៗនិងមានរសជាតិឆ្ងាញ់ហើយមានទីផ្សារល្អ
ផ្លែទុរេនធំៗមើលទៅចង់ស្រក់ទឹកមាត់(រូបថតៈកំចាយ)

ដំណាំទុរេននៅភ្នំវល្លិ៍ផ្តល់ផ្លែធំៗនិងមានរសជាតិឆ្ងាញ់ហើយមានទីផ្សារល្អ
ផ្លែបំពេញរាជ្យដែលដាំនៅភ្នំវល្លិ៍ក៏ធំល្អហើយមានរសជាតិឆ្ងាញ់ដែរ(រូបថតៈកំចាយ)