សន្ដិសុខសង្គម

ម្ចាស់រថយន្តបែនទុកចោលអ្នកជិះម៉ូតូបុកពីក្រោយស្លាប់២នាក់ របួសម្នាក់កំពុងគេចខ្លួន

ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖ ម៉ូតូមួយគ្រឿងជិះគ្នា បី នាក់បើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកពីខាងក្រោយរថយន្តបែនមួយ គ្រឿងដែលចតទុកចោលនៅលើចិញ្ចើមផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១២៥-១២៦ ស្ថិតក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បណ្តាលឱ្យយុវជនពីរនាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កាលពីម៉ោងប្រហែល ១០យប់ថ្ងៃទី ៦ មិថុនាម្សិលមិញ។

មន្រ្តីនគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងថា៖ យុវជន ជាជនរងគ្រោះដែលបានបើកម៉ូតូបុកគូទស្លាប់ភ្លាប់ភ្លាមៗ នៅនឹងកន្លែងមានឈ្មោះហេង តុងហៃ អាយុ ២១ ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1I-7876 និងម្នាក់ទៀតជិះពីក្រោយស្លាប់ដែរឈ្មោះ ឡ ហុងលី អាយុ ២០ ឆ្នាំ។ ចំណែកអ្នកជិះពីក្រោយដែលរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះឯមន្ទីរពេទ្យឈ្មោះ ម៉ាន អាយុ ២០ ឆ្នាំ ដោយជនរងគ្រោះទាំង បី មានទីលំនៅភូមិរកាឃ្នួចត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំដែរ។

ប្រភពព័ត៌មាននោះបានបន្តថា៖ រីឯ អ្នកបើកបររថយន្តម៉ាកហ៊ីយុនដាយ ប្រភេទរថយន្តប៉ែនពណ៌សពាក់ស្លាកលេខភ្នំពេញ 3D-2933 ដែលខូចចតទុកចិញ្ចើមផ្លូវ បានគេចខ្លួន។

ប្រភពដដែលបានបន្ថែមថា៖ រថយន្តបែនដែលខូចចតទុកចោលនោះ គ្មានដាក់ភ្លើងសញ្ញា បណ្តាលឱ្យម៉ូតូមួយគ្រឿងដែលជិះគ្នាបីនាក់ ពីទិសខាងកើតទៅខាងលិច ប្រើប្រាស់ល្បឿន ទៅបុកគូទរថយន្ត។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើផ្តើមពីធ្វេសប្រហែស៕