អន្តរជាតិ

មេដឹកនាំបក្សប្រឆាំងថៃមានទំនុកចិត្តខ្លាំងក្នុងការផ្តួលនាយករដ្ឋមន្រ្តីចាំផ្ទះថៃ

ដោយ៖តុលា

មេបក្សប្រឆាំងថៃ លោក Pita Limjaroenrat បានបង្ហាញពីទំនុកចិត្តខ្លាំងក្នុងការទទួលបានតំណែងជានាយករដ្ឋមន្រ្តីផ្តួលគូប្រជែងបក្សយោធា ទោះបីជាមានបញ្ហាប្តឹងផ្តល់រឿងភាគហ៊ុនក៏ដោយ។

មេដឹកនាំគណបក្សប្រឆាំងថៃ លោក Pita Limjaroenrat
មេដឹកនាំគណបក្សប្រឆាំងថៃ លោក Pita Limjaroenrat

កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា សប្តាហ៍នេះ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា អនាគតនាយករដ្ឋមន្ត្រីរបស់ថៃ លោក Pita Limjaroenrat បានសម្តែងការខកចិត្តមួយក្នុងការដកសិទ្ធិរបស់គាត់ ជុំវិញបញ្ហាកម្មសិទ្ធិភាគហ៊ុនដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ។ គូប្រជែងបក្សកាន់តំណាចលោកប្រាយុទ្ធ និងបក្សមួយចំនួនផ្សេងទៀតបានដាក់ញត្តិទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតចោទប្រកាន់ថា Pita បានកាន់កាប់ភាគហ៊ុនចំនួន ៤២០០០ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំ ITV Public Company ខណៈដែលក្នុងអំឡុងយុទ្ធនាការបោះឆ្នោត បេក្ខជនឈរឈ្មោះត្រូវបានហាមឃាត់ជាដាច់ខាតមិនឱ្យកាន់កាប់ភាគហ៊ុនណាមួយឡើយ។

មេដឹកនាំគណបក្សប្រឆាំងថៃ លោក Pita Limjaroenrat

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតថៃ​កាលពី​ចុង​សប្តាហ៍​បាន​និយាយ​ថា​ ពាក្យ​បណ្តឹង​កំពុង​ត្រូវ​បាន​ពិនិត្យ​ ហើយ​ភស្តុតាង​បន្ថែម​កំពុង​ត្រូវ​បាន​ប្រមូល​។ លទ្ធផលនឹងបានដឹងថាតើវានឹងត្រូវបដិសេធ ឬក៏បញ្ជូនបក្សលោក Pita ទៅតុលាការធម្មនុញ្ញ។

មេដឹកនាំគណបក្សប្រឆាំងថៃ លោក Pita Limjaroenrat

ចំពោះ Pita ដូចបានប្រកាន់ជំហរយ៉ាងរឹងមាំ និងបានជម្រាបទៅកាន់អ្នកសារព័ត៌មានថ្ងៃអង្គារថា គាត់មិនបានបំពានច្បាប់ដូចការចោទប្រកាន់ឡើយ ហើយគូប្រជែងទៅវិញទេ ដែលកំពុងព្យាយាមចង់ឲ្យលោកចាញ់ និងចេញពីឆាកនយោបាយ។ “មានការប៉ុនប៉ងដើម្បីចង់យកខ្ញុំចេញពីនយោបាយ” តែយ៉ាងណា “ខ្ញុំបានផ្ទេរភាគហ៊ុនទាំងនោះទៅឱ្យសាច់ញាតិខ្ញុំកាលពីខែមុនអស់ហើយ”។

មេបក្សវ័យ៤២ឆ្នាំរូបនេះ ហាក់មានក្តីសង្ឃឹមយ៉ាតមុតមាំក្នុងការដណ្តើមតំណែងជានាយរដ្ឋមន្រ្តី ខណៈសំឡេងគាំទ្រមានកាន់តែច្រើនឡើងៗ ពិសេសចលនាក្មេងៗរបស់ថៃ ធ្វើឲ្យបក្សកាន់អំណាចប្រាយុទ្ធអន្ទះអន្ទែងជាខ្លាំង៕

ប្រភព៖ REUTERS