សេដ្ឋកិច្ច

ក្រុមហ៊ុនចិននឹងនាំម្នាស់ទឹកឃ្មុំនិងផលិតផលធ្វើពីម្នាស់នៅស្ទឹងត្រែងទៅទីផ្សារប្រទេសចិន

ដោយ៖សុខុម

ស្ទឹងត្រែង៖ ក្រុមហ៊ុនរបស់ប្រទេសចិនមួយបានមកចុះMOUនឹងនាំផ្លែម្នាស់ទឹកឃ្មុំ,ស្រាម្នាស់ទឹកឃ្មុំនិងភេសជ្ជៈដែលផលិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទៅកាន់ទីផ្សារប្រទេសចិនដោយសារតែម្នាស់នោះគឺមានរស់ជាតិពិសេស។

លោក សាយ ពន្លឺចិត្តៈ ករុណា អ្នកដាំម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងបានឱ្យដឹងថា ថ្មីៗកន្លងនេះមានក្រុមហ៊ុនចិនឈ្មោះ Hainan Chaoqishiting Agricultural Techology Development Co. Lrd. បានមកចុះអនុស្សរណៈ(MOU)ជាមួយនឹងសិប្បកម្មទឹកម្នាស់ទឹកឃ្មុំករុណា នៅក្រុងស្ទឹងត្រែង ដើម្បីនាំចេញផ្លែម្នាស់ទឹកឃ្មុំ,ស្រាធ្វើពីផ្លែម្នាស់និងទឹកម្នាស់ទឹកឃ្មុំទៅកាន់ទីផ្សារប្រទេសចិន។

លោក សាយ ពន្លឺចិត្តៈករុណា បាននិយាយបន្ថែមទៀតថា តំណាងក្រុមហ៊ុនចិនបានសន្យាថា ក្រៅពីនាំទៅដោយខ្លួនឯង គេនឹងជួយធ្វើបទបង្ហាញទៅដល់ក្រុមហ៊ុននៅប្រទេសចិនផ្សេងៗទៀត ឱ្យគេបានស្គាល់ចាប់អារម្មណ៍ពីគុណតម្លៃនៃផ្លែម្នាស់ទឹកឃ្មុំខ្មែរ ដើម្បីពូកគេអាចនឹងនាំទៅប្រទេសចិនដែរដោយអនុវត្តទៅតាមនីតិវិធីនៃការនាំចេញរបស់កម្ពុជានិងចិន។

ម្ចាស់ចម្ការម្នាស់បាននិយាយបន្តទៀតថា នៅក្រោយការចុះ(MOU) នៃការយោគយល់គ្នានោះរួចមកលោកបានត្រៀមនឹងដាំម្នាស់ឱ្យបានដល់ទៅរាប់ម៉ឺនដើមបន្ថែមទៀត។

បច្ចុប្បន្ន ផ្ទៃដីចម្ការម្នាស់របស់លោកគឺ មានទំហំ១៥ហិកតាប៉ុណ្ណោះ ហើយដំាបន្ថែមឱ្យបាន៤០ម៉ឺនដើម។ នៅឆ្នាំ២០២៣នេះ ម្នាស់លោក បានផលជាង១០ម៉ឺនផ្លែហើយពីព្រោះទើបតែដំា។នៅឆ្នាំក្រោយវាអាចនឹងកើនបានផលដល់ទៅ៤០ម៉ឺនផ្លែក្រោយពីដាំកូនបន្ថែម។

លោក បានបានបន្ថែមទៀតថា គ្រោងនឹងដាំកូនបន្ថែម ឱ្យបាន ១លាន២សែនដើមដើម្បីប្រមូលផលនៅចុងឆ្នាំ២០២៣និង២០២៤។ ចំពោះកូនម្នាស់ នៅពេលដាំមើលថែរហូតបានផល ត្រូវចំណាយពេលយ៉ាងតិច១ឆ្នាំ២ខែ ទើបចាប់ផ្តើមប្រមូលផលបាន។

កន្លងមកនេះ ក្រៅពីលក់ផ្លៃម្នាក់នៅក្នុងប្រទេសម្ចាស់ចម្ការ ក៏បានកែច្នៃទឹកម្នាស់ឱ្យទៅជាស្រានិងផលិតផលពីផ្លែម្នាស់ផងដែរហើយមានរសជាតិឆ្ងាញ់សម្រាប់អ្នកចូលចិត្ត។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបាននិយាយឱ្យដឹង នៅព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៣ថា នេះជាជំហ៊ានវិជ្ជមានថ្មីមួយទៀតដែលម្នាស់ទឺកឃ្មុំខេត្តស្ទឹងត្រែង មានឱកាសបានទៅបង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិ បន្ទាប់ពីមានវត្តមានជាច្រើនឆ្នាំនៅទីផ្សារក្នុងប្រទេស។ យើងសង្ឃឹមយ៉ាងមុតមាំថា ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងនឹងទទួលបាននូវការចាប់អារម្មណ៍ និងពេញចិត្តនូវរសជាតិពិសេសរបស់វាពីសំណាក់ពលរដ្ឋចិន។

ទន្ទឹមជាមួយគ្នានេះផងដែរ មន្ទីរនឹងខិតខំបន្ថែមទៀតដើម្បីជួយជំរុញឲ្យប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងចូលរួមបង្កើនការដាំដុះ ជាពិសេសមន្រ្តីជំនាញត្រៀមខ្លួននឹងសម្របសម្រួលបង្កលក្ខណៈងាយស្រួលដើម្បីធ្វើយ៉ាងណាជួយឲ្យម្នាស់ទឹកឃ្មុំនេះបានក្លាយជាកសិផលសំគាល់ភូមិសាស្ត្រ៕