អន្តរជាតិ

អ្នកទោសស្រីអាម៉េរិកម្នាក់ទទួលបានសំណងជំងឺចិត្តជាង៤សែនដុល្លារ

អ្នកទោសកែភេទនៅរដ្ឋ Minnesota ត្រូវបានផ្លាស់ទៅពន្ធនាគារផ្នែកស្ត្រី ដើម្បីទទួលបានការវះកាត់ប្រដាប់បន្តពូជពីបុរសមកស្រ្តីវិញ នឹងទទួលបានទឹកប្រាក់ចំនួន ៤៩៥,០០០ ដុល្លារអាម៉េរិក ជាការសងជំងឺចិត្ត ឆ្លើយតបទៅនឹងបណ្តឹងនៃការរើសអើងភេទ ដែលនាយកដ្ឋានពន្ធនាគារបានធ្វើការដោះស្រាយទៅតាមច្បាប់របស់រដ្ឋ។

នាង Christina Lusk អាយុ ៥៧ ឆ្នាំ នឹងត្រូវបានផ្ទេរទៅកាន់មណ្ឌលកែប្រែស្ត្រី នៅ Shakopee ក្នុងសប្តាហ៍ក្រោយ នេះជាលើកដំបូងហើយដែលអ្នកទោសនៅរដ្ឋ Minnesota ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារផ្សេងគ្នា ដោយសំអាងទៅលើការប្តូរភេទ។ វាគឺជានីតិវិធីមួយនៃដំណោះស្រាយ ដែលបានប្រកាសកាលពីសប្តាហ៍មុន។

Lusk ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០១៨ និងកំពុងស្ថិតនៅក្រោមការអនុវត្តទោសរហូតដល់ឆ្នាំ ២០២៤ ពីបទឧក្រិដ្ឋកម្មគ្រឿងញៀន។ បន្ទាប់ពីចាប់ផ្តើមប្តូរអរម៉ូនកែភេទនៅក្នុងឆ្នាំ ២០០៩  Lusk បានប្តូរឈ្មោះក្នុងឆ្នាំ ២០១៨ និងបានពិភាក្សាជាមួយវេជ្ជបណ្ឌិត អំពីជម្រើសនៃការវះកាត់មុនពេលដែលនាងត្រូវបានគេចាប់ខ្លួន។ Lusk បានដាក់ពាក្យបណ្តឹងទៅ DOC បន្ទាប់មកប្រធានផ្នែកវេជ្ជសាស្រ្តនៃនាយកដ្ឋាន James Amsterdam បានពិនិត្យករណីរបស់ Lusk ហើយបានច្រានចោលសំណើរបស់ Lusk ដោយនិយាយថា នាងមិនគួរត្រូវបានអនុញ្ញាត ឲ្យទទួលការវះកាត់ប្រដាប់បន្តពូជនៅពេលជាប់ឃុំឃាំងនោះទេ ប៉ុន្តែអាចបន្តការវះកាត់នៅក្រោយពេលដោះលែង។

បើតាមនាយកផ្នែកការពារយុត្តិធម៌សម្រាប់ Gender Justice លោក Jess Braverman បាននិយាយថា ការប្តឹងទាមទាររបស់នាង គឺដោយសារតែ អ្នកទោសប្រុសៗបានជេរប្រទេចនាង ហើយជេរមិត្តរួមបន្ទប់របស់នាង។ ពួកគេបាននិយាយខ្លាំងៗទៀតថា អ្នកដឹងទេនេះជាគុករបស់បុរស ខ្ញុំនឹងមិនចាត់ទុកអ្នកដូចជាស្ត្រីទេ ខ្ញុំនឹងមិនប្រើឈ្មោះត្រឹមត្រូវរបស់អ្នកទេ។ នេះជាសម្តីជេរប្រទេចរបស់អ្នកទោសប្រុសៗមកលើរូបនាង៕