សន្ដិសុខសង្គម

អាវុធហត្ថខេត្តព្រះសីហនុបំបែកសម្បុកក្រុមចោរលួចទ្រព្យសម្បត្តិមិនរើសមុខ

ដោយ៖រតនា

ព្រះសីហនុ៖ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុន ទី មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ហាញមុខជនសង្ស័យ១៥នាក់(ស្រី០២នាក់)និងចាប់យកវត្ថុតាងដែលជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសមានម៉ូតូចំនួន៧គ្រឿងនិងសម្ភារមួយចំនួនទៀត។

មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ចំពោះជនសង្ស័យពាក់ព័ន្ធពីបទលួចនិងវត្ថុតាង ជាក់ស្តែងទាំងនោះគឺត្រូវសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសដោយមានកិច្ចសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុចាប់ពីថ្ងៃទី៣០ខែឧសភា រហូតមកដល់ថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងដែលរឹបអូសបានទាំងអស់នោះកម្លាំងជំនាញកំពុងតែកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕