អន្តរជាតិ

មនុស្ស២នាក់បានស្លាប់និងជិត១០នាក់ទៀតរងរបួសនៅលើផ្ទៃសមុទ្រ

ដោយ៖ សហការី

សោកនាដកម្មទាំងកណ្តាលថ្ងៃ បណ្តាលឲ្យមនុស្ស ២នាក់បានស្លាប់ និងជិត១០នាក់ទៀតរងរបួស ក្នុងឧប្បត្តិហេតុដ៏រន្ធត់មួយនៅលើផ្ទៃសមុទ្រនៃប្រទេសអង់គ្លេស។

ហេតុការណ៍នេះបានកើតឡើងនៅឆ្នេរ Dorset ដែលបណ្តាលឲ្យក្មេងស្រីអាយុ ១២ ឆ្នាំ និងក្មេងប្រុសអាយុ ១៧ ឆ្នាំបានស្លាប់ ហើយក្នុងនោះមានមនុស្ស ១០នាក់ ត្រូវបានជួយសង្រ្គោះចេញពីសមុទ្រផងដែរ។ ក្រោយឧប្បត្តិហេតុដ៏រន្ធត់មួយនេះបានកើតឡើង បុរសម្នាក់ដែលមានអាយុប្រហែល ៤០ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ។

ប៉ូលិសនៅ Dorset បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៤និង៣០ នាទីល្ងាចថ្ងៃពុធ។ ឆ្មាំការពារឆ្នេរមានសកម្មភាពដ៏មមាញឹក ដោយប្រញាប់ប្រញាល់សម្រុកចូលទៅក្នុងទឹកតាមកំពង់ផែ Bournemouth ក្រោយពីមានមនុស្សមួយក្រុមបានជួបឧបសគ្គក្នុងសមុទ្រ។ ស្របពេលនោះដែរប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ មានវ័យប្រហែល ៤០ឆ្នាំ ដែលមានវត្តមាននៅក្នុងទឹកនាពេលនោះ។ ពួកគេបានសន្និដ្ឋានជាបឋមថា ករណីនេះគឺជាករណីអំពើមនុស្សឃាត។

លោក Conor Burns ដែលជាបុគ្គលដ៏សំខាន់នៅតំបន់នោះបាននិយាយថា៖ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ក្មេងទាំងពីរ ដែលបានបាត់បង់ជីវិតយ៉ាងសោកសៅនៅលើឆ្នេរ Dorset កាលពីពេលថ្មីៗនេះ។ លោកបន្តថា ប៉ូលិសកំពុងស៊ើបអង្កេតជុំវិញសោកនាដកម្មនេះយ៉ាងហ្មត់ចត់បំផុត និងមិនឲ្យជនបង្កណាមួយរួចខ្លួននោះទេ៕