អន្តរជាតិ

បែកធ្លាយរុស្ស៊ីកំពុងសាងសង់ជម្រកទប់គ្រាប់បែកថ្មីតម្លៃប្រហែល៥០ម៉ឺនដុល្លារ

ដោយ៖តុលា

បែកធ្លាយព័ត៌មានរសើប រដ្ឋបាលវិមានក្រឹមឡាំងកំពុងសាងសង់ជម្រកការពារគ្រាប់បែកថ្មី ដែលមានលក្ខណៈពិសេសមិនធម្មតា តម្លៃប្រហែល៥០ម៉ឺនដុល្លារអាម៉េរិក។

នេះបើយោងតាមគេហទំព័រលទ្ធកម្មសាធារណៈរុស្ស៊ី Meduza ដែលជាប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមានមូលដ្ឋាននៅឡាតវី។ ព័ត៌មានអំពីរឿងនេះបានលេចចេញនៅលើគេហទំព័រលទ្ធកម្មសាធារណៈរបស់រុស្ស៊ីនេះនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣  ជាមួយនឹងការប៉ាន់ស្មានការចំណាយដំបូងចំនួន ៣៥ លានរូប ស្មើនឹងប្រហែល ៥០០.០០០ ដុល្លារអាម៉េរិក។

ក្នុងនោះបាននិយាយថា រដ្ឋបាលលោកពូទីនកំពុងសាងសង់ “រចនាសម្ព័ន្ធលេណដ្ឋានការពារស៊ីវិល”ថ្មីរាប់សិបម៉ឺនដុល្លារ នៅអាសយដ្ឋានផ្លូវ ១៥ Marshala Timoshenko ជាកន្លែងដែលមន្ទីរពេទ្យគ្លីនិកកណ្តាលទីក្រុងមូស្គូស្ថិតនៅ ទុកសម្រាប់ព្យាបាលមន្ត្រីជាន់ខ្ពស់ និងអ្នកនយោបាយរុស្ស៊ី។ លទ្ធកម្មសំណង់គ្រោងនឹងបញ្ចប់នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣។ ឯកសារមិនបានបញ្ជាក់លម្អិតពីទំហំនៃជម្រកនោះទេ គ្រាន់តែដឹងថា “ជម្រកការពារជនស៊ីវិល”នេះ ដាក់ជាមួយមន្ទីរពេទ្យ Central Clinical Clinic រុស្ស៊ី ដែលរួមមានដូចជា បន្ទប់ប្រតិបត្តិការ បន្ទប់វះកាត់ និងបង់រំរបួសដ៏មានសុវត្ថិភាពបំផុត ខណៈគ្រាប់បែកមិនអាចជ្រៀតចូលបានទេ។

សេចក្តីព្រាងក៏ចែងផងដែរថា ទីជម្រកគ្រាប់បែកនេះត្រូវតែផ្តល់សម្រាប់ប្រតិបត្តិការនៃប្រព័ន្ធទំនាក់ទំនងពិសេស “សម្រាប់មន្ត្រីដែលស្ថិតនៅក្រោមការការពាររបស់រដ្ឋ”៕

ប្រភព៖ Ukrainska Pravda