សន្ដិសុខសង្គម

បុរសម្នាក់វាយបំបែកថ្មធ្លាក់ញញួរចូលប្រឡាយទឹកស្អុយ ចុះយកស្រាប់តែបាត់ខ្លួន

ដោយ៖វិចិត្រ

ភ្នំពេញ៖បុរសម្នាក់វាយបំបែកថ្មយកដែកទៅលក់ ហើយបានធ្លាក់ញញួរចូលក្នុងប្រឡាយទឹកស្អុយ ក៏ចុះមុជរាវរកស្រាប់តែលិចបាត់ទាំងមនុស្សតែម្តង។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីម៉ោង៨យប់ថ្ងៃទី១ ខែមិថុនា។

អ្នករួមការងារបានឱ្យដឹងថា បុរសបាត់ខ្លួនឈ្មោះ ចាន់ណា អាយុជាង៤០ឆ្នាំ នៅភូមិផ្សារតូច។មុនកើតហេតុ បុរសដែលបាត់ខ្លួនបានបបួលខ្លួនទៅវាយថ្មសំណង់ផ្ទះចាស់ៗដើម្បីយកដែកលក់។

ពេលនោះធ្វើឱ្យជ្រុះញញួរធ្លាក់ទៅក្នុងប្រឡាយបាត់។បុរសរងគ្រោះបានដោះសម្លៀកបំពាក់ចេញ ចុះក្នុងប្រឡាយទឹកស្អុយដើម្បីមុជរាវរកញញួរនោះ។ គាត់បានមុជចុះឡើងៗចំនួន០២ដងនៅតែរាវរកញញួរមិនឃើញ តែលើកទី៣មុជម្តងទៀតស្រាប់តែបាត់ខ្លួនរហូតមិនឃើញងើបឡើងមកវិញ។

បន្ទាប់មកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ រួមទាំងសមត្ថកិច្ចមូលដ្ឋាន បានប្រើប្រាស់គ្រឿងចក្រអិចស្កាវ៉ាទ័រ កាយរកឃើញសាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕